សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យរបស់គណបក្សភ្លើងទៀននៅថ្ងៃចន្ទនេះ ពីបទល្មើសដែលកើតឡើងកាលពីចុងឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការចោទប្រកាន់ចេញសែកអត់លុយ។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកបញ្ជាក់ប្រាប់វីអូអេនៅល្ងាចថ្ងៃចន្ទនេះថា៖ «ពិតជាបានឃាត់ខ្លួន តាមដីកាបញ្ជាឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ពាក់ព័ន្ធទៅនឹងបណ្តឹងចេញសែកស្អុយ ឬសែកអត់លុយ»។
បើតាមដីការបស់តុលាការរាជធានីភ្នំពេញ ចេញដោយចៅក្រមស៊ើបសួរឈ្មោះ ទិត ដាលីន ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក ថាច់ សេដ្ឋា ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ«មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ តាមច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សង។
បើតាមដីកា សំណុំរឿងនេះ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ហើយមានដីកាបង្គាប់ឲ្យចូលខ្លួន ចំនួនពីរលើក ដែលទីមួយចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញផងដែរ និងទីពីរចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
ដីកាបង្គាប់ឲ្យចាប់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទនេះ តុលាការបញ្ជាក់ថាលោក ថាច់ សេដ្ឋា មិនព្រមចូលខ្លួនតាមដីកាបង្គាប់ឲ្យចូលខ្លួនទាំងពីរលើក។ ដីកាបញ្ជាក់ថា៖ «...គប្បីតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទមកសាកសួរចំពោះមុខចៅក្រមស៊ើបសួរទៅតាមនីតិវិធី»។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក ថាច់ សេដ្ឋា បានភ្លាមៗនៅឡើយទេ។
ក្រៅពីមិនមានសេចក្តីរាយការណ៍លម្អិតពីចំនួនលុយ គេក៏មិនទាន់ដឹងនៅឡើយទេថាហេតុអ្វីទើបតុលាការចាត់វិធានការចាប់ខ្លួន លោក ថាច់ សេដ្ឋា នាពេលនេះ ខណៈលោកបានរស់នៅក្នុងប្រទេស និងមិនបានគេចខ្លួនទៅណាឡើយ៕
ភ្នំពេញ —