ក្រុមតាលីបង់បានព្រមានកាលពីថ្ងៃទី០៩ ខែមករា ថា ការប្តេជ្ញារបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ក្នុងការបន្តកាន់តំណែងរហូតចប់អាណត្តិគឺមានផលប៉ះពាល់អាក្រក់ដល់ការចរចាសន្តិភាពដែលមានបំណងស្វែងរកការបញ្ចប់ដោយចរចាចំពោះសង្រ្គាម៤ទសវត្សរ៍ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ការព្រមានរបស់ក្រុមឧទ្ទាមនេះបានធ្វើឡើងក្នុងថ្ងៃដែលមេដឹកនាំរបស់ខ្លួនបានរៀបចំកិច្ចពិភាក្សាថ្មីក្នុងប្រទេសកាតា ជាមួយនឹងអ្នកតំណាងរដ្ឋាភិបាលរបស់លោក Ghani ស្តីអំពីការបង្កើត «របៀបវារៈរួមគ្នា» នៃអ្វីដែលត្រូវបានគេស្គាល់ជាផ្លូវការថា កិច្ចចរចាផ្ទៃក្នុងអាហ្វហ្គានីស្ថាន។
កិច្ចចរចារវាងភាគីអាហ្វហ្គានីស្ថានទាំងពីរដែលកំពុងប្រយុទ្ធគ្នា បាននាំឲ្យមានការសង្ស័យពីប្រព័ន្ធផ្សព្វផ្សាយថាលោក Ghani ប្រហែលជាត្រូវបោះបង់ចោលអំណាចដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលបណ្តោះអាសន្នមួយទទួលបន្ទុកកិច្ចការដំណើរការសន្តិភាពនេះ។
ប៉ុន្តែប្រធានាធិបតីអាហ្វហ្គានីស្ថានរូបនេះ នៅក្នុងការបដិសេធយ៉ាងច្បាស់មួយ បានប្តេជ្ញាម្តងហើយម្តងទៀតកាលពីថ្មីៗនេះថាលោកមានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការផ្ទេរសិទ្ធិអំណាចទៅឲ្យ «អ្នកស្នងតំណែងដែលត្រូវបានបោះឆ្នោតជ្រើសរើស»របស់លោក។
លោក Ghani បានថ្លែងនៅក្នុងការប្រមូលផ្តុំសាធារណៈមួយនៅក្នុងខេត្ត Nangarhar ភាគខាងកើត កាលពីថ្ងៃទី០៦ ខែមករា ថា៖ «តំណែងប្រធានាធិបតីនេះមិនមែនជារបស់ខ្ញុំឡើយ។ អាសនៈនេះជារបស់ប្រជាជាតិអាហ្វហ្គានីស្ថានទាំងមូល ប្រព័ន្ធនេះមានតម្លៃ អ្នកទាំងអស់គ្នាបានបោះឆ្នោតឲ្យខ្ញុំ»។
លោកបានប្រាប់ទូរទស្សន៍ CNN ក្នុងកិច្ចសម្ភាសន៍មួយដែលបានផ្សាយកាលពីថ្ងៃទី០៨ ខែមករា ថា៖ «គោលដៅចម្បងរបស់ខ្ញុំគឺអាចប្រគល់សិទ្ធិអំណាច តាមរយៈឆន្ទៈរបស់ប្រជាជន ឲ្យទៅអ្នកស្នងតំណែងដែលត្រូវបានបោះឆ្នោតជ្រើសតាំង»។
នៅក្នុងសេចក្តីអធិប្បាយរបស់ខ្លួន ក្រុមតាលីបង់បាននិយាយថា ការចចេសរបស់លោក Ghani ក្នុងស្រវ៉ាតោងកាន់អំណាចឱ្យជាប់នេះអាចនឹង ធ្វើឲ្យរាំងស្ទះផ្លូវទៅកាន់«ដំណោះស្រាយដោយការចរចាប្រកបដោយសន្តិវិធី» មួយ សម្រាប់សង្រ្គាមអាហ្វហ្គានីស្ថានជាយូរមកហើយ។
ក្រុមឧទ្ទាមនោះបាននិយាយថា៖ «ការកាន់អំណាចរបស់លោក Ashraf Ghani មិនបាននាំអ្វីមកទេក្រៅពីភាពក្រីក្រ ភាពវេទនា ការបង្ហូរឈាម កេរ្តិ៍ឈ្មោះមិនល្អ និងបញ្ហាឲ្យអាហ្វហ្គានីស្ថានទេ»។
ចំណែករដ្ឋាភិបាលអាហ្វហ្គានីស្ថានវិញបានថ្កោលទោសក្រុមតាលីបង់ ថាបានបង្កើនសកម្មភាពបះបោរ សម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងកងកម្លាំងសន្តិសុខទូទាំងប្រទេស។ អង្គការសហប្រជាជាតិបានដាក់ការទទួលខុសត្រូវលើក្រុមឧទ្ទាមនេះម្តងទៀត ចំពោះការបង្កឲ្យមានជនស៊ីវិលស្លាប់និងរបួសភាគច្រើនក្នុងឆ្នាំ២០២០។
កិច្ចចរចាសន្តិភាពផ្ទៃក្នុងអាហ្វហ្គានីស្ថានបានចាប់ផ្តើមកាលពីខែកញ្ញា៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ