អគ្គមេបញ្ជាការយោធាថៃបានបញ្ចេញឥទ្ធពល ក្នុងការបោះឆ្នោតជាតិដោយអំពាវនាវដល់សាធារណជនឲ្យបោះឆ្នោតឲ្យ«មនុស្សល្អ»ណា ដែលគាំទ្ររាជាធិបតេយ្យ។ អត្ថាធិប្បាយរបស់លោកឧត្ដមសេនីយ៍ អាចបកស្រាយថា ជាការវាយប្រហារដោយបិតបាំងមកលើគណបក្សជំទាស់។
នៅក្នុងការផ្សាយតាមទូរទស្សន៍ពេលយប់ជ្រៅទៅកាន់ជនជាតិថៃទូទៅ ប្រទេសអគ្គមេបញ្ជាការកងទ័ពថៃ ឧត្ដមសេនីយ៍ ប្រយុទ្ធ ចាន់ អូចាហថ្លែងថា ពលរដ្ឋថៃទាំងអស់គួរទៅបោះឆ្នោតតែលោកព្រមានថា បើប្រជាពលរដ្ឋថៃបោះឆ្នោតតាមបែបផែនចាស់ដូចពីលើកមុន ហើយជ្រើសគណបក្សដដែល ឬ ក៏មិនទៅបោះឆ្នោតប្រទេសជាតិនឹងមិនមានការផ្លាស់ប្ដូរអ្វីទេ។
ឧត្ដមសេនីយ៍ប្រយុទ្ធបានអំពាវនាវឲ្យពលរដ្ឋថៃបោះឆ្នោតគាំទ្រ«មនុស្សល្អ»ដែលគាំទ្ររាជាធិបតេយ្យ។
ឧត្ដមសេនីយ៍ប្រយុទ្ធ ចាន់ អូចាហ ថ្លែងថាសេវាសន្ដិសុខរកឃើញថាមានភស្ដុតាងបង្ហាញនូវការវាយប្រហារទៅលើរាជា ធិបតេយ្យ ជាពិសេសរាយឈ្មោះអ្នកគាំទ្រយ៉ាងតិចម្នាក់នៃអតីតនាយករដ្ឋមន្ដ្រីថាក់ស៊ីនស៊ីណាវ៉ាត្រ។
លោកនិយាយថាមានសកម្មភាពមិនស្របច្បាប់កាន់តែច្រើនពាក់ព័ន្ធនឹងការប្រមាថមើលងាយព្រះមហាក្សត្រ ជាពិសេសនៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ដែលភ្ជាប់ក្រុមមូយរស់នៅក្រៅប្រទេស។
លោកថ្លែងថាលោកនិយាយដូច្នោះ ដោយសារតែជនទាំងនោះមានកំហុសតាមការចោទប្រកាន់ជាច្រើនដែលព្យាយាម ប្រមាថរាជាធិបតេយ្យ និងមានការពាក់ព័ន្ធទៅនឹងក្រុមមនុស្សជាច្រើនទៀត។ លោកថ្លែងទៀតថា អាជ្ញាធរមិនអាចអនុញាតឲ្យជនទាំងនោះបំពានលើច្បាប់បានឡើយ។
ច្បាប់តឹងរឹងរបស់ប្រទេសថៃប្រឆាំងនៃការប្រមាថមើលងាយ រាជាធិបតេយ្យទទូលទណ្ឌកម្មជាប់គុក រហូតដល់១៥ឆ្នាំ បានត្រូវទិតៀនថាយកទៅរំលោភប្រើប្រាស់ដើម្បីប្រយោជន៍នយោបាយ។
ឧត្ដមសេនីយ៍ប្រយុទ្ធបានចោទថា មានមេដឹកនាំមួយចំនួនរបស់គណបក្សជំទាស់របស់ក្រុមអាវក្រហម ដែលជាអ្នករៀបចំការដើរតវ៉ានៅលើផ្លូវកាលពីឆ្នាំមុនប្រឆាំងរដ្ឋាភិបាលប្រជាធិបតេយ្យ ដែលជាការប្រមាថមើលងាយព្រះមហាក្សត្រ។
ឧត្ដមសេនីយ៍ប្រយុទ្ធបានដឹកនាំការវាយបង្ក្រាបយោធាដែលបញ្ចប់បាតុកម្ម។ ការប្រយុទ្ធគ្នារវាងយោធានិងក្រុមបាតុករ ដែលខ្លះមានអាវុធបានបណ្ដាលឲ្យមនុស្សស្លាប់៩០នាក់ ភាគច្រើនជាជនស៊ីវិល។
គណបក្សលោកថាក់ស៊ីនបានយកជ័យជម្នះលើការបោះឆ្នោត៤ លើកចុងក្រោយតែយោធាថៃ បានទម្លាក់លោកចេញពីដំណែងនៅក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ ហើយបានចោទប្រកាន់លោកថាក់ស៊ីន ថាជាអ្នកកាន់អំណាចផ្ដាច់ការ ស៊ីសំណូក និង មិនស្មោះត្រង់ចំពោះរាជាធិបតេយ្យ។
លោក ថាក់ស៊ីន បដិសេធការចោទប្រកាន់ទាំងនោះ។ រួចលោកថាក់ស៊ីនបានគេចចេញពីប្រទេស ដើម្បីចៀសវាងការចាប់ដាក់គុកតាមបទប្រព្រឹត្ដអំពើពុករលួយ។
ប្អូនស្រីរបស់លោកថាក់ស៊ីន យីងលូក ស៊ីណាវ៉ាត្រដឹកនាំគណបក្សជំទាស់ភឿថៃ។ អ្នកធ្វើអត្ថាធិប្បាយនយោបាយថៃបានសម្ដែងការព្រួយបារម្ភថា បើគណបក្សភឿថៃឈ្នះឆ្នោត យោធាអាចធ្វើរដ្ឋប្រហារម្ដងទៀត។ មេបញ្ជាការយោធាបានបដិសេធលទ្ធភាពដូច្នោះ។
ទោះបីជាបានធ្វើអត្ថាធិប្បាយនយោបាយដូច្នោះក៏ដោយ ឧត្ដមសេនីយ៍ប្រយុទ្ធថ្លែងថា យោធានៅតែរក្សាភាពអព្យាក្រិត្យក្នុងការបោះឆ្នោតនៅថ្ងៃទី៣ខែកក្កដា។ យោធារបស់ប្រទេសថៃធ្លាប់មានប្រវត្ដិសាស្រ្ដដ៏យូរអំពីការចូលជ្រៀតជ្រែកក្នុងនយោបាយ ដោយបានប្រព្រឹត្ដរដ្ឋប្រហារ១៨ដង រួចមកហើយចាប់តាំងពីប្រទេសថៃចាកចេញពីរាជាធិបតេយ្យផ្ដាច់ការទៅរករាជាធិបតេយ្យ អាស្រ័យលើរដ្ឋធម្មនុញ្ញ។
ប្រែសម្រួលដោយ អ៊ូ ធួក