និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ស្នើ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​លុបចោល​ស៊ីមកាត​គ្មាន​អត្តសញ្ញាណ​នៅ​ដើម​ខែ​កក្កដា

រូបឯកសារ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ ​កំពុង​មើល​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​ ​ហៅ​ថា​ 'Explore feed'​ នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​គាត់​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​ ​(នៅ វណ្ណារិន/VOA)

ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​មាន​ពេល​ត្រឹម​ថ្ងៃទី​១ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ក្នុង​ការ​​បិទ​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត​ដែលគ្មាន​​ឯកសារ​សម្គាល់​អត្ត​សញ្ញាណ​អ្នកប្រើ​ប្រាស់​ បើមិនដូច្នេះទេ​ និយ័តករ​ទូរគមនាគមន៍​កម្ពុជា​​នឹង​ចាត់​វិធានការ​​ច្បាប់។​

អង្គភាព​រដ្ឋ​ដែល​គ្រប់គ្រង​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា​បាន​កំណត់​ពេល​មិន​ដល់​មួយ​សប្តាហ៍​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងអស់​ ឲ្យ​លុបចោល​ប្រតិបត្តិ​ការ​នៃ​ស៊ីមកាត​ទូរស័ព្ទ​ដែល​មិនមាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ថ្មី​មួយ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នាដើម​សប្តាហ៍​នេះ។​

ការ​កំណត់​ឲ្យ​លុប​ចោល​ប្រតិបត្តិការ​ស៊ីមកាត​ដែល​មិនមាន​ឯកសារ​សម្គាល់​អត្ត​សញ្ញាណ​អ្នក​ប្រើ​ប្រាស់ ត្រឹម​ថ្ងៃ​ទី​១ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាព​នៃ​បទ​បញ្ញត្តិ​ពីរ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​ទាក់​ទិន​ការ​គ្រប់​គ្រង​ផ្សព្វ​ផ្សាយ​តាម​គេហ​ទំព័រ​ និង​បណ្តាញ​សង្គម​ ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​ និង​ការ​ប្រើ​ប្រាស់​ស៊ីមកាត​ដែល​គ្មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​អ្នក​ប្រើ​ប្រាស់។

សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ចុះថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ បាន​សរសេរ​តាម​ន័យ​ដើម​ថា៖

«ដើម្បី​សម្រេច​បាន​គោល​បំណង​ និង​គោលដៅ​នេះ​ និយ័តករ​ទូរ​គមនាគមន៍​កម្ពុជា​(ន.ទ.ក.)​ សូម​រំឭក​ដល់​បណ្តា​ប្រតិបត្តិករ​ទូរ​គមនាគមន៍ ​និង​បុគ្គល​ពាក់​ព័ន្ធ​វិស័យ​ទូរ​គមនាគមន៍​ទាំងអស់ ​មេត្តា​សហការ​អនុវត្ត​ការងារ​របស់​ខ្លួន​ស្រប​តាម​ខ្លឹម​សារ​នៃ​បទ​បញ្ញត្តិ​ទាំង​ពីរ​ខាង​លើ​នេះ ​ស្រប​តាម​ស្មារតី​ឯកភាព ​គាំ​ទ្រ​របស់​បណ្តា​ប្រតិ​បត្តិ​ករ ​និង​បុគ្គល​ពាក់​ព័ន្ធ​នឹង​វិស័យ​ទូរ​គមនាគមន៍»។​

និយ័តករ​ទូរ​គមនាគមន៍​កម្ពុជា​បាន​ក្រើន​រំឭក​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​បង្ហោះ​សារ​ ឬ​ចែកចាយ​ព័ត៌មាន​ជា​សារ​ក្តី​ ជា​អក្សរ​ក្តី​ ជា​សំឡេង​ក្តី​ ជា​រូបភាព​ក្តី ​ជា​វីដេអូ​ក្តី ​និង​/​ឬ​ជា​ទម្រង់​ផ្សេងៗ​ទៀត​ក្តី​ ដែល​មាន​ចេតនា​បង្ក​ជា​ចលាចល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ​ សន្តិសុខ​ជាតិ​ ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ដទៃ ​សេដ្ឋកិច្ច​ សណ្តាប់​ធ្នាប់​សាធារណៈ ​និង​ការ​រើសអើង​វប្បធម៌​ ប្រពៃណី​ជាតិ។​

និយ័តករ​ទូរគមនាគមន៍​កម្ពុជាក៏បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​ប្រតិបត្តិ​ករ​ទូរ​គមនាគមន៍​ណាមួយ​ ឬ​បុគ្គល​ពាក់​ព័ន្ធ​នឹង​វិស័យ​ទូរ​គមនាគមន៍​ណា​មួយ​ ឬ​សាធារណជន​ជា​អ្នក​ប្រើ​ប្រាស់​បណ្តាញ ​និង​សេវា​ទូរ​គមនាគមន៍​ណា​ម្នាក់​ដែល​ បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ ​និង​បទបញ្ញត្តិ​នានា​ជាធរមាន​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​នេះ។​

លោក ​ហៀង​ បូរ៉ាន់​ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​និយ័តករ​ទូរ​គមនាគមន៍​កម្ពុជា​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​កាន់​អ្នក​នាំពាក្យ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា។​

លោក ​អ៊ឹម វុត្ថា ​អ្នក​នាំពាក្យ​របស់​និយ័តករ​ទូរ​គមនាគមន៍​កម្ពុជា​ មិន​អាច​ផ្តល់​ទិន្នន័យ​ចំនួន​ស៊ីមកាត​គ្មាន​ឯកសារ​សម្គាល់​អត្ត​សញ្ញាណ​អ្នកប្រើ​ប្រាស់នោះ​ទេ​ តែ​លោក​ប្រាប់​ VOA ​ថា​ ក្រុម​ហ៊ុន​ទូរសព្ទដែល​មាន​អតិថិជន​ច្រើន​ ដូចជា​ Metfone​ បាន​អះអាង​ថា​ ខ្លួន​មិនមាន​ស៊ីម​កាត​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​គ្មាន​អត្ត​សញ្ញាណ​នៃ​អ្នកប្រើ​ប្រាស់​នោះ​ទេ។ ​លោក​ថ្លែង​បន្ត​ថា​ ក្រុម​ហ៊ុន​ណា​ដែល​នៅ​បន្ត​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ស៊ីមកាត​ ដែល​គ្មាន​អត្ត​សញ្ញាណ​នោះ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដែល​មាន​ជាធរមាន​ ដូច​ជា​ច្បាប់​ស្តីពី​ទូរ​គមនាគមន៍។​

«យើង​ត្រូវ​ការ​អគ្គស្នងការ​នគរបាល​ជាតិ​ ក្រុម​អគារ​ធិការ​ដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍​ ទូរគមនាគមន៍។ កាលណា​គាត់​រក​ឃើញ​អ្វី​មួយ​ គាត់​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ដើម្បី​ឈាន​ទៅដល់​ការ​ចាត់​វិធានការ​ ដូច្នេះ។ ​អីចឹង​គឺ​យើង​ត្រូវ​រក​អត្ត​សញ្ញាណ​នៃ​អ្វីៗ​ ដែល​ជា​បុគ្គលដែល​កាន់​លេខ​ហ្នឹង​ ហើយ​យើង​ទៅរក​ឯ​ណា? យើង​មិន​ទៅរក​ក្រុមហ៊ុន?​ ហើយ​បើក្រុមហ៊ុន​មិន.... នៅៗ​ តែ​ផ្តល់​លក្ខណៈ​អីចឹង​ យើង​បាន​ន័យ​ថា​ ក្រុមហ៊ុន​មិន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​អនុវត្ត​ច្បាប់​ ហើយ​យើង​ត្រូវ​ចាត់​វិធានការ​ ទៅ​តាម​ហ្នឹង​ទៅ»។​

លោក​ អ៊ឹម វុត្ថា មាន​ប្រសាសន៍​បន្ត​ថា​ វិធានការ​លុប​ចោល​ស៊ីមកាត​ដែល​មិន​មាន​បញ្ជាក់​អត្ត​សញ្ញាណ​នៃ​អ្នក​ប្រើប្រាស់​នេះ​គឺ​ជា​ការ​ទប់ស្កាត់​នូវ​ សកម្ម​ភាព​ឧក្រិដ្ឋ​តាម​បណ្តាញ​ប្រព័ន្ធ​ទូរស័ព្ទ​ ដែល​កាល​ពី​ពេល​កន្លង​មក​បាន​កើត​ឡើង​រួច​មក​ហើយ។​

«ឧទាហរណ៍​តូច​មួយ​ សាមញ្ញ​ ដែល​ជារឿង​ជួប​ប្រទះ ដូចជា​ telephone scam។ ​ ស្គាល់​ពាក្យហ្នឹង​ទេ?​ Telephone scam ​គឺ​ជា​ការ​បោក​បញ្ឆោត​ទៅ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ និង​ប្រព័ន្ធ​អ៊ីនធឺណិត​ អីៗ​ហ្នឹង​ ​ហើយ​មានការ​បោក​បញ្ឆោត​ថា ​ត្រូវ​រង្វាន់​ មាន​ត្រូវ​អី​ ​ផ្ញើ​ស្អីៗ​ ហើយ​មាន​បោក​លុយ​គ្នា​ទៅ​វិញ​ទៅ​មក​ហ្នឹង។​ ហើយ​ដល់​ពេល​វា​មិន​ដឹង​មក​ពី​ណា? ​យើង​រក​ទៅ​ វា​មិន​ឃើញ!​ ឃើញ​ទេ!​ ​វា​បង្ក​យ៉ាង​ម៉េច​ខ្លះ?​ វា​ធ្វើ​ឲ្យ​ជន​បង្ក​ហ្នឹង​រួចខ្លួន​ អីចឹង​ទៅណ៎ា»។​

អ្នក​នាំ​ពាក្យ​រូបនេះ​បាន​បញ្ជាក់​បន្ថែម​ថា​ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បាន​កំណត់​ឱសាន​វាទ​តាំងពី​ខែ​កញ្ញា ​ឆ្នាំ​២០១៧​ ដូច្នេះ​ត្រឹម​ថ្ងៃ​ទី​១ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ​ ក្រុមហ៊ុន​ទូរ​គមនា​គមន៍​ទាំងអស់​ត្រូវតែ​ធ្វើ​ឲ្យ​រួចរាល់​ថា​ ពួក​គេ​បាន​លុប​បំបាត់​ចោល​ទាំង​ស្រុង​នូវ​ប្រតិបត្តិ​ការ​ស៊ីមកាត​ដែល​គ្មាន​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​អ្នក​ប្រើ​ប្រាស់​នោះ។​

យ៉ាងណាក៏​ដោយ​ បន្ទាប់ពីរាជ​រដ្ឋាភិបាល​ចេញ​សេចក្តី​ប្រកាស​មួយចុះ​ថ្ងៃ​ទី​២៨​ ខែ​ឧសភា​ ឆ្នាំ​២០១៨​នេះ​ ដើម្បី​បង្កើន​ការ​ឃ្លាំមើល​ ការ​ត្រួត​ពិនិត្យ​ និង​ការ​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​ដោយ​អាជ្ញាធរ​រដ្ឋ​ ទៅ​លើ​ការ​សម្តែង​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​នោះ​ ​អង្គការ​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ រួម​ជា​មួយ​សហគមន៍​ សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​១០០​បាន​«សម្តែង​ក្តី​កង្វល់​ជា​ខ្លាំង​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​សេចក្តី​ប្រកាសអន្តរ​ក្រសួង​ដែល​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃ​ ក្រសួង​ព័ត៌មាន​ និង​ក្រសួង​ប្រៃសណីយ៍​នេះ​ ​បង្ហាញ​ពីការ​រឹតត្បិត​ហួសហេតុ ​មិន​សម​ហេតុផល​ ទៅ​លើ​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា ​និង​សំណូម​ពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​រដ្ឋ​ធ្វើ​និរាករណ៍​ប្រកាស​នេះ​វិញ។​

លោក ​ង៉ែត ម៉ូសេ​ ​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ​សង់ត្រាល់​ បាន​បង្ហាញ​ការសាទរ​ចំពោះ​ការ​លុប​បំបាត់​ចោល​ការប្រើ​ប្រាស់​ស៊ីមកាត​ទូរស័ព្ទ​ ដែល​មិន​មាន​បញ្ជាក់​អត្ត​សញ្ញាណ​របស់​អ្នកប្រើ​ប្រាស់​ ព្រោះ​ថា​ ​ការ​ទុក​ឲ្យ​ប្រើ​ប្រាស់​ស៊ីម​កាត​របៀប​នេះ​ នឹង​បើក​ឱកាស​ឲ្យ​ជន​ខិលខូច​អាចបង្កើត​គណនី​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់។ ​ទោះជាយ៉ាង​នេះក្តី​ លោក​នៅ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ខ្លឹមសារ​ និង​អំណាច​នៃ​ប្រកាស​របស់​អន្តរ​ក្រសួង​ទាំងបី​ ដែល​លោក​យល់​ថា ​ មាន​ចំណុច​ខ្លះ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ «ជាក់លាក់» ​នោះ​ឡើយ​ តួយ៉ាង​ដូចជា​ការ​ប្រើ​ពាក្យ​ថា «ប៉ះពាល់​សន្តិសុខ​ជាតិ»​ ជាដើម​នោះ។​

«ឧទាហរណ៍​រឿង​ដែល​ថា​ និយមន័យ​រឿង​ដែល​ថា​ រឿង​សន្តិសុខ​ជាតិ​ណា៎​ នៅ​ នៅ​ broad ​នៅ​ទូលាយ​នៅ​ឡើយ​ ​ដែល​ថា​ ស្អីទៅ​ ដែល​ហៅ​ថា​ សន្តិសុខ​ជាតិ​ ប៉ះពាល់​ដល់សន្តិសុខ​ជាតិ​ហ្នឹង។ អីចឹង ដែល​ខ្លឹមសារ​ដល់​តែ specific ​[ជាក់លាក់]​ បន្តិច»។​

VOA ​មិន​ទាន់​អាចសុំការ​អធិប្បាយពីក្រុមហ៊ុន​ធំៗ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័តរួម​មាន​ក្រុមហ៊ុន ​Smart ​ និង​ក្រុម​ហ៊ុន ​CamGSM Co. Ltd. ​ដែល​ជាផ្នែក​មួយនៃ​ក្រុមហ៊ុន​ Royal Group ​របស់​លោក​ឧកញ៉ា​គិត ម៉េង​ ដែល​ដាក់​ឲ្យ​ប្រតិ​បត្តិការ​ប្រព័ន្ធ​ Cellcard ​បាន​នៅ​ឡើយ​ទេ​ មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។​ បុគ្គលិក​ម្នាក់​នៅ​ក្រុមហ៊ុន​ Smart ​ដែល​បាន​លើក​ទូរស័ព្ទ​ បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ដោយ​ហេតុ​តែ​មិន​មាន​សិទ្ធិ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ខណៈ​ដែល​អ្នក​ដែល​មាន​សិទ្ធិ​និយាយ​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស។ ​ចំណែក​លោក​ គិត ម៉េង ប្រធាន​ក្រុមហ៊ុន​ Royal Group ​បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ទេ​ ដោយ​លោក​និយាយ​ថា​ រវល់​ក្នុង​ការ​ប្រជុំ។ ​VOA ​ក៏​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​ Metfone ​បាន​ដែរ។​

ក៏ប៉ុន្តែ​ លោក​ ញ៉ុន​ ឌិនថន​ អគ្គនាយក​រង​ក្រុមហ៊ុន​ Metfone ​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ជាង​៨លាន​នាក់ ​ត្រូវ​បាន​ក្រុមហ៊ុន​សាជីវកម្ម​ឌីជីថល​សប្បាយ​ (Sabay Digital Corporation) ​ដែល​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ខ្លីៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ស្រង់​សម្តី​ថា ​ក្រុម​ហ៊ុន Metfone ​បាន​បញ្ចប់​ស្ទើរ​តែ១០០​ភាគរយ​នូវ​ការ​គ្រប់គ្រងការ​ប្រើប្រាស់​ស៊ីមកាតរបស់​អតិថិជន​ដែល​គ្មាន​ឯកសារ។​

គិតមក​ត្រឹម​ខែ​មេសា​ ឆ្នាំ​២០១៨​នេះ​ ​ស៊ីម​កាតជាង​១៨​លាន​ត្រូវ​បាន​ប្រើ​ប្រាស់ ​និង​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិតជិត​១១​លាន​នាក់។ ​នេះ​បើ​យោង​តាម​ស្ថិតិ​ចុង​ក្រោយ​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា៕