សកម្មជននិងអង្គការមួយចំនួនក្នុងប្រទេសថៃសម្ដែងការព្រួយបារម្ភ ក្រោយពីការប្រកាសកាលពីខែមុនថា គណៈកម្មការទន្លេមេគង្គនឹងចាប់ផ្ដើមដំណើរការប្រឹក្សាយោបល់ជាមុនរបស់ខ្លួនលើទំនប់វារីអគ្គិសនីសាណាខាំ ដែលជាគម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីលើទន្លេមេគង្គនៅភាគខាងជើងប្រទេសឡាវ។
ទំនប់វារីអគ្គិសនីនេះនឹងក្លាយជាទំនប់វារីអគ្គិសនីទី ៦ នៅក្នុងប្រទេសឡាវ ដែលត្រូវចំណាយប្រាក់សាងសង់ជាងពីរពាន់លានដុល្លារ និងត្រូវស្ថិតនៅពីលើខ្សែទឹកទំនប់វារីអគ្គិសនីសៃយ៉ាប៊ូរី។ ទំនប់ វារីអគ្គិសនីសៃយ៉ាប៊ូរីបានចាប់ផ្ដើមប្រតិបត្តិការកាលពីខែវិច្ឆិកា ឆ្នាំមុន។
ដំណើរការប្រឹក្សាយោបល់ជាមុនរបស់គណៈកម្មការទន្លេមេគង្គជាធម្មតាមានរយៈពេល ៦ ខែ ដែលក្នុងអំឡុងពេលនោះ សមាជិកគណៈកម្មការទន្លេមេគង្គដទៃទៀត ដែលរួមមានប្រទេសថៃ កម្ពុជា និងវៀតណាម អាចត្រួតពិនិត្យគម្រោងនេះនិងវាយតម្លៃផលប៉ះពាល់ទៅលើប្រទេសរបស់ខ្លួន។
ខណៈដែលសមាជិកដទៃទៀតអាចស្នើឲ្យកែប្រែលើចំណុចណាមួយបាន ដំណើរការប្រឹក្សាយោបល់របស់គណៈកម្មការទន្លេមេគង្គមិនអាចបញ្ឈប់គម្រោងណាមួយបានទេ ដែលនេះមានន័យថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីសាណាខាំនឹងត្រូវតែដំណើរការទៅមុខ។
អង្គការ Save the Mekong ដែលជាសម្ព័ន្ធនៃអង្គការ និងស្ថាប័នសិក្សាស្រាវជ្រាវនានា បានឲ្យដឹងកាលពីថ្ងៃទី ២ ខែ មិថុនា ថា គម្រោងសាងសង់ទំនប់វារីអគ្គសនីដែលស្នើឡើងនេះត្រូវចំណាយអស់ថវិកាច្រើន មិនចាំបាច់ និងមានហានិភ័យ ហើយគួរតែលុបចោល។
អង្គការនេះបានឲ្យដឹងថា៖ «ឥឡូវនេះគឺជាពេលដែលត្រូវលុបចោលទំនប់វារីអគ្គសនីនានានៅលើដងទន្លេមេគង្គជាអចិន្ត្រៃយ៍ និងត្រូវផ្ដល់អាទិភាពទៅលើជម្រើសថាមពលដែលមានចីរភាពនិងសមធម៌ និងមាគ៌ាដែលគោរពសិទ្ធិរបស់សហគមន៍»។
ដូចទំនប់វារីអគ្គិសនីសៃយ៉ាបូរីដែរ អគ្គិសនីដែលទទួលបានពីគម្រោងសាណាខាំនឹងត្រូវនាំចេញជាចម្បងទៅកាន់ប្រទេសថៃ ដែលអ្នកតាមដានស្ថានការណ៍ជាច្រើននិយាយថា ប្រទេសថៃមានអគ្គិសនីប្រើប្រាស់ច្រើនលើសលប់រួចទៅហើយ។
លោក Ormbun Thipsuna អ្នកនាំពាក្យរបស់បណ្ដាញប្រជាជនថៃក្នុងខេត្តចំនួន៨នៅជាប់ទន្លេមេគង្គ បានឲ្យដឹងថា៖ «ឯកសារនានាបង្ហាញថា រោងចក្រអគ្គិសនីនានានៅក្នុងតំបន់នេះផលិតអគ្គិសនីបានគ្រប់គ្រាន់រួចទៅហើយ ហើយទំនប់វារីអគ្គិសនីសាណាខាំនឹងមានតែបង្កើតបញ្ហាបន្ថែមទៀតតែប៉ុណ្ណោះដល់ប្រជាជនដែលរស់នៅនិងធ្វើការនៅតាមដងទន្លេនេះ»។
អង្គការនេះបានគ្រោងជួបជាមួយនឹងក្រុមមន្ត្រីរដ្ឋាភិបាលថៃកាលខែមីនា ដើម្បីពិភាក្សាអំពីផលប៉ះពាល់ខ្លាំងក្លានានានៃទំនប់វារីអគ្គិសនីសៃយ៉ាបូរី ដែលទើបតែប្រតិបត្តិការថ្មី និងអំពីក្ដីបារម្ភលើគម្រោងទំនប់វារីអគ្គិសនីសាណាខាំដែលទើបតែស្នើថ្មីនេះ។ ប៉ុន្តែជំនួបនេះត្រូវបានពន្យារពេលដោយសារតែការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។
អាងស្ដុកទឹកទន្លេមេគង្គក្រោមមានកម្រិតទឹកទាបដែលមិនធ្លាប់មានពីមុនមកកាលពីពាក់កណ្ដាលឆ្នាំមុន ដែលធ្វើឲ្យប្រទេសថៃជួបគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំមកនេះកាលពីដើមឆ្នាំ ២០២០។ គ្រោះរាំងស្ងួតនោះបានប៉ះពាល់ដល់កសិករដែលពឹងផ្អែកខ្លាំងលើអាងទឹកទន្លេមេគង្គសម្រាប់ប្រព័ន្ធធារាសាស្ត្រ។
ក្រុមអ្នករិះគន់និយាយថា ទំនប់វារីអគ្គសនីថ្មីនេះនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់តែប៉ុណ្ណោះ។
លោក Paiporn Deetes នៃអង្គការអភិរក្ស International Rivers បានថ្លែងថា៖ «បើតាមអ្នកភូមិក្នុងខេត្ត Loei ដែលស្ថិតនៅភាគឦសានប្រទេសថៃ នៅខ្សែទឹកខាងក្រោមនៃទំនប់វារីអគ្គិសនីសាណាខាំដែលស្នើថ្មីនេះ ការជំរុញទៅមុខនូវគម្រោងនេះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកបរិស្ថាន និងសង្គមនៅជុំវិញទន្លេមេគង្គទៅលើសហគមន៍នៅខ្សែទឹកខាងក្រោម»។
លោក Deetes បាននិយាយបន្ថែមថា៖ «ការផ្ដល់ទិន្នន័យ ដែលរហូតមកដល់ពេលនេះប្រជាជនតែងតែទទួលបានតាមរយៈបណ្ដាញរបស់រដ្ឋាភិបាល មិនបានផ្ដល់ដំណឹងដល់សាធារណជនឲ្យបានគ្រប់ជ្រុងជ្រោយទេ ហើយក៏មិនបានលើកឡើងពីផលប៉ះពាល់ដល់ប្រទេសដទៃទៀតដែរ»។
លោក Deetes បានលើកឡើងយ៉ាងដូច្នេះ ដោយនិយាយសំដៅទៅលើព័ត៌មានអំពីបរិស្ថានមានកម្រិត ដែលផ្ដល់ដល់បណ្ដាប្រទេសដែលប្រតិបត្តិទំនប់វារីអគ្គិសនី ជាពិសេសនៅអាងទឹកទន្លេមេគង្គខាងលើ ដែលគ្រប់គ្រងដោយប្រទេសចិន។
លោកបានលើកឡើងទៀតថា៖ «សំខាន់បំផុតនោះ ការផ្ដល់ព័ត៌មានដល់សាធារណជននេះមិនបានលើកឡើងពីផលប៉ះពាល់ទៅលើសហគមន៍ដែលស្ថិតនៅខ្សែទឹកទន្លេមេគង្គខាងក្រោម និងប្រព័ន្ធអេកូឡូស៊ីនោះទេ»។
អង្គការជាច្រើនដែលជាសមាជិកអង្គការ Save the Mekong កំពុងអំពាវនាវឲ្យមានការបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីទ្រង់ទ្រាយធំមួយរយៈ ដែលស្រដៀងទៅនឹងការសម្រេចរបស់ប្រទេសកម្ពុជាកាលពីខែមីនាដែរ ដែលហាមឃាត់មិនឲ្យសាងសង់ទំនប់វារីអគ្គិសនីថ្មីនៅតាមដងទន្លេមេគង្គរយៈពេល ១០ ឆ្នាំ។
ថ្វីត្បិតតែប្រទេសចិនមិនមែនជាសមាជិកគណៈកម្មការទន្លេមេគង្គក៏ដោយ ក៏ប្រទេសនេះបានពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់យ៉ាងខ្លាំងក្លា តាមរយៈការវិនិយោគនិងការផ្ដល់ប្រាក់កម្ចី។
គណៈកម្មការទន្លេមេគង្គបានចេញសេចក្ដីថ្លែងការណ៍មួយស្នើឲ្យមានតម្លាភាពប្រសើរជាងមុន បន្ទាប់ពីការចេញផ្សាយរបាយការណ៍មួយកាលពីខែមេសា ដោយនិយាយថា ទំនប់វារីអគ្គិសនីរបស់ចិននៅខ្សែទឹកខាងលើទន្លេមេគង្គបានទប់ទឹកមិនឲ្យហូរ ដែលធ្វើឲ្យកម្រិតនៅក្នុងអាងស្តុកទឹកទន្លេមេគង្គនៅខ្សែទឹកខាងក្រោម មានកម្រិតទាប។
របាយការណ៍ដែលចងក្រងដោយក្រុមហ៊ុន Eyes on Earth ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់អំពីទឹក បានដាក់បញ្ចូលគ្នានូវរូបភាពពីផ្កាយរណបប្រចាំថ្ងៃពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៩ ដោយមានរួមបញ្ចូលនូវទិន្នន័យកម្ពស់ទឹកទន្លេប្រចាំថ្ងៃ ដើម្បីជួយដល់ការសន្និដ្ឋានរបស់ពួកគេដែលថា ទំនប់វារីអគ្គិសនីរបស់ចិននៅខ្សែទឹកខាងលើទន្លេមេគង្គទាំង ១១ បានទប់ទឹកដើម្បីយកទៅចាក់បំពេញក្នុងអាងស្ដុកទឹកសម្រាប់ប្រើប្រាស់រយៈពេលវែង។
លោក An Pich Hatda នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានថ្លែងថា៖ «តម្រូវការសម្រាប់ប្រទេសទាំងអស់ដែលស្ថិតនៅតាមបណ្ដោយទន្លេមេគង្គក្នុងការធ្វើឲ្យមានតុល្យភាពរវាងអត្ថប្រយោជន៍នៃការអភិវឌ្ឍ យុត្តិធម៌សង្គម និងចីរភាពបរិស្ថាន គឺជារឿងដ៏សំខាន់បំផុត។ ការចែករំលែកទិន្នន័យប្រកបដោយតម្លាភាពអំពីរបៀបដែលទឹកនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានាដំណើរការ នឹងជួយដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងហានិភ័យនិងចៀសវាងការយល់ខុសផ្សេងៗ»។
កាលបរិច្ឆេទក្នុងការចាប់ផ្ដើមប្រឹក្សាយោបល់អំពីគម្រោងទំនប់វារីអគ្គិសនីសាណាខាំនឹងត្រូវប្រកាស បន្ទាប់ពីដំណើរការប្រឹក្សាយោបល់របស់គណៈកម្មការទន្លេមេគង្គកាលពីមុនចប់រួចរាល់ ដែលត្រូវវាយតម្លៃទៅលើគម្រោងទំនប់វារីអគ្គិសនីលួងប្រាបាង្គ ដែលជាទំនប់មួយទៀតនៅក្នុងប្រទេសឡាវ។ ការប្រឹក្សាយោបល់អំពីទំនប់វារីអគ្គិសនីលួងប្រាបាង្គនេះ នឹងត្រូវធ្វើសេចក្ដីសន្និដ្ឋាននៅថ្ងៃទី ៣០ ខែ មិថុនា ខាងមុខនេះ។
ក្រុមហ៊ុន Datang Sanakham Energy គឺជាក្រុមហ៊ុនចុះកិច្ចសន្យាសាងសង់គម្រោងទំនប់វារីអគ្គិសនីសាណាខាំនេះ។ ក្រុមហ៊ុននេះគឺជាសាខារបស់ក្រុមហ៊ុន Datang International Power Generation Co. របស់រដ្ឋាភិបាលចិន៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា