ការ​ចរចា​អំពី​បទ​ឈប់​បាញ់​ថ្មី​នៅ​ហ្កាហ្សា​នឹង​បន្ត​ឡើង​វិញ ចំ​ពេល​មាន​ក្ដីបារម្ភ​អំពី​ស្ថានភាព​នៅ​ក្រុង Rafah

ទិដ្ឋភាពនៃទីក្រុង Khan Younis ខណៈ​ការ​ប្រយុទ្ធគ្នារវាង​យោធា​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នៅតែ​បន្ត នៅតំបន់ហ្កាហ្សា នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ការចរចា​លើ​ក្របខណ្ឌសម្រាប់​បទ​ឈប់បាញ់​ថ្មី​នៅ​ក្នុង​តំបន់​ហ្កហ្សា (Gaza) ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ត​ឡើងវិញ​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ពេល​ដែល​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា កងទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ​រាប់​សិប​នាក់​នៅ​ភាគ​កណ្ដាល​និង​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា។

ការ​ចរចា​នៅក្នុង​ទីក្រុង​គែរ​នៃ​ប្រទេស​អេហ្ស៊ីប​នេះ​គ្រោង​នឹង​មាន​វត្តមាន​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​មកពី​សហរដ្ឋ​អាមេរិក អេហ្ស៊ីប អ៊ីស្រាអែល និង​កាតា បន្ទាប់ពី​មាន​ការ​ចរចា​ស្រដៀងគ្នា​នេះ​កាលពី​ខែ​មុន​ដែល​ឈាន​ទៅ​ដល់​ការស្នើ​ឱ្យ​មាន​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​ដែល​នឹង​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) ចាប់ឃុំ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ផងដែរ។

ក្រុម​ហាម៉ាស់​បាន​ស្នើសំណើ​ផ្សេង​តប​មក​វិញ ដែល​អ៊ីស្រាអែល​បាន​ច្រានចោល។ ប៉ុន្តែ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា ទោះបីជា​សំណើ​របស់​ក្រុម​ហាម៉ាស់​នេះ​មាន «ចំណុច​ដែល​មិន​អាច​ទៅ​រួច» មួយ​ចំនួន​ក៏ដោយ ក៏​នៅមាន​កន្លែង​ដែល​យើង​អាច​បន្ត​ការ​ចរចា​បានដែរ។

គេ​ជឿ​ថា​ក្រុម​ហាម៉ាស់ ដែល​សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​ថា​ជា​ក្រុម​ភេរវកម្ម នៅ​ឃុំឃាំង​ចំណាប់ខ្មាំង​ប្រហែល ១០០ នាក់​ទៀត បន្ទាប់ពី​ចំណាប់ខ្មាំង ១០០ នាក់​ត្រូវ​បាន​ដោះលែង​ក្នុង​អំឡុង​កិច្ច​ឈប់បាញ់គ្នា​រយៈពេល​មួយ​សប្ដាហ៍​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។ យោធា​អ៊ីស្រាអែល​ថា ចំណាប់ខ្មាំង ៣១ នាក់​បាន​ស្លាប់​ឬ​ក៏​ត្រូវបាន​សម្លាប់​ក្នុង​អំឡុង​ពេល​ជាប់ឃុំ​នោះ។

ការ​ជំរុញ​ឱ្យ​មាន​បទ​ឈប់បាញ់គ្នា​ថ្មី​នេះ​ធ្វើឡើង​នៅ​ចំ​ពេល​ដែល​អន្តរជាតិ​មាន​ក្ដី​បារម្ភ​អំពី​ជន​ស៊ីវិល​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់​ហ្កាហ្សា ជាពិសេស​នៅ​ក្នុង​ទីក្រុង Rafah ជាប់​នឹង​ព្រំដែន​ប្រទេស​អេហ្ស៊ីប។

ប្រជាជន​តំបន់​ហ្កាហ្សា​ជាង​ពាក់​កណ្ដាល​ឥឡូវ​នេះ​កំពុង​ស្ថិត​នៅក្នុង​ទីក្រុង Rafah ដោយ​មនុស្ស​ជាច្រើន​បាន​ភៀសខ្លួន​ទៅ​កាន់​ទីនោះ​ដើម្បី​គេចចេញ​ពី​សង្គ្រាម​រយៈពេល ៤ ខែ​កន្លង​មក និង​តាម​ការ​បញ្ជា​ម្ដង​ហើយ​ម្ដង​ទៀត​របស់​យោធា​អ៊ីស្រាអែល​ឱ្យ​មាន​ការ​ជម្លៀស​ចេញ។

លំហូរ​ភៀសខ្លួន​ទ្រង់ទ្រាយ​ធំ​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​រស់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​ដ៏​ណែនណាន់​តាន់តាប់​របស់​អង្គការ​សហប្រជាជាតិ​ឬ​ក៏​នៅ​ក្នុង​តង់ ដោយ​អង្គការ​សហប្រជាជាតិ​និង​អង្គការ​ផ្ដល់​ជំនួយ​នានា​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​កង្វះ​ម្ហូប​អាហារ ទឹក និង​សេវា​សុខភាព៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters