តុលាការ​ថៃ​កាត់ទោស​សកម្មជន​ដាក់​ពន្ធនាគារ​២៨​ឆ្នាំ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ

លោក Mongkhon Thirakot សកម្មជននយោបាយថៃ លើកដៃម្រាមបីតំណាងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ មុនពេលចូលខ្លួនទៅតុលាការ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣។ (Thai Lawyers for Human Rights via AP)

តុលាការ​មួយ​របស់​ប្រទេ​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​កាត់ទោសបុរស​ជន​ជាតិ​ថៃ​ម្នាក់ ​ឱ្យ​ជាប់​ពន្ធនាគាររយៈពេល ​២៨​ ឆ្នាំ ពី​បទ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ​របស់​ប្រទេស​នេះតាម​រយៈ​ការបង្ហោះ​សារ​នៅ​តាម​ប្រព័ន្ធ​អនឡាញ។ នេះបើ​យោង​ទៅ​លើ​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ច្បាប់​ប្រមាថ​ព្រះ​មហក្សត្ររបស់​ប្រទេស​ថៃ​ ជា​ច្បាប់​មួយដែល​មាន​លក្ខណៈ​តឹងរ៉ឹង​បំផុត​នៅ​ក្នុង​ពិភព​លោក ​ដោយ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​និយាយ​ថា​ ច្បាប់​នេះ​ត្រូវ​បានគេ​ប្រើប្រាស់​ខុស​គោលដៅ​ដើម្បី​គាបសង្កត់​ទៅ​លើ​ការ​ពិភាក្សា​ជា​សាធារណៈ។


តុលាការ​ក្នុង​ទីក្រុង Chiang Rai ភាគ​ខាង​ជើង​ប្រទេស​ថៃ​បាន​រក​ឃើញ​ថា ​បុរស​ឈ្មោះ Mongkol Thirakote ដែល​ជា​អ្នក​លក់​សម្លៀក​បំពាក់​អនឡាញនិង​ជា​សកម្មជន​ម្នាក់ផង​ដែរ​នោះ​ ពិត​ជា​មាន​កំហុសនៅ​ក្នុងបណ្តឹង​បរិហាកេរ្ត៍​រាជវង្សចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។​

មេធាវី​របស់​បុរស​ជាប់ចោទ​រូប​នេះបាន​ប្រាប់​ទីភ្នាក់ងារ​ព័តមាន AFP ថា​ ​តុលាការ​ដំបូង​ឡើយ​ ​បាន​កាត់ទោសកូនក្តីរបស់​លោកឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤២ ឆ្នាំ ប៉ុន្តែ​បានបន្ថយ​ទោសបន្ទាប់ពីមាន​ការផ្តល់​សក្ខីកម្មរបស់​ជន​នេះ​រួច​មក។

មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទនិយាយ​ថា​ ​កូន​ក្តី​លោក​មាន​បំណង​នឹង​ប្តឹង​ឧទ្ធរណ៍​ ហើយ​តុលាការ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តាះ​អាសន្ន​ ដោយ​បង់​ប្រាក់តម្កល់​ប្រមាណ​ជាង​ ៩​ ពាន់​ដុល្លារ​អាមេរិក។


បទបរិហារកេរ្តិ៍​រាជវង្ស​ថៃ​អាចមាន​ទោសជាប់ពន្ធនាគារ​រហូត​ដល់​រយៈពេល​ ១៥ ឆ្នាំ​ក្នុងមួយ​ករណីៗ។


បុរស​ឈ្មោះ Mongkol រូប​នេះ​ក៏​ប្រឈមនឹង​បទ​ចោទករណី​ទី ៣ ដាច់​ដោយឡែក​មួយ​ទៀត​ផង​ដែរ​ ពី​បទ​ប្រមាថ​រាជវង្ស​ថៃនៅក្នុង​សារ​បង្ហោះ​តាម​ប្រព័ន្ធ​អនឡាញ​កាល​ពី​ឆ្នាំ​ទៅ​ ហើយ​លោក​នឹង​ត្រូវ​ឡើង​តុលាការ​ជាថ្មី​ម្តង​ទៀត​ជុំវិញ​រឿង​នេះនៅក្នុង​ខែ​មីនា​ខាងមុខ​នេះ។

មាន​បណ្តឹង​ប្រមាណជាង ២០០​ ករណី​ ត្រូវ​បានធ្វើ​ឡើង​ប្រឆាំង​នឹង​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ថៃ​ ចាប់តាំង​ពី​ខែវិច្ឆិកា​ ឆ្នាំ ២០២០ មក។ នេះ​បើ​តាម​ក្រុម​មេធាវី​ការពារសិទ្ធិ​មនុស្ស​របស់​ប្រទេស​ថៃ៕