ការលុបចេញបទសម្ភាសន៍ជាមួយរដ្ឋមន្ត្រីកោះតៃវ៉ាន់ទាញចំណាប់អារម្មណ៍ពីអ្នកវិភាគប្រព័ន្ធផ្សព្វផ្សាយ

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Prague នៃសាធារណរដ្ឋឆែក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

អ្នក​វិភាគ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រិះគន់​សេចក្ដី​សម្រេច​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈថៃ​ក្នុង​ការ​លុប​ចោល​បទសម្ភាសន៍​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​តៃវ៉ាន់​មួយ​រូប បន្ទាប់​ពី​ស្ថានទូត​ចិន​នៅ​ក្រុង​បាងកក​បាន​តវ៉ា។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ថៃ (Thai PBS) បាន​ចាក់​ផ្សាយ​បទសម្ភាសន៍​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​តៃវ៉ាន់​លោក Joseph Wu កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា។ នៅ​ក្នុង​បទសម្ភាសន៍​នោះ ​លោក Wu បាន​រិះគន់ការ​ដាក់​សម្ពាធ​របស់​ចិន​ដើម្បី​រួបរួម​កោះ​តៃវ៉ាន់​ជាមួយ​ចិន​ដី​គោក ដែល​បន្ទាប់​មក​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម YouTube របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ថៃ។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ស្ថានទូតចិន​នៅ​ក្រុង​បាងកក​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ ដោយ​រិះគន់​បទ​សម្ភាសន៍​នេះ។

កោះ​តៃវ៉ាន់​ ដែល​មាន​ប្រជាជន​ចំនួន ២៣​លាន​នាក់ មាន​ការ​ដឹកនាំ​បែប​ស្វ័យភាព ប៉ុន្តែ​ត្រូវ​បាន​ទាមទារ​ដោយ​ចិន ដែល​ទទូច​ថា កោះ​តៃវ៉ាន់​គឺ​ជា ខេត្ត​ផ្ដាច់​ខ្លួន​មួយ ដែល​នា​ថ្ងៃណា​មួយ​នឹង​ត្រូវ «រួបរួម» ជាមួយ​ចិន​ដី​គោក។

សេចក្ដី​ថ្លែងការណ៍​របស់​ស្ថានទូត​ចិន​បាន​ពណ៌នា​លោក​ Wu ថា​ជា «ជន​ផ្តាច់​ខ្លួន​តៃវ៉ាន់» និង​បាន​និយាយ​ថា បទសម្ភាសន៍​នោះ​បាន «ប៉ះពាល់​អារម្មណ៍​ជនជាតិ​ចិន»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន Global Times ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​រិះគន់​ជា​សាធារណៈ​ផង​ដែរ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​មិន​បាន​សំដៅ​ដោយ​ចំ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយសាធារណៈ​ថៃ​នោះ​ទេ ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ «កែ​តម្រូវ​កំហុស​ពាក់ព័ន្ធ​ផ្សេងៗ»។ ​

ភ្លាមៗ​បន្ទាប់​ពី​សេចក្ដី​ថ្លែងការណ៍​នោះ បទ​សម្ភាសន៍​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ថៃ​បាន​បាត់​ពី​បណ្ដាញ​សង្គម YouTube​ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ ដោយ​គ្មាន​ការ​ពន្យល់​អ្វី​ទាំង​អស់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​មួយ​ កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​វិច្ឆិកា​ ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភាថៃ​បាន​និយាយ​ថា ខ្លួន​បាន​បញ្ជាក់​ថា បទ​សម្ភាសន៍​នោះ​ត្រូវ​បាន​ផ្អាក។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​រៀបរាប់ក្នុង​សម្ដី​ដើម​ថា៖ «យើង​ក៏​បាន​ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ថៃ​សហការ​តាម​រយៈ​ការ​អនុវត្ត​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ផ្សព្វផ្សាយ​កម្មវិធី​ដែល​មាន​លក្ខណៈ​ដូចនេះ​នា​ពេល​ខាង​មុខ។ គណៈកម្មាធិការ​យើង​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ «ចិន​តែ​មួយ» ដែល​ថៃ​ប្រតិបត្តិ​តាម​និង​រក្សា​ទំនាក់ទំនងទ្វេភាគី​ដ៏​ល្អ»។

​គោលនយោបាយ​ «ចិន​តែ​មួយ» ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ថៃ និង​ប្រទេស ១៨០​ដទៃ​ទៀត​ ចែង​ថា មានរដ្ឋ​អធិបតេយ្យ​តែ​គត់​ក្រោម​ឈ្មោះ​ថា ចិន។ ប៉ុន្តែ​គោលនយោបាយ​នេះ​បាន​បង្ហាញ​ភាព​មិន​ច្បាស់លាស់​ចំពោះឋានៈ​កោះ​តៃវ៉ាន់ យ៉ាង​ហោច​ណាស់​ដូច​ដែល​ត្រូវ​បាន​យល់​ដោយ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ដទៃ​ខ្លះ​ទៀត។

អស់​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ អ្នកវិភាគ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​កត់ត្រា​ទុក​កិច្ចប្រឹងប្រែង​ពី​សំណាក់​មន្ត្រី​ចិន​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​បរទេស​ជុំវិញ​ការ​ផ្សព្វផ្សាយ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា រិះគន់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

របាយការណ៍ឆ្នាំ ២០២២ ដោយ​អង្គការ​ Freedom House បាន​រក​ឃើញ​ថា រដ្ឋាភិបាល​ចិន​បាន​ព្យាយាម​ជះ​ឥទ្ធិពល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ក្នុង​បណ្ដា​រដ្ឋ​ប្រជាធិបតេយ្យ​ចំនួន ១៨ ​ក្នុង​ចំណោម​ប្រទេស​សរុប ៣០។ ថៃ​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ការ​របាយការណ៍​នោះ​ទេ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​និន្នាការ​ដូចជា ការ​បៀតបៀន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នៅ​តាម​រដ្ឋ​ប្រជាធិបតេយ្យ​ ដែល​ត្រូវ​បាន​យក​មក​សិក្សា។

លោក Wu រដ្ឋមន្ត្រី​តៃវ៉ាន់​ដែល​ត្រូវ​បាន​សម្ភាសន៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ថៃ បាន​ធ្វើ​សេចក្ដី​អធិប្បាយ​លើ​បណ្ដាញ​សង្គម X ដែល​ពី​មុនត្រូវ​បាន​ស្គាល់​ថា Twitter អំពី​ការ​លុប​ចេញ​បទសម្ភាសន៍​នេះ ដោយ​និយាយ​ថា ការ​រិះគន់​របស់​ចិន​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ «ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​ពេក​រហូត​ដល់​មិន​អាច​ក្លាយ​ជា​ការណ៍​ពិត​ទេ»។

ផ្នែក​មួយ​នៃ​សារ​បង្ហោះ​នោះ​បាន​សរសេរ​ថា៖ «ចិន​ជាប់​ចំណាត់ថ្នាក់​អាក្រក់​បំផុតលើ​ពិភពលោក​ខាង​ផ្នែក​សេរីភាព​សារព័ត៌មាន ប៉ុន្តែ​បែរ​ជា​បង្រៀនវិស័យ​សារព័ត៌មាន​នៅ​ថៃ ​ពាក់ព័ន្ធ​នឹង​របៀប​ធ្វើ​ឱ្យ​សេរី»។

ចិន​ ដែល​ជា​ប្រទេស​ដាក់​ពន្ធនាគារ​លើ​អ្នកសារព័ត៌មាន​ធំ​ជាង​គេ​បង្អស់​មួយ​នៅ​លើ​សាកលលោក មាន​បរិស្ថាន​ដ៏​អាក្រក់​បំផុត​ទី​ពីរ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​សាកលលោក។ នេះ​បើ​យោង​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​រៀបរៀង​ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន។

ការ​លុប​ចេញ​បទ​សម្ភាសន៍​នោះ​មិន​បាន​បង្ក​ជាការ​ភ្ញាក់​ផ្អើល​ចំពោះអ្នក​វិភាគនៅ​ថៃ​ទេ។

អ្នកស្រី Wasana Wongsurawat សាស្ត្រាចារ្យ​ជំនួយ និង​ជា​អ្នក​ជំនាញ​ស្តី​ពី​ប្រទេស​ចិន​ប្រចាំ​សាកលវិទ្យាល័យ Chulalongkorn នៅ​ក្រុង​បាងកក បាន​និយាយ​ថា៖ «ប្រាកដ​ណាស់​ វា​គឺ​ជា​រឿង​ត្រូវ​បាន​រំពឹង​ទុក»។

អ្នកស្រី​បាន​ថ្លែង​ប្រាប់ VOA ថា៖ «ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ថៃ​ស្ថិត​ក្រោម​សម្ពាធ​ច្រើន​ជាង​មុន​ពី​រដ្ឋាភិបាល​ ពីព្រោះ​ពួកគេ​ប្រើប្រាស់​ប្រាក់​ចំណូល​ពី​ពន្ធដារ ហើយ​រដ្ឋាភិបាល​ទទួល​ស្គាល់​គោលនយោបាយ​ចិន​តែ​មួយ​ជា​ផ្លូវ​ការ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ថៃ​ងាយ​នឹង​រង​សម្ពាធ​បែប​នេះ»។

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៨ ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ថៃ​គឺ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ចំណូល​ពន្ធ​លើ​គ្រឿងស្រវឹង និង​បារី ជាជាង​ជំនួយថវិកា​ដោយ​ផ្ទាល់​ពី​រដ្ឋាភិបាល។ វេបសាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​សរសេរ​ថា រាល់​ការ​ផ្ដល់​ហិរញ្ញប្បទាន​ណា​មួយ​មិន​ត្រូវ​ប៉ះពាល់​ដល់​ឯករាជ្យភាព​ ឬ​អាណត្តិ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​នោះ​ទេ។

​ចិន​គឺ​ជា ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​បង្អស់​មួយ​របស់​ថៃ។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ អ្នកសារព័ត៌មាន និង​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​កើន​ឡើង​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

អ្នកស្រី Wongsurawat បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ចិនធ្វើ​ដូច​នេះ​បាន​តែ​ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ថៃ​ប៉ុណ្ណោះ ពីព្រោះ​ពួកគេ​ជឿ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ថៃ​អាចរង​សម្ពាធ​ពីរដ្ឋាភិបាល»។

អ្នកស្រី​បាន​បន្ត​ថា៖ «ប្រសិន​បើ​វា​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន ឬ​មិនមែន​ស្ថិត​ក្រោម​រដ្ឋាភិបាល​វិញ ខ្ញុំគិត​ថា ស្ថានទូត​ចិន​នឹង​មិន​ឆ្លើយ​តប​តាម​របៀបនេះ​ទេ។ មនុស្ស​បាន​និយាយ​ពី​ការណ៍​ដែល​ចិន​ព្យាយាម​ដាក់​ឥទ្ធិពល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។

អ្នកស្រី Jemimah Steinfeld និពន្ធ​នាយកប្រចាំ​អង្គការ​គាំពារ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ Index on Censorship បាន​ហៅ​ការ​ដក​ចេញ​បទសម្ភាសន៍​នោះ​ថា​បាន​ «បង្ក​ការ​ខូចខាត» ដល់​ប្រទេស​ថៃ។

អ្នកស្រី Steinfeld បាន​និយាយ​ថា៖ «នេះ​មិនមែន​ជា​លើកដំបូង​ទេ​ដែល​ឥទ្ធិពល​ដ៏​ធំ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ឈាន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។ វា​ស្រប​នឹង​ការ​និន្នាការ​ទូលំទូលាយ​ជាង​នេះ​នៃ​ការ​លូកដៃ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្រៅ​ប្រទេស ដោយការ​តាម​ពិនិត្យ​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​វិធី​មួយ​ដើម្បី​គ្រប់គ្រង​លើ​ការ​និយាយ​នានា»។

អ្នកស្រី Steinfeld បាន​កត់​សម្គាល់​ថា នៅ​ឆ្នាំ ២០២០ ចិន​បាន​ស្វះស្វែង​ទាមទារ​ការ​សុំ​អភ័យទោស​ពី​សំណាក់​សារព័ត៌មាន​មួយ​នៅ​ដាណឺម៉ាក​ ជុំវិញ​រូបត្លុក​ពាក់ព័ន្ធ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។ ​នៅ​ឆ្នាំ ២០២៣​នេះ ​អ្នកសារព័ត៌មាន​ជនជាតិ​ហូឡង់ម្នាក់ បាន​និយាយ​ថា នាង​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​មួយ​ ដែល​មាន​គោលដៅ​បំបិទ​ការ​រាយការណ៍​របស់​នាង​ពី​ការ​គំរាមកំហែង​របស់​ចិន​នៅ​ក្រៅ​ប្រទេស។

​កិច្ចប្រឹងប្រែងបំបិទ​ការ​រាយការណ៍​អវិជ្ជមាន​ពី​ចិន​ពី​មុន​មក​ក៏​ត្រូវ​កត់​ត្រា​នៅ​ថៃ​ដែរ។ កាល​ពី​ឆ្នាំ ២០២១ អ្នក​ជំនួញ​ចិន​ពីរ​នាក់​បាន​មក​ជួបជាមួយ​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ថៃ​ឯករាជ្យមួយ ដោយ​បានផ្ដល់​កញ្ចប់​ប្រាក់​ដ៏​ធំ​មួយ ប្រសិន​បើ​ម្ចាស់​គ្រឹះស្ថាន​នេះ​បិទ​ដំណើរការ។

គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ Sam Yan Press ត្រូវ​បាន​គេស្គាល់​ចំពោះ​ការ​បោះពុម្ព​សៀវភៅ និង​ការ​ប្រែ​សម្រួល​ការងារ​ផ្សេងៗ​ស្តីពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​រួម​មាន​ទស្សនៈ​រិះគន់​រដ្ឋាភិបាល​ចិន។ គ្រឹះស្ថាន​បោះពុម្ព​នេះ​បាន​ប្រឆាំងនឹង​ការ​ព្យាយាម​បិទ​ដំណើរការ​របស់​ខ្លួន។

​លោក Pravit Rojanaphruk អ្នកសារព័ត៌មាន​ដែល​រាយការណ៍​ពី​ប្រទេស​ថៃ​ប្រចាំ​សារព័ត៌មាន Khaosod English មាន​មូលដ្ឋាន​នៅ​ក្រុង​បាងកក បាន​ពណ៌នា​ការ​ដកចេញ​បទសម្ភាសន៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ថៃ​ថា​ជា «រឿង​គួរ​ឱ្យ​ព្រួយបារម្ភ»។

​លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «នេះ​ជា​រឿង​ហេតុ​គួរ​ឱ្យ​រំខាន​ចិត្ត និង​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ​ ដែល​នឹង​បណ្ដាល​ឱ្យ​ឃើញ​ពី​ការ​មិន​ជឿ​ទុក​ចិត្ត​គ្នា​រវាង​ចិន​និង​ថៃ​ នៅ​ក្នុង​ចំណោមប្រជាជន​ថៃ​ ដែល​មាន​គំនិត​ប្រជាធិបតេយ្យ​និយម មិន​ត្រឹម​តែ​អ្នកសារព័ត៌មាន​នោះ​ទេ»។

​លោក​បាន​បន្ត​ថា៖ «ខ្ញុំ​គិត​ថា អ្វី​ដែល​ស្ថានទូត​ចិន​បាន​ខកខាន​ក្នុង​ការ​កត់​សម្គាល់​ ឬ​មិន​ខ្វល់​ក្នុង​ការ​កត់សម្គាល់​គឺ​ថា បណ្ដាញ​សារព័ត៌មាន​ថៃ​មិន​ចេះ​តែ​សម្រប​តាម​គោលការណ៍រដ្ឋាភិបាល​ថៃ​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ យើង​យល់​ថា រដ្ឋាភិបាល​ថៃ​មាន​គោលនយោបាយ​ចិន​តែ​មួយយ៉ាង​ប្រាកដប្រជា»៕

ប្រែ​សម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា