តុលាការ​ធម្មនុញ្ញ​ថៃ​ផ្អាក​តំណែង​របស់​លោក​នាយករដ្ឋមន្ត្រី Prayuth

រូប​ឯកសារ៖ ​នាយករដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-O-Cha ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​រាជធានី​បាងកក កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២។

នៅ​ថ្ងៃ​ពុធ​នេះ តុលាការ​ធម្មនុញ្ញ​ថៃ​បាន​ផ្អាក​តំណែង​របស់​លោក​នាយករដ្ឋមន្ត្រី Prayut Chan-O-Cha ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ពិចារណា​ថា​ តើ​អាណត្តិ​រយៈពេល ៨ ឆ្នាំ​របស់​លោក​បាន​បញ្ចប់​រួច​ហើយ​ឬ​ក៏​យ៉ាង​ណា​នោះ។

ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​គណបក្ស​ប្រឆាំង​នានា​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ដាក់​ញត្តិ​ទាមទារ​ថា លោក Prayuth ដែល​បាន​ឡើង​កាន់​អំណាច​តាំង​ពី​ឆ្នាំ ២០១៤ បន្ទាប់ពី​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​អ្នកស្រី Yingluck Sinawatra មក បាន​កាន់​អំណាច​គ្រប់ ៨ ឆ្នាំ​ដែល​ជា​រយៈពេល​កំណត់​នៃ​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី។

តុលាការ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «[តុលាការ] បោះ​ឆ្នោត​គាំទ្រ​ក្នុង​សំឡេង​ភាគ​ច្រើន ៤ ទល់​នឹង ៥ ឱ្យ​មាន​ការ​ផ្អាក​តួនាទី​របស់​លោក Prayuth ជា​នាយករដ្ឋមន្ត្រី។ ការ​សម្រេច​នេះ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ២០២២ រហូត​ទាល់តែ​ដល់​ពេល​ដែល​តុលាការ​ប្រកាស​សាល​ដីកា»។

តុលាការ​បាន​ទុក​ពេល​ឱ្យ​លោក Prayuth ចំនួន ១៥ ថ្ងៃ​ដើម្បី​ឆ្លើយតប​ចំពោះ​ញត្តិ​ប្ដឹង​ប្រឆាំង​នឹង​រូប​លោក​នេះ ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ នៅ​ពេល​ដែល​តុលាការ​កំពុង​ពិចារណា​លើ​ញត្តិ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក​ឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam បាន​និយាយ​ថា៖ «គណៈរដ្ឋមន្ត្រី​បច្ចុប្បន្ន​នឹង​បន្ត​កាតព្វកិច្ច​របស់​ខ្លួន​ដូច​ធម្មតា ដោយសារតែ​លោក​នាយ​ឧត្តមសេនីយ៍ Prayuth មិន​ទាន់​ត្រូវ​បាន​បញ្ឈប់​ពី​តំណែង​នៅ​ឡើយ​ទេ គឺ​គ្រាន់តែ​ផ្អាក​ពី​តួនាទី​របស់​លោក​តែ​ប៉ុណ្ណោះ»។

លោក Pita Limjaroenrat មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (Move Forward Party) ដែល​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​នានា​ដែល​គាំទ្រ​ញត្តិ​នោះ បាន​និយាយ​ថា ប្រទេស​ថៃ​ត្រូវការ​ការ​ដឹកនាំ​ថ្មី៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។