ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ទិត ដាលីន នាយប់ថ្ងៃចន្ទ បានសម្រេចឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យរបស់គណបក្សភ្លើងទៀន ជាបណ្តោះអាសន្ន ក្រោយការសាកសួរចោទពីបទល្មើសដែលកើតឡើងកាលពីចុងឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការចោទប្រកាន់ចេញសែកអត់លុយ។ នេះបើតាមអ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ។
លោក ថាច់ សេដ្ឋា ត្រូវបានឃាត់ខ្លួន នៅថ្ងៃចន្ទនេះ ដើម្បីសាកសួរ នៅគ្រាដែលតុលាការបានចេញដីកាបង្គាប់ចាប់ខ្លួននៅថ្ងៃដដែលនេះ។
លោក អ៊ី រិន អ្នកនាំពាក្យតុលាការ ប្រាប់វីអូអេថា៖ «ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅ ម១ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់»។
ក្រោយការសម្រេចឃុំខ្លួននេះ តុលាការបានចេញសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃចន្ទនេះថាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុនរិន ឆាយ ផនសប (Rin Chhay Pawn Shop) ដែលប្តឹងលោក ថាច់ សេដ្ឋា ពីរឿងចេញសែកគ្មានសាច់ប្រាក់ចំនួន៥សន្លឹក។ តុលាការបញ្ជាក់ថាលោក ថាច់ សេដ្ឋា មិនបានចូលខ្លួនបំភ្លឺតាមដីកាចំនួន២លើក ដោយពុំមានមូលហេតុ។
តុលាការបញ្ជាក់ថា៖ «រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាបង្គាប់នាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី។ ក្រោយបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា...»។
បើតាមដីកាបង្គាប់ឃុំខ្លួនដែលវីអូអេទទួលបាន លោក ថាច់ សេដ្ឋា ត្រូវបានបង្គាប់នាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស។
បើតាមដីការបស់តុលាការរាជធានីភ្នំពេញ ចេញដោយចៅក្រមស៊ើបសួរឈ្មោះ ទិត ដាលីន ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក ថាច់ សេដ្ឋា ត្រូវបានដាក់ស្ថិតនៅក្រោមការពិនិត្យពីបទ«មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ តាមច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សង។ បើតាមដីកា សំណុំរឿងនេះ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ហើយមានដីកាបង្គាប់ចូលខ្លួន ចំនួនពីរលើក ដែលទីមួយចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញផងដែរ និងទីពីរចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
ក្រៅពីមិនទាន់ឃើញព័ត៌មានលម្អិតចំពោះចំនួនទឹកប្រាក់និងទាក់ទងនឹងការចំណាយលើការជួញដូរអ្វីនោះ គេក៏មិនទាន់ដឹងនៅឡើយទេថាតើហេតុអ្វីបានជាតុលាការទើបចាត់វិធានការប្រឆាំងនឹងលោក ថាច់ សេដ្ឋា នាពេលនេះ ខណៈលោកបានរស់នៅក្នុងប្រទេស និងមិនបានគេចខ្លួនទៅណាឡើយ។
លោក សេង សារី អ្នកវិភាគនយោបាយមួយរូប ថ្លែងថាការចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជា«ការបេះ»មេដឹកនាំគណបក្សភ្លើងទៀន ដើម្បីគណបក្សប្រឆាំងមួយនេះចុះខ្សោយ និងអាចគ្រប់គ្រងបាន។
លោកបញ្ជាក់ថានេះជា«យុទ្ធសាស្រ្តបំបែក ដើម្បីគ្រប់គ្រង»។ លោកបន្ថែមថាគណបក្សភ្លើងត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់ រក្សាភាពអត់ធ្មត់បានខ្ពស់ និងត្រូវបន្តចូលរួមការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕