តុលាការមួយរបស់ប្រទេសថៃ បានសម្រេចទទួលយកអ្នកភូមិខ្មែររាប់រយគ្រួសារ ចូលប្ដឹងជាកញ្ចប់ប្រឆាំងក្រុមហ៊ុនស្ករសថៃ Mitr Phol ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ហិង្សាមួយដែលអូសបន្លាយជាង១០ឆ្នាំមកហើយ។
ក្នុងសេចក្ដីសម្រេចមួយកាលពីព្រឹកថ្ងៃសុក្រ សាលាឧទ្ធរណ៍នៃព្រះរាជាណាចក្រថៃ បានយល់ព្រមកំណត់ទទួលស្គាល់អ្នកភូមិទាំងអស់៧១១គ្រួសារ មកពីខេត្តឧត្ដរមានជ័យ ប្រទេសកម្ពុជា ជាដើមបណ្ដឹងសមូហភាពក្នុងសំណុំរឿងប្ដឹងក្រុមហ៊ុនស្ករសធំបំផុតក្នុងតំបន់អាស៊ីមួយនេះ ឱ្យទទួលខុសត្រូវចំពោះករណីរំលោភបំពានដីភូមិនិងស្រែចម្ការរបស់ខ្លួន ដើម្បីយកដីដាំអំពៅផលិតជាស្ករស។ នេះបើយោងតាមមេធាវី និងក្រុមការពារសិទ្ធិមនុស្ស។
អ្នកនាង Sor Rattanamanee Polkla មេធាវីថៃតំណាងអ្នកភូមិកម្ពុជាទាំង៧១១គ្រួសារ បានលើកឡើងថា ចៅក្រមនៃសាលាឧទ្ធរណ៍ថៃ បានសម្រេចយល់ព្រមតាមបណ្ដឹងសុំប្ដឹងជាសមូហភាពរបស់អ្នកនាង ដោយច្របាច់ចូលជាមួយបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Mitr Phol។
មេធាវីរូបនេះលើកឡើងថា ការណ៍នេះ ជួយអ្នកភូមិមិនចាំបាច់ដាក់ពាក្យបណ្ដឹងផ្សេងៗគ្នាសរុប៧១១បណ្ដឹងនោះទេ តែអាចផ្ដល់ត្រឹមតែមួយបណ្ដឹងរួម ហើយប្ដឹងទារសំណងតាមមួយគ្រួសារៗដែលរងផលប៉ះពាល់។ មេធាវីរូបនេះបន្តថា នៅពេលធ្វើដំណើរទៅចូលរួមសវនាការនៅប្រទេសថៃ ក៏ត្រូវការតែដើមបណ្ដឹងពីរនាក់ទៅចូលរួមអមមេធាវី មិនបាច់ទៅគ្រប់គ្នាទេ។
ក្រុមហ៊ុនស្ករសចំនួនបីគឺ Angkor Sugar Co. Ltd., Tonle Sugar Cane Co. Ltd., និង Cane and Sugar Valley Co. Ltd សុទ្ធតែមានជាប់ពាក់ព័ន្ធក្នុងការឈូសឆាយដីផ្ទះ និងច្បារដំណាំអ្នកភូមិដែលបានដាក់បណ្ដឹងនេះ កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩។ តំណាងអ្នកភូមិខ្លះត្រូវបានចាប់ដាក់ពន្ធនាគារថែមទៀតផង។
«បញ្ហាសំខាន់ដែលយើងផ្ដោតនោះ គឺយើងមានភស្ដុតាងគ្រប់គ្រាន់ក្នុងការបញ្ជាក់ទំនាក់ទំនងរវាងក្រុមហ៊ុន Mitr Phol និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងបីនៅកម្ពុជានេះ»។ នេះជាការលើកឡើងរបស់មេធាវីជនជាតិថៃអ្នកនាង Sor Rattanamanee Polkla។
តំណាងក្រុមហ៊ុន Mitr Phol នៅកម្ពុជា បដិសេធមិនផ្ដល់អត្ថាធិប្បាយលើសំណុំរឿងនេះទេ។ ស្ត្រីជាបុគ្គលិកមួយរូបដែលបានលើកទូរស័ព្ទបានប្រាប់ថា ការិយាល័យនៅកម្ពុជាបច្ចុប្បន្នរបស់ក្រុមហ៊ុននេះ គឺសម្រាប់តែការចែកចាយលក់ស្ករស ហើយបញ្ជាក់ថា ក្រុមហ៊ុនពុំមានដំណាំដាំអំពៅនៅកម្ពុជាទៀតឡើយ។
ក្រុមហ៊ុន Mitr Phol បានបិទចម្ការអំពៅទាំងអស់នៅកម្ពុជាត្រឹមឆ្នាំ២០១៥។ នេះបើយោងតាមលោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ដែលជួយប្រជាពលរដ្ឋក្នុងករណីជម្លោះដីធ្លីនេះ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹង គាត់បានដកចេញហើយ ។ អ៊ីចឹងគាត់ព្យាយាមដោះដៃ ដើម្បីឱ្យរួចផុតពីកាតព្វកិច្ច ជាក់ស្ដែង។ គាត់អត់រួច ដោយសារនៅស្រុកថៃ គឺគេមានច្បាប់ដោះស្រាយឆ្លងដែន អ៊ីចឹងប្រជាពលរដ្ឋមានសិទ្ធិក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការថៃ»។
លោកបន្ថែមថា៖ «យើងគិតថា ទីមួយករណីនេះអាចជាករណីដំបូង នៅប្រទេសថៃ និងក៏ដូចជានៅអាស៊ីអាគ្នេយ៍យើងដែរ ដែលប្រជាពលរដ្ឋប្រទេសផ្សេងទៀត អាចប្រើយន្តការច្បាប់នីតិវិធីឆ្លងដែន ដែលពលរដ្ឋប្រទេសផ្សេងទៀតអាចប្រើប្រាស់យន្ដការនេះបាន»។
ដើមបណ្ដឹងពីរនាក់ដែលជាតំណាងត្រូវទៅចូលរួមសវនាការនៅប្រទេសថៃនោះគឺអ្នកស្រី ហូយ ម៉ៃ និងលោក ស្មិន តិ។ VOA មិនអាចទាក់ទងអ្នកទាំងពីរសុំការបំភ្លឺបានទេនៅថ្ងៃសុក្រនេះ។ តែអ្នកស្រីហូយ ម៉ៃត្រូវបានស្រង់សម្ដីក្នុងកំណត់ផ្សាយមួយរបស់អង្គការសមធម៌កម្ពុជាយ៉ាងដូច្នេះថា៖
«សេចក្ដីសម្រេចនេះផ្ដល់ឱ្យយើងនូវក្ដីសង្ឃឹមថ្មីមួយ។ ក្រុមហ៊ុនមីត្រផុល (Mitr Phol) មិនអាចព្រងើយកន្ដើយចំពោះយើងទៀតទេ។ វាមានរយៈពេលជាងដប់ឆ្នាំហើយ ចាប់តាំងពីក្រុមហ៊ុនបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ខ្ញុំ ហើយទន្ទ្រានយកដីធ្លីរបស់ខ្ញុំ។ អ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើត្រូវបានបំផ្លាញចោល»។
អ្នកទាំងពីរបានប្ដឹងក្រុមហ៊ុន Mitr Phol ទារសំណងការខូចខាតសរុប៧លានបាត(២២ម៉ឺនដុល្លារអាមេរិក) ដែលនេះមិនទាន់រាប់បញ្ចូលដើមបណ្ដឹង៧០៩នាក់ផ្សេងទៀត ក្នុងបណ្ដឹងរួមនេះផង។ នេះបើយោងតាមកញ្ញាមេធាវី Sor Rattanamanee Polkla ដែលបានបន្ថែមថា បន្ទាប់ពីនេះ ដំណាក់កាលសវនាការនឹងចាប់ផ្ដើម។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌កម្ពុជា បានលើកឡើងថា រដ្ឋាភិបាលគោរពជម្រើសទៅរកយុត្តិធម៌របស់ពលរដ្ឋដែលជ្រើសយកប្រព័ន្ធតុលាការថៃ។ តុលាការថៃមានយុត្តាធិការលើទង្វើរបស់ក្រុមហ៊ុនថៃនៅក្រៅប្រទេស។
នៅពេលត្រូវបានសួរអំពីលទ្ធភាពចំណាត់ការនៅតុលាការកម្ពុជា លោកបានបង្វែរឱ្យទៅសួរតុលាការ តែលោកថា៖
«ព្រោះអីយើងផ្អែកលើដំណើរការនីតិវិធីតុលាការថៃ ហើយសន្និដ្ឋានឱ្យអ្នកណាខុស អ្នកណាត្រូវយ៉ាងម៉េចកើត បើតុលាការថៃមិនទាន់សម្រេចដល់អង្គហេតុយ៉ាងម៉េច។ អ៊ីចឹងមិនទាន់ចូលដល់អង្គសេចក្ដី អ្នកណាខុស អ្នកណាត្រូវ ត្រូវទទួលខុសត្រូវយ៉ាងម៉េចអីយ៉ាងម៉េចផង។ អ៊ីចឹងយើងយកមកសន្និដ្ឋានថាអានេះខុស អានេះត្រូវ ហើយតុលាការខ្មែរគួរចាត់ការយ៉ាងម៉េច វាម៉េចទាន់អាចធ្វើការសន្និដ្ឋានកើត?»
សេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃសុក្រនេះរបស់អង្គការសង្គមស៊ីវិលកម្ពុជា រួមមានអង្គការសមធម៌កម្ពុជា អង្គការលីកាដូ សមាគមអាដហុក និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាដើម ដែលជួយអ្នករងគ្រោះ បានឲ្យដឹងថា កាលពីឆ្នាំ២០១៥ គណៈកម្មការសិទ្ធិមនុស្សជាតិថៃ បានរកឃើញថា ក្រុមហ៊ុនមិត្រផុល «ត្រូវទទួលខុសត្រូវចំពោះការទន្រ្ទានដីធ្លី និងបានអំពាវនាវឲ្យក្រុមហ៊ុនធ្វើការកែតម្រូវនិងដោះស្រាយផលប៉ះពាល់»។
អង្គការទាំងនោះបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបដិសេធយ៉ាងដាច់អហង្ការក្នុងការផ្តល់សំណងតាមរូបភាពណាមួយក៏ដោយដល់ក្រុមគ្រួសារកម្ពុជាចំពោះការបំផ្លិចបំផ្លាញដែលខ្លួនបានបង្កឡើងដល់ជីវិតរស់នៅរបស់ពួកគាត់»។
បើតាមអង្គការសង្គមស៊ីវិល មិត្រផុល គឺជាក្រុមហ៊ុនផ្គត់ផ្គង់ស្ករសដ៏ធំបំផុតនៅក្នុងតំបន់ និងមានអតិថិជនដែលជាម្ចាស់ម៉ាកយីហោល្បីធំៗមួយចំនួននៅលើពិភពលោក ដែលក្នុងនោះរួមមានក្រុមហ៊ុន Nestle កូកាកូឡា និងប៉ិបស៊ីជាដើម៕