បុគ្គលិក​ក្រសួង​អប់រំ​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​ក្របខណ្ឌរដ្ឋ​គ្រោង​ធ្វើការ​តវ៉ា

រូបឯកសារ៖ លោក ​រ៉ុង​ ឈុន នៅ​ពេល​ដែល​លោកនៅមានតួនាទី​ជាសមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីអំពី​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គជប) ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦ នារាជធានី​ភ្នំពេញ។​ (VOA)

ដោយ​យល់ថា ខ្លួន​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​ក្របខណ្ឌ​រដ្ឋ​ដោយសារ​ហេតុផល​នយោបាយ បុគ្គលិក​ក្រសួង​អប់រំ​គ្រោង​ធ្វើការ​តវ៉ា​នៅ​ក្រសួង​អប់រំ។

សមាគម​គ្រូ​បង្រៀន​កម្ពុជាឯករាជ្យនៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាស​ថា សមាគមនឹង​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ក្រសួង​អប់រំ ​ ប្រសិន​បើ​ក្រសួង​មិន​អនុញ្ញាត​ឲ្យគ្រូ​បង្រៀន​ចំនួន​១៣​នាក់ ​ដែល​ត្រូវបាន​លុបឈ្មោះ​ចេញ​ពី​ក្របខណ្ឌ​ បាន​ចូល​បម្រើ​ការងារវិញ​ទេនោះ។​ នេះ​បើតាម​ការ​អះអាង​ពី​លោក ​រ៉ុង ឈុន ​ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។​

ការ​លើក​ឡើង​របស់​លោក​ រ៉ុង ឈុន​ ធ្វើ​ឡើង​បន្ទាប់ពី​លោក ​ហង់ ជួនណារ៉ុន​ រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ​នា​ពេល​ថ្មីៗ​នេះ ​បាន​ចេញ​លិខិត​ជា​ច្រើន​ច្បាប់​សម្រេច​លុប​ឈ្មោះ​បុគ្គលិក​អប់រំ​ចំនួន​១៣នាក់ ​ដែល​បម្រើការ​នៅ​រាជធានី​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ក្នុងនោះ​មាន​ទាំង​លោក​ រ៉ុង ឈុន អតីត​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​(គ.ជ.ប.)​ ​ដែល​ត្រូវ​បាន​ជ្រើស​ចេញពី​គណបក្ស​ប្រឆាំងផង ដោយយោង​លើមូលហេតុ​ថា ​បុគ្គលិក​អប់រំ​ទាំង​នោះ​អវត្តមាន​ពី​ការងារ​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។​

លោក ​រ៉ុង ឈុន ​ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​ប្រាប់ ​VOA ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​សម្រេច​លុប​ឈ្មោះ​បុគ្គលិក​អប់រំ​ដោយ​យោង​លើ​មូលហេតុ​ថា​ អវត្តមាន​ដោយ​គ្មាន​ច្បាប់​នោះ​គឺ​ជា​ការ​សម្រេច​ផ្ទុយ​ពី​ច្បាប់ ​ដោយ​ថា ​ជា​ការ​គុំគួន​ផ្នែក​នយោបាយ ​ដោយសារ​បុគ្គលិក​អប់រំ​ទាំង​នោះជា​អតីត​សមាជិក​ក្រុម​ប្រឹក្សាគណបក្ស​សង្គ្រោះ​ជាតិ។​ លោក​បន្ថែម​ថា ​ការ​លុប​ឈ្មោះ​គ្រូ​បង្រៀនជា​បន្តបន្ទាប់​ដោយ​មិន​មាន​មូលហេតុ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​ឃើញ​ថា​ ទំហំ​នៃការ​បញ្ឈប់​នេះ ​វា​ជា​ទំហំ​ធំ​ហើយ​ ពីព្រោះ​បញ្ឈប់​បញ្ញវ័ន្ត​ ហើយ​ការ​បញ្ឈប់​ដោយមិនគោរព​ទៅ​តាម​នីតិវិធី ​មិន​គោរព​ច្បាប់​បែប​នេះ ​វា​ជា​រឿង​មួយ​អាក្រក់​ណាស់​សម្រាប់​កម្ពុជា​យើង។ ​ហើយ​ជា​ស្ថាប័ន​អប់រំ​ ស្ថាប័ន​អប់រំ​ជា​ស្ថាប័ន​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ​ជា​ស្ថាប័ន​មួយ​គំរូ ​បែរ​ជា​លោក​រដ្ឋមន្រ្តី ធ្វើ​បែប​នេះ​ទៅ​វិញ»។​

លោក​ រ៉ុង ឈុន ​បន្ថែម​ថា ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដាក់​លិខិត​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​តំណាង​ការិយា​ល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍។​ លោក​ថា ​ប្រសិន​បើ​ការ​លុប​ឈ្មោះ​បុគ្គលិក​អប់រំ​ទាំង​នេះ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​ទេ​នោះ​ ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យនឹងធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ក្រសួង​អប់រំ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«ដំណាក់​កាល​ចុង​ក្រោយ​ បើ​អត់​មាន​ដំណោះ​ស្រាយ​ទេ ​វា​អាច​នឹង​ឈាន​ទៅ​ដល់​នាំគ្នា​ឈរ​លើក​បដា​នៅ​ក្រសួង​អប់រំ ​ដើម្បី​ស្វែង​រក​ការ​អន្តរាគមន៍​ ឬ ​មួយ​លើក​បដា​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី»។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពីលោក​ រស់ សាលីន​ និង​លោក​ ឌី ខាំ​បូលី ​ដែលអ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ទេ។​

រូបឯកសារ៖ លោក​ ហង់ ​ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ STEM​ គឺ​គម្រោង​ «មជ្ឈមណ្ឌល​STEM» ​និង​គម្រោង​«អ្នកវិទ្យាសាស្ត្រតូច​» របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃទី​៩ ខែវិច្ឆិកា​ ឆ្នាំ២០១៦។ (VOA)

យ៉ាង​ណា​ក៏​ដោយ ​ក្នុង​កម្មវិធី​បើក​សិក្ខាសាលា​ស្តីពី​ការ​សិក្សា​មុខវិជ្ជា​វិទ្យា​សាស្រ្ត បច្ចេក​ទេស ​វិស្វកម្ម ​និង​គណិតវិទ្យា ​កាល​ពី​ថ្ងៃទី​២៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៨ លោក ​ហង់ ជួនណារ៉ុន ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ឆ្លើយ​នឹង​សំណួរ​របស់​ VOA ​យ៉ាង​ខ្លី​ថា​ ក្រសួង​បញ្ឈប់​បុគ្គលិក​អប់រំ ​ដែល​ជា​គ្រូ​បង្រៀន​ទាំង​នោះ​ ដោយ​ធ្វើ​ទៅ​តាម​ច្បាប់។​

លោក​បញ្ជាក់​ថា៖​

«បាទ! ​តាម​ពិត​យើង​អនុវត្ត​ទៅតាម​ច្បាប់​របស់​ក្រសួង»។​

មាត្រា​៤៧​នៃ​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្រ្តី​រាជការ​ចែង​ថា​ ​ការ​ចោទ​ប្រកាន់​អំពី​កំហុស​ខាង​វិន័យ​ត្រូវ​ធ្វើការ​អង្កេត​ជាមុន​សិន​ ចំពោះ​ទណ្ឌកម្ម​វិន័យ​ថ្នាក់​ទី២​ ​(ឬវិន័យ​ដែល​ឈាន​ដល់​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ)។​ សំណុំ​រឿង​អង្កេត​ត្រូវ​បញ្ជូន​ទៅ​ប្រធាន​ស្ថាប័ន​ដើម្បី​ពិនិត្យ​ ​និង​សម្រេច​ថា​ គួរ​បញ្ជូន​អ្នក​រាជការ​ដែល​ជាប់​ចោទ​នោះ​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​វិន័យ​ ឬ​អត់។​ ​ក្នុង​ករណី​ដែល​ប្រធាន​ស្ថាប័ន​យល់​ថា ​គួរ​បន្ត​ការ​ចោទ​ប្រកាន់​ ​សំណុំ​រឿង​ត្រូវ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​វិន័យ​ដែល​ត្រូវ​អញ្ជើញ​អ្នក​រាជ​ការ​ជាប់​ចោទ​មក​ពន្យល់​ ដោះសារ​ដោយ​ផ្ទាល់​មាត់​ ​និង​ជា​លាយលក្ខណ៍​អក្សរ​មុន​ពេល​ក្រុម​ប្រឹក្សា​វិន័យ​ធ្វើ​ការ​សន្និដ្ឋាន​អំពី​កំហុស​ ​និង​ទណ្ឌកម្ម​ ​ដើម្បី​ជា​យោបល់ដល់​អ្នក​មាន​សមត្ថកិច្ច​សម្រេច។

គ្រូ​បង្រៀន​មួយ​ចំនួន​ដែល​ត្រូវ​បាន​ក្រសួងអប់រំលុប​ឈ្មោះ​ចេញ​ពី​ក្របខណ្ឌ​នា​ពេល​កន្លង​មក​ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ក្រសួង​អប់រំ ​ដោយ​ពួក​គេ​អះអាង​ថា ​ពួកគេ​មិន​ដែល​ត្រូវ​បាន​ក្រសួង​ ឬ​មន្ទីរ​អប់រំ​ហៅ​ទៅ​សួរនាំ ​មុន​នឹង​សម្រេច​លុប​ឈ្មោះ​ពួកគេ​ចេញ​ពី​ក្របខណ្ឌ​នោះ​ទេ។ ​លោក​គេ​អះអាង​ថា ​ការ​លុប​ឈ្មោះ​នេះ​ទាក់ទងនឹង​ហេតុផល​នយោបាយ​ ព្រោះ​ពួក​គាត់​ជា​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ។

កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥០០៧​ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​តូចៗ​ផ្សេង​ទៀត ​បន្ទាប់ពី​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ជាង​៣​លាន​នាក់​កាល​ពី​ឆ្នាំ​២០១៣​ ត្រូវ​បាន​តុលាការ​កំពូល​សម្រេចរំលាយ​ កាល​ពី​ខែ​វិច្ឆិកាកន្លង​ទៅ៕