តុលាការមួយនៃប្រទេសថៃបានឲ្យប៉ូលីសចុងក្រោយគេម្នាក់ រួចខ្លួនពីការចោទប្រកាន់ពាក់ព័ន្ធនឹងការបាត់ខ្លួនមេធាវីសិទ្ធិមនុស្សនាំមុខជាតិថៃអ៊ីស្លាមម្នាក់កាលពីប្រាំពីរឆ្នាំមុន។ គ្រួសាររបស់មេធាវីបានប្តេជ្ញាយករឿងក្តីនេះឡើងតុលាការកំពូល។
តុលាការឧទ្ធរណ៍ថៃកាលពីថ្ងៃសុក្របានឲ្យវរសេនីយត្រីប៉ូលីសម្នាក់រួចផុតពីការចោទប្រកាន់ពីបទប្លន់និងការបង្ខំដាក់ពន្ធនាគារលោក Somchai Neelapaichit មេធាវីកាន់សាសនាអ៊ីស្លាមក្នុងឆ្នាំ២០០៤។ ក៏ប៉ុន្តែលោក Ngern Thongsuk វរសេនីយ៍ត្រីប៉ូលីសមិនបានស្ថិតនៅក្នុងតុលាការដើម្បីស្តាប់សាលក្រមទេ។ សាច់ញាតិរបស់លោកនិយាយថា ដីបាក់បាននាំលោកទៅជាមួយនៅជិតផ្ទះរបស់លោកនៅក្នុងខេត្ត Phitsanulok កាលពីឆ្នាំ២០០៨។
វរសេនីយ៍ត្រី Ngern ហើយនិងមន្រ្តីផែ្នកបង្រ្កាបឧក្រិដ្ឋកម្មបួននាក់ផ្សេងទៀត បានទទួលការចោទប្រកាន់ពីការប្លន់និងបទចាប់ជំរិតមនុស្សយកប្រាក់នៅក្នុងការបាត់ខ្លួនលោក Somchai កាលពីខែមិនាឆ្នាំ២០០៤ ។ ក្នុងខណៈដែលមនុស្សបួននាក់ផ្សេងទៀត បានត្រូវតុលាការជាន់ទាបឲ្យរួចទោស វរសេនីយត្រី Ngern បានត្រូវកាត់ទោសឲ្យជាប់គុកបីឆ្នាំ។
ទោះបីជាមានការស៊ើបអង្កេតពីរដ្ឋាភិបាលជាច្រើនបន្តបន្ទាប់គ្នាក៏ដោយ គេនៅពុំដឹងថាតើលោក Somchai ស្ថិតនៅទីកន្លែងណាទេ ហើយសពរបស់លោកក៏គេមិនដែលបានរកឃើញដែរ។
លោកបានបាត់ខ្លួនទើបតែបីសប្តាហ៍ប៉ុណ្ណោះក្រោយពីលោកបានចោទប្រកាន់សមាជិកខ្លះរបស់កងទ័ពថៃអំពីការពាក់ព័ន្ធក្នុងការវាយឆ្មក់មកលើឃ្លាំងផ្ទុកគ្រាប់របស់កងទ័ពនៅក្នុងតំបន់ភាគខាងត្បូងប្រទេសថៃនៅដើមឆ្នាំ២០០៤។
លោក Sochai បានអះអាងថាបុរសកាន់សាសនាអ៊ីស្លាមប្រាំនាក់ ដែលបានត្រូវចាប់ខ្លួនពីការចោទប្រកាន់ពីការពាក់ព័ន្ធការវាយឆ្មក់ឃ្លាំងផ្ទុកគ្រាប់របស់កងទ័ព ជាជនគ្មានទោសពៃទាំងអស់ ហើយត្រូវបានគេធ្វើទារុណកម្មនៅក្នុងគុក។
លោកស្រី Angkhana Neelapaichi ជាភរិយារបស់លោក Somchai និយាយថាក្រុមគ្រួសារនឹងប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់។
«ទោះបីនៅទីបញ្ចប់ខ្ញុំបានចាញ់រឿងក្តីនេះក៏ដោយ ក៏ប៉ុន្តែហេតុអ្វីបានជាប្រព័ន្ធយុត្តិធម៌មិនផ្តល់ឱកាសឲ្យខ្ញុំដើម្បីប្រយុទ្ធ? វាហាក់ដូចជាខ្ញុំត្រូវគេកាត់ផ្តាច់ចេញពីប្រព័ន្ធយុត្តិធម៌ ពីការប្រយុទ្ធដើម្បីយុត្តិធម៌ទោះបីរដ្ឋធម្មនុញ្ញថៃ អនុញ្ញាតិឲ្យប្រជារាស្រ្តទាំងអស់មានសិទ្ធិស្មើគ្នាក្នុងប្រព័ន្ធយុត្តិធម៌ក៏ដោយ។ ខ្ញុំមានការប្រាកដប្រជាអំពីរឿងនេះ»។
រឿងក្តីរបស់លោក Somchai បានត្រូវគេមើលឃើញថាជាការសាកល្បងការអនុវត្តសិទ្ធិមនុស្សរបស់ប្រទេសថៃក្នុងខេត្តភាគខាងត្បូងដែលមានភាពវឹកវរឥតឈប់ឈរដោយសារការបះបោររបស់ពួកអ៊ីស្លាមចាប់តាំងពីឆ្នាំ២០០៤មក ដែលបានសម្លាប់មនុស្សជាង៤ពាន់នាក់។
នាយករដ្ឋមន្រ្តី Abhisit Vejjajiva នាពេលបច្ចុប្បន្ន ភ្លាមៗបន្ទាប់ពីចូលកាន់អំណាច បានសន្យាធ្វើឲ្យមានការជឿនលឿននៅក្នុងការស៊ើបអង្កេតរឿងក្តីនេះ។ ពួកមេធាវីសិទ្ធិមនុស្សបានព្រមានថា ការប្រញាប់ប្រញាល់ក្នុងការដោះស្រាយរឿងក្តីនេះ អាចមានន័យថាមានភ័ស្តុតាងមិនគ្រប់គ្រាន់ នឹងត្រូវបង្ហាញនៅតុលាការ។ ដោយឲ្យវរសេនីយត្រី Ngern រួចពីទោសពៃរ៍ ពួកចៅក្រម និយាយថាដើមចោទបានបង្ហាញភ័ស្តុតាងនៃសេចក្តីថ្លែងការណ៍ច្របូកច្របល់ហើយបានខកខានមិនបានពន្យល់តុលាការឲ្យជឿថាប៉ូលីសរូបនោះបានប្រព្រឹត្តបទល្មើសដូចទៅតាមការចោទប្រកាន់មែនុ៕