ការប្រគុំតន្រ្តី​ទេសចរណ៍ «‍Eras Tour» របស់​នាង Taylor Swift ដែល​បាន​បំបែក​ឯតទគ្គកម្ម​បាន​បញ្ចប់​នៅ​ទីក្រុង Vancouver

នាង Taylor Swift សម្តែងក្នុងការប្រគុំតន្រ្តី​ទេសចរណ៍ «The Eras Tour» ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង Vancouver ខេត្ត British Columbia ។

ការប្រគុំ​តន្រ្តី​ទេសចរណ៍ «‍Eras Tour» របស់​នាង Taylor Swift បាន​បញ្ចប់​ហើយ។

ការប្រគុំតន្រ្តី​ចុង​ក្រោយ​បំផុត​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង Vancouver ដែល​វា​ជា​ការប្រគុំ​តន្រ្តី​ចុង​ក្រោយ​បំផុត​នៃ​ការប្រគុំ​តន្រ្តី​ចំនួន ១៤៩ លើក​ក្នុង​រយៈពេល​ជិត ២ ឆ្នាំ។ ការប្រគុំ​តន្រ្តី​ទាំងនោះ ត្រូវបាន​គេ​ប៉ាន់ស្មាន​ថា រក​ប្រាក់​បាន​ប្រហែល​ពីរ​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ការប្រគុំ​តន្ត្រី​លើក​ដំបូង​ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ខែមីនា ឆ្នាំ២០២៣។

ការប្រគុំ​តន្ត្រី​នីមួយៗ​មាន​រយៈពេល​ប្រហែល ៣ ម៉ោង​កន្លះ និង​មាន​បទចម្រៀង​យ៉ាងតិចណាស់ ៤៤ បទ ចែកចេញ​ជា ១០ ផ្នែក ឬ «យុគសម័យ‍» នៃ​អាជីព​ថត​បទចម្រៀង​របស់​នាង។ ការប្រគំ​តន្ត្រី​នេះ​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ចំនួន ៥៣ នៃ​ទ្វីប​ចំនួន ៥។

សម្រាប់​អ្នក​រស់នៅ​ទីក្រុង Vancouver ការប្រគុំ​តន្រ្តី​របស់​នាងTaylor Swift បាន​ធ្វើ​ឱ្យ​ទីក្រុង​របស់​ពួកគេ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ដែល​ឈ្លក់វង្វេង​នឹង​នាង Taylor Swift ហើយ​បាន​នាំ​ឱ្យ​មាន​ការប្រៀបធៀប​ទៅ​នឹង​ពេល​ដែល​តំបន់​នោះ​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវ​រងា និង​ប៉ារ៉ា​ឡាំពិក​កាលពី​ឆ្នាំ២០១០។

លោក Chris May គឺជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​កីឡដ្ឋាន BC Place Stadium ដែល​ជា​កន្លែង​រៀបចំ​ការប្រគុំតន្ត្រី​របស់​នាង Taylor Swift ចុងក្រោយ​ចំនួន​បី​លើក។

លោក​និយាយ​ថា ការរៀបចំ និង​ការរៀប​គម្រោង​សម្រាប់​ការប្រគុំ​តន្ត្រី​ទាំងនេះ​គឺ​ស្រដៀងគ្នា​ទៅនឹង​ការរៀបចំ​ពិធី​សម្រាប់​កីឡា​អូឡាំពិក ប៉ារ៉ា​ឡាំពិក និង​ការប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​នារី​ឆ្នាំ ២០១៥ ដែល​បាន​ធ្វើឡើង​នៅក្នុង​កីឡដ្ឋាន​នេះ។

លោក​និយាយ​ថា ៧០% នៃ​អ្នកចូលរួម​ទស្សនា​ការប្រគុំ​តន្ត្រី​ចុងក្រោយ គឺ​មកពី​ខាងក្រៅ​តំបន់ Vancouver។ លោក May ថ្លែង​ថា៖

«‍ការណ៍​នោះ​មាន​ន័យ​ថា យើង​មាន​ចំនួន​ទេសចរ​ដ៏​ច្រើន​ដែល​មិន​ធ្លាប់​មក​ទី​នេះ​ពី​មុន​មក។ ដូច្នេះ អ្នក​ដឹង​ទេ យើង​ត្រូវ​ធ្វើការ​សម្រប​ទៅ​តាម​នោះ ដើម្បី​ធានា​ថា យើង​មាន​បុគ្គលិក​គ្រប់គ្រាន់ ស្លាក​សញ្ញា​គ្រប់គ្រាន់​ និង​ការស្វែងរក​ផ្លូវ និង​រក​មនុស្ស​ដើម្បី​ជួយ​ទេសចរ​ឱ្យ​ទៅ​ដល់​កន្លែង​ដែល​ពួកគេ​ចង់​ទៅ»។

លោក May និយាយ​ថា ការប្រគុំ​តន្ត្រី​នៅ​ខែមេសា ឆ្នាំ ២០២៤ របស់​លោក Diljit Dosanjh ដែល​ជា​ការប្រគុំ​តន្ត្រី​ជា​ភាសា Punjabi ដ៏​ធំ​បំផុត​នៅ​ក្រៅ​ប្រទេស​ឥណ្ឌា​បាន​ទាក់ទាញ​អ្នកគាំទ្រជាង ៥០.០០០ នាក់។ ចំណែក​ការប្រគុំ​តន្ត្រី​នៅ​ទីក្រុង Vancouver ទាំង​បី​លើក​របស់​នាង Taylor Swift ត្រូវបាន​គេ​រាយការណ៍​ថា បាន​ទាក់ទាញ​មនុស្ស​ប្រហែល ១៦០.០០០ នាក់។

លោក Jarrett Vaughan សាស្ត្រាចារ្យ​រង​នៅ​មហា​វិទ្យាល័យ Sauder School of Business នៃ​សាកល​វិទ្យាល័យ British Columbia បាន​ថ្លែង​ថា ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យ៉ាងប៉ិនប្រសប់​របស់​នាង Taylor Swift បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការទទួល​បាន​ជោគជ័យ​នៃ​ការប្រគុំ​តន្ត្រី​ទេសចរណ៍​នេះ។

លោក​ក៏​និយាយ​ផងដែរ​ថា ជំងឺ​រាតត្បាត​កូវីដ១៩ មាន​ចំណែក​ជួយ​ឱ្យ​នាង​ទទួល​បាន​អ្នកគាំទ្រ​វ័យក្មេង​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​ទស្សនិកជន​របស់​នាង។

«‍ខ្ញុំ​គិត​ថា ពេល​យើង​មើល​ទស្សនិកជន​បច្ចុប្បន្ន​របស់​នាង អ្នក​ដឹង​ទេ​ថា ពួកគេ​ដូចជា​មាន​វ័យ​នៅ​ក្មេង​នៅ​ពេល​នោះ។ ពួកគេ​មិន​មាន​ឱកាស​បាន​ចូលរួម​ការប្រគុំ​តន្ត្រី ឆ្លង​កាត់​ការទៅ​សាលា​មធ្យម​សិក្សា ឬ​បឋម​សិក្សា​ទេ ដូច្នេះ​ហើយ​សម្រាប់​ពួក​គេ​ពេល​នេះ ការ​បាន​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​បែប​នេះ​គឺ​ជា​រឿង​គួរ​ឱ្យ​កត់​សម្គាល់​សម្រាប់​ពួកគេ»។

លោក Vaughan និយាយ​ថា កេរដំណែល​នៃ​ការប្រគុំ​តន្ត្រី​ទេសចរណ៍ Eras Tour នេះ នឹង​មិនត្រឹមតែ​ជា​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​នាង Taylor Swift ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ថែមទាំង​ជា​ភាពវិជ្ជមាន​ដែល​នាង​បាន​បង្កើត​ឡើង​សម្រាប់​អ្នកគាំទ្រ​របស់​នាង​ផងដែរ។

អ្នកស្រី Stephanie Burt គឺជា​សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​នៅ​មហា​វិទ្យាល័យ Harvard ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្រៀន​ថ្នាក់​ពេញនិយម​យ៉ាងខ្លាំង​មួយ​អំពី​ នាង Taylor Swift។

សម្រាប់​អ្នកស្រី អាថ៌កំបាំង​នៃ​ភាពជោគជ័យ​របស់​ការប្រគុំ​តន្ត្រី​ទេសចរណ៍ Eras Tour និង​អាជីព​របស់​នាង Taylor Swift គឺ​សាមញ្ញ នោះ​គឺដោយសារ​នាង​ពិតជា​ពូកែ​ក្នុង​ការនិពន្ធ​បទចម្រៀង​ដែល​មាន​លក្ខណៈ​ជំរុញ​លើក​ទឹកចិត្ត និង​អត្ថន័យ​ក្នុង​បទចម្រៀង​ត្រូវនឹង​សាច់​រឿង​របស់​ទស្សនិកជន​របស់​នាង។

អ្នកស្រី Stephanie Burt ថ្លែងថា៖ «‍យើង​ស្តាប់​បទចម្រៀង ហើយ​យើង​ឮ​អំពី​អ្នក​ដែល​ដូច​យើង​រួចស្រេច​ទៅ​ហើយ និង​នរណា​ម្នាក់​ដែល​យើង​ចង់​កាន់តែ​ដូច​គេ និង​ចង់​ជិតស្និទ្ធ និង​ចង់​ធ្វើ​ឱ្យ​ដូច​គេ។ នោះ​ជា​អំណោយទាន​ដ៏កម្រ​មួយ​ដែល​នាង Taylorរក្សា​បាន​យូរ​ដូច​នេះ ហើយ​ការប្រគុំ​តន្ត្រី​ទេសចរណ៍​នេះ ជា​សក្ខីកម្ម​ចំពោះ​ទេពកោសល្យ​ជាបន្ត​របស់​នាង និង​ភាពប៉ិនប្រសប់​របស់​នាង និង​សមត្ថភាព​របស់​នាង​ក្នុង​ការសហការ​ រៀបចំ និងចាត់ផែនការ»។

ការិយាល័យ​ទេសចរណ៍​របស់​ទីក្រុង Vancouver ប៉ាន់​ប្រមាណ​ថា រហូត​ដល់​ថ្ងៃ​ចុងក្រោយ ការប្រគុំ​តន្ត្រី​ទេសចរណ៍​របស់​នាង Taylor Swift បាន​លើក​ស្ទួយ​ដល់​សេដ្ឋកិច្ច​ទីក្រុង​ចំនួន ១១២ លាន​ដុល្លារ៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់