រយៈកាល​ដ៏តានតឹង​សម្រាប់គណបក្ស​ Golkar ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី

(រូបភាព​ឯកសារ) ប្រធាន​សភាឥណ្ឌូណេស៊ី​ លោក Setya Novanto គ្រវីដៃ​ដាក់​អ្នកយក​ព័ត៌មាន ខណៈ​លោក​ចាកចេញ​ពីបន្ទប់​ជំនុំជំរះក្តី​នៃ​ក្រុមប្រឹក្សាក្រមសីលធម៌​របស់​សភាក្នុង​រដ្ឋធានីហ្សាការតា​ ថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ២០១៥។

កិច្ច​ខិតខំប្រឹងប្រែង​របស់​ ប្រទេស​ឥណ្ឌូណេស៊ី​ក្នុងការចាប់​ខ្លួនប្រធាន​សភា លោក​ Setya Novanto លើ​ករណី​អំពើ​ពុករលួយ​ ដែល​ជា​ប្រធានបទ​លេចធ្លោ​តាម​សារព័ត៌មាន​នោះ​ បាន​ប្រែក្លាយ​ទៅជា​រឿង​កំសត់​វិញ ដោយ​រាប់​ចាប់​តាំង​ពីការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ គ្រោះថ្នាក់​ចរាចរ​ រហូត​ដល់ការឆ្មក់​ចូល​ចាប់ខ្លួន​នៅ​ក្នុង​ផ្ទះ។

សំណុំរឿង​នេះ​ មិនត្រឹម​តែជា​ការ​សាកល្បង​ទៅលើ​កិច្ចខំ​ប្រឹងប្រែង​ប្រឆាំងនឹង​អំពើពុក​រលួយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះទេ​ ក៏ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​វា​បាន​ក្លាយ​ជាសញ្ញា​នៃការបែកបាក់​គ្នា​ដែល​រឿងអាស្រូវ​នេះ​កំពុង​គំរាមកំហែង​ដល់មុខមាត់​របស់​គណបក្សGolkar ដែល​ជាគណបក្ស​មានវ័យចំណាស់​ជាងគេ​ និង​ជាកម្លាំង​នយោបាយ​ដ៏ធំមួយ​សម្រាប់ប្រទេស​ឥណ្ឌូណេស៊ី។

គណបក្ស​ Golkar ធ្លាប់ជា​គណបក្ស​ដឹកនាំ​ប្រទេស​អស់រយៈពេល​២៦ឆ្នាំ គឺភ្លាមៗ​បន្ទាប់ពី​របប​ដឹកនាំ​ផ្តាច់ការ​ Suhartoបានរលំ។ លោក​ Novanto ត្រូវបាន​គេតំឡើង​ឋានៈជា​ប្រមុខ​បក្ស​ក្នុងឆ្នាំ២០១៥​ ប៉ុន្តែ​មុខតំណែង​នេះត្រូវ​បានដក​ហូតវិញ​កាល​ពី​ថ្ងៃអង្គារ​កន្លងទៅ​ដោយសារ​មានសំណុំ​រឿងអំពើពុក​រលួយ​របស់​លោក។

ឈ្មោះ​ Novanto ដែល​ជាប់ពាក់ព័ន្ធ​នឹងរឿង​អាស្រូវ​ធ្វើ​កាតអត្តសញ្ញាណ​ប័ណ្ណ​ ត្រូវ​បាន​គេរាយការណ៍​ថាកំពុង​គំរាមកំហែង​ដល់​កិត្តិនាម​នៃ​អ្នកនយោបាយ​ផ្សេងៗ​ក្នុងជួរ​គណបក្ស​ Golkar ។ លោក​បាន​ស្ថិត​ក្រោម​ការឃុំ​ខ្លួនដោយ​គណៈកម្មាធិការ​លុប​បំបាត់​អំពើពុករលួយ​រហូតដល់ថ្ងៃទី៣០​ ខែវិច្ឆិកា​ ដែល​ជា​ពេល​ផ្តើម​ធ្វើការសាកសួរ​ ហើយ​មុនពេលរូប​លោកស្ថិត​ក្នុងដំណាក់កាល​មុនការកាត់ក្តី​ លោក​ Novanto បាន​ប្រមែ​ប្រមូលឯកសារ​នានាធ្វើជាលេស​ក្នុងការពន្យារពេល​ជាមួយ​តុលាការស្ថិតនៅ​ភាគ​ខាងត្បូងក្រុង​ហ្សការតា។ សំណុំ​រឿងអំពើពុក​រលួយនេះ​ គឺជាប់​ពាក់ព័ន្ធនឹង​ការព្យាយាម​កាត់​យក​ចំណែក​ប្រាក់​ពីក្រុមហ៊ុន​ដែលមាន​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ផលិត​កាតអត្ត​សញ្ញាណ​ប័ណ្ណ​អេឡិចត្រូនិក​("e-KTP")ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

មេដឹកនាំ​បណ្តោះ​អាសន្ននៃ​គណបក្សនេះ​ គឺ​អគ្គលេខាធិការបក្ស​ លោក​ Idrus Marham។ ប្រសិន​បើ​ការ​កាត់ក្តីលោក​ Novanto នៅតែ​បន្ត គណបក្ស​នឹងបោះឆ្នោត​ជ្រើសរើស​ប្រមុខថ្មី​នៃគណបក្ស​នេះ។ គណបក្ស​ Golkar គឺជា​ដៃគូសម្ព័ន្ធភាព​ស្របច្បាប់​ដ៏សំខាន់​របស់លោក​ប្រធានាធិបតី​ Joko Widodo។ ស្របពេល​ជាមួយគ្នា​នេះ​ ក៏មានការ​ព្រួយបារម្ភ​លើ​កិច្ចការ​ក្នុង​ការពង្រឹង​ចំណង​មិត្តភាព​នៃ​សម្ព័ន្ធ​ភាព​ ​ពីព្រោះតែ​នឹងមានការ​បោះឆ្នោត​ធំៗ​និងឆាប់ៗកើតឡើង​នៅឆ្នាំក្រោយ​នេះ​ ដែល​ការបោះឆ្នោត​ថ្នាក់តំបន់​នឹងធ្វើឡើង​ក្នុងខែមិថុនា​ ឆ្នាំ២០១៨​ ហើយ​ការ​បោះឆ្នោត​ជ្រើសរើសស​មាជិកសភា​ និង​ប្រធានាធិបតី​ដែល​ពុំធ្លាប់​មានពីមុនមក​ នឹងកើតឡើងក្នុងរយៈ​ពេល១០ខែ​បន្ទាប់​ទៀតនេះ។

អ្នក​ក្តោបក្តាប់​អំណាច​បែប​ Suharto

គណបក្ស​ Golkar សម័យ​ទំនើប (ដែល​មានឈ្មោះ​ពេញជា​ភាសា​ឥណ្ឌូណេស៊ី​ Partai Golongan Kary ភាសា​អង់គ្លេស​ Party of the Functional Groups) កកើត​ចេញពីសហជីព​ប្រឆាំង​កុម្មុយនីស្ត​ដែលបង្កើត​ឡើង​ដោយ​ក្រុមយោធា​ឥណ្ឌូណេស៊ីក្នុង​ឆ្នាំ១៩៦៤។ បន្ទាប់​ពីមានការ​សម្លាប់រង្គាល​ដោយ​ក្រុម​យោធា​លើជន​ដែលសង្ស័យ​ថា​ជា​ជន​កុម្មុយនីស្ត​ និង​ក្រុមឆ្វេង​និយមក្នុង​ឆ្នាំ១៩៦៥​ និង​ឆ្នាំ១៩៦៦​ ហើយ​លោក​នាយ​ឧត្តមសេនីយ៍​ Suharto បាន​ដណ្តើម​អំណាច​ពីប្រធានាធិបតីដំបូង​ លោក​ Sukarno រួចមក​លោក​ Suharto ​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំ​ងជាប្រធានាធិបតី​ផ្លូវការក្នុង​ឆ្នាំ១៩៦៨។

លោក​ Suharto មិន​មានទំនាក់​ទំនងជាមួយ​គណបក្ស​ Golkar ទេ​ ប៉ុន្តែ​យ៉ាង​ហោចណាស់​ លោក​ជាតួអង្គ​ដ៏សំខាន់​មួយ​សម្រាប់គណបក្ស​នេះ​សម្រាប់​យុទ្ធនាការ​ឃោសនា​ឲ្យ​លោកជាប់​ឆ្នោតសារ​ជាថ្មី។ លោក​ Suharto បានគ្រប់គ្រង​លើការផ្លាស់​ប្តូរ​ពី​សម្ព័ន្ធភាព​ដែលមិន​គិតពី​ផលប្រយោជន៍​ទៅ​ជា​ដៃ​គូ​គណបក្ស​នយោបាយវិញ​ ដែល​បេក្ខជន​ដំបូងរបស់​គណបក្សនេះ​ ចាប់​ផ្តើមឈរ​ឈ្មោះក្នុង​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ក្នុងឆ្នាំ​១៩៧១។

គណបក្ស​ Golkar នៅ​តែ​ជា​គណបក្ស​នយោបាយ​ដ៏សំខាន់​មួយក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុងសម័យ​កាល​លោក​ Suharto លុះ​រហូតដល់​របបផ្តាច់​ការរបស់​លោក​បានដួល​រលំក្នុង​ឆ្នាំ១៩៩៨។ គិតត្រឹម​ឆ្នាំ១៩៩៧​ បេក្ខជន​នៃគណបក្សនេះ​បានឈ្នះ​អាសនៈ៦២​ ទៅ៧៤​ភាគរយ​នៃអាសនៈ​សរុបក្នុង​រដ្ឋសភា​រៀងរាល់​ការបោះឆ្នោត​ថ្នាក់ជាតិ​ម្តងៗ។

គណបក្ស​នេះ​ បាន​សម្របខ្លួន​ទៅតាម​សម័យ​កាល​ប្រជាធិបតេយ្យក្រោយ​ឆ្នាំ១៩៩៨​ តាមរយៈ​ការ​បង្កើត​ឲ្យ​មានការបោះ​ឆ្នោតជ្រើសរើស​ប្រមុខបក្ស​ និង​ការសម្រេច​ចិត្ត​បែបប្រកួត​ប្រជែង​ជ្រើសរើស​បេក្ខភាព​ប្រធានាធិបតី។ ប៉ុន្តែ​បច្ចុប្បន្ន​ ប្រទេស​ឥណ្ឌូណេស៊ី​មានគណបក្ស​នយោបាយ​ជាច្រើន​ គឺ​ច្រើន​ជាងក្នុង​សម័យកាល​លោក Suharto ដែល​មានគណបក្ស​នយោបាយ​តែ៣​ ហើយ​ត្រូវទទួល​ការដាក់ទណ្ឌកម្ម​ពីរដ្ឋថែម​ទៀត។ ក្នុង​ការបោះឆ្នោតឆ្នាំ​២០០៩​ និងឆ្នាំ២០១៤​ គណបក្ស​ Golkar ទទួល​បានអាសនៈ​មិនដល់១៥​ភាគរយនៃ​ចំនួនអាសនៈ​សភាសរុបផង​ ហើយ​បេក្ខជនប្រធានាធិបតី​នៃគណបក្សនេះ​ ទទួលបរា​ជ័យទាំង​ក្នុងការបោះឆ្នោត​ឆ្នាំ២០០៤ និង​ឆ្នាំ២០០៩។

កាល​ពីអតីតកាល​ គណបក្ស​ Golkar ធ្លាប់មាន​ទំនាក់ទំនង​ជាមួយក្រុម​យោធា​យុវជន​ខុស​ច្បាប់​ដែលមាន​ឈ្មោះថា​ Pemuda Pancasila។ មនុស្សមួយ​ចំនួននៃ​ក្រុម​អ្នក​នយោបាយ​សំខាន់ៗ​ក្នុង​ពេល​បច្ចុប្បន្ន​ តួយ៉ាង​លោក Bambang Soesatyo គឺ​ធ្លាប់ជា​សមាជិក​នៃក្រុម Pemuda Pancasila នេះ​ផងដែរ។

ប៉ុន្តែ​បច្ចុប្បន្ននេះ​ ភាគច្រើន​នៃចំណងទំនាក់​ទំនងរវាង​ក្រុមយោធា​ និងគណបក្ស ​Golkar បាន​សាបរលាប​ នេះ​បើតាម​សំដីរបស់​លោក Evan Laksmana ដែល​ជាអ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​ និងអន្តរជាតិ​ក្នុង​រដ្ឋធានី​ហ្សាការតា។

លោក​ Laksmana បានបន្ត​ថា៖ “ចាប់​តាំងពីឆ្នាំ១៩៩៩​មក មិនមាន​ការចង​សម្ព័ន្ធភាព​រវាង​យោធា​ និង​គណបក្ស​នយោបាយ​ដូចមុននោះ​ឡើយ។ យោធា​ប្រទេស​ឥណ្ឌូណេស៊ី​មិនធ្លាប់​មាន​ ហើយ​បច្ចុប្បន្ន​នេះ​ក៏មិនមាន​ចំណង​ទំនាក់ទំនង​ផ្លូវការ​ ឬជាផ្នែក​ណាមួយ ជា​មួយនឹង​គណបក្សណា​មួយឡើយ។ កងកម្លាំង​យោធា​ការពារ​ជាតិ​ឥណ្ឌូណេស៊ី​ ដែលហៅ​កាត់ថា (TNI) មិនមាន​ជាប់ពាក់ព័ន្ធ​នឹង​នយោបាយ​របស់គណបក្ស​ណាមួយផង​ដែរ”។

លោក​ បានបន្ថែម​ថា៖ “ប្រសិន​បើគណបក្ស​ Golkar បោះបង់​ចោលការ​ចូលរួម​ប្រកួត​ក្នុង​ការបោះ​ឆ្នោតនោះ​ គឺ​ដោយ​សារតែមន្រ្តី​ជាច្រើន​របស់គណបក្ស​នោះ​ត្រូវ​ចូល​និវត្តន៍។ វា​ក៏​អាច​ដោយសារ​តែករណី​អំពើពុករលួយ​ និង​លទ្ធផល​នៃ​ក្រុម​ការងារ​គណបក្ស​Golkarថ្នាក់​ក្រោមជាតិ​ និង​ក្រុមមន្រ្តី​ដែលបាន​ជាប់ឆ្នោត​រាប់ចាប់តាំង​ពី​ចៅហ្វាយ​ក្រុង​ រហូត​ដល់អភិបាល​ខេត្ត”។

ស្ថានភាព​នៃគណបក្ស​មានមនុស្ស​ចម្រុះ

ក្រុមអ្នក​តាមដាន​ស្ថានការណ៍​សង្គម​ បានលើក​ឡើង​ពីវិបត្តិនៃ​ភាពដឹកនាំ​ក្នុងជួរ​គណបក្ស​ ដែលជា​ប្រភពអាច​ធ្វើឥទ្ធិពល​អំណាច​នៃគណបក្ស​នេះមាន​ការធ្លាក់ចុះ។ រឿង​អាស្រូវរបស់​លោកNovanto ទំនង​ក៏នឹង​មិនអាច​ជួយដោះ​ស្រាយ​វិបត្តិ​នេះផង​ដែរ។

ប្រទេស​ឥណ្ឌូណេស៊ី​សម័យទំនើប​ បាន​ក្លាយ​ជា​ទីលាន​សម្រាប់​ការផ្លាស់ប្តូរ​ស្ថានភាព​នៃ​គណបក្ស​នយោបាយ​ជាបន្តបន្ទាប់​ និង​មានលក្ខណៈធំធេង។ អ្នកមាន​អំណាច​និង​ទ្រព្យ​ដែល​បាន​មក​ពី​ការ​ធ្វើជំនួញ​លើប្រព័ន្ធ​ផ្សព្វផ្សាយ និងដៃ​គូជំនួញ​របស់លោក​ប្រធានាធិបតី​ Donald Trump តួយ៉ាង​លោក​ Hary Tanoe ក៏​ផ្តើម​បង្កើត​គណបក្ស​ផ្ទាល់ខ្លួន​មួយដែលមាន​ឈ្មោះថា​គណបក្ស​ Perindo កាលពី​ឆ្នាំមុន​នេះ។ កាលពីឆ្នាំ​២០១៥ អតីត​អ្នកអត្ថាធិប្បាយ​តាម​កញ្ចក់ទូរទស្សន៍​ ឈ្មោះ​ Grace Natalie ក៏បាន​បង្កើត​គណបក្ស​មួយថ្មី​ដែរ​ មាន​ឈ្មោះថា​ Indonesian Solidarity Party ដែល​គណបក្សនេះ​ផ្តោតលើ​សិទ្ធិស្រ្តី​ និង​ពហុបក្ស​និយម។ ភាព​លេចធ្លោ​នៃគណបក្សនេះ​ គឺ​ដោយ​សារ​តែមាន​ការ​គាំទ្រ​ពី​យុវជន​ដែល​មានវ័យ​២១ឆ្នាំ​ឈ្មោះ​ Tsamara Amany ជាតារា​នៃ​បណ្តាញ​សង្គម Twitter និង​ជានិស្សិត​ម្នាក់។

សម័យកាល​នៃការត្រួតត្រា​របស់​គណបក្ស​ Golkar ទំនង​ជាផុត​រលត់​ហើយ។ ក៏​ប៉ុន្តែ​ដើម្បីរក្សា​ខ្លួនក្នុង​ការប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ខាងមុខ​ គណបក្សនេះ​ត្រូវធ្វើកិច្ចការ​មួយដ៏លំបាក​គឺត្រូវ​ស្តារកិត្តិនាម​គណបក្សខ្លួន​ឡើងវិញ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ជា​ច្រើន​ផ្សេង​ទៀត។

ទោះ​ជាមានអ្វីកើត​ឡើងចំពោះ​គណបក្សនេះ​ក៏ដោយ​ អនាគត​នយោបាយ​របស់លោក​ Novanto មើល​ទៅដូច​ជា​អាប់អួ​ទៅ​ហើយ។

លោក​ Arbi Sanit អ្នកវិទ្យា​សាស្ត្រនយោបាយ​នៃសាកលវិទ្យាល័យឥណ្ឌូណេស៊ី​ University of Indonesia បាន​បកស្រាយ​ថា៖ "ប្រសិន​បើតុលាការ​ក្រុង​ហ្សាការតា​ បដិសេធ​លើការការពារ​ខ្លួនរបស់លោក​ នោះវា​នឹងក្លាយ​ជាទី​អវសាន​នៃ​អាជីពជាអ្នកនយោបាយ​របស់លោក​ហើយ។ ហើយ​ប្រសិនបើគាត់​ឈ្នះក្តីនេះ​ គណបក្ស​ Golkar និង​បាត់បង់​អ្នកគាំទ្រជា​ច្រើន”៕

ប្រែ​សម្រួលដោយ ​កោះ​ សុគន្ធី​