រដ្ឋមន្ត្រី​តាលីបង់​មកពី​បណ្តាញ​ Haqqani ត្រូវបាន​សម្លាប់​នៅ​ទីក្រុង​កាប៊ុល

រូបឯកសារ៖ រដ្ឋមន្ត្រី​ជនភៀសខ្លួន​តាលីបង់ លោក Khalil-Ur-Rahman Haqqani (ឆ្វេង) អង្គុយ​ជាមួយ​ក្មួយប្រុស​របស់លោក គឺ​រដ្ឋមន្ត្រី​មហាផ្ទៃ លោក Sirajuddin Haqqani ក្នុង​រូបភាព​មិន​កំណត់កាលបរិច្ឆេទ។

គ្រាប់បែក​មួយ​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​កាប៊ុល​ ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃពុធ ដោយ​បាន​សម្លាប់​រដ្ឋមន្ត្រី​ក្រសួង​គ្រប់គ្រង​ជនភៀសខ្លួន​និង​មាតុភូមិ​និវត្តន៍​តាលីបង់​លោក Khalil-Ur-Rahman Haqqaniនិង​យ៉ាង​ហោចណាស់​ជំនួយការ​៤នាក់​ទៀត។

ប្រភព​តាលីបង់​បាន​ថ្លែងថាការដាក់​គ្រាប់បែក«អត្តឃាត»​កាលពី​រសៀល​ថ្ងៃ​ពុធ​កើត​ឡើង​នៅ​ក្នុង​អគារ​ក្រសួង​នៅ​រដ្ឋធានី​ប្រទេស​អាហ្វហ្គានីស្ថាន​ ខណៈដែល​លោក Haqqani កំពុង​ដើរ​ចេញ​ពី​ការិយាល័យ​របស់​លោក។ មនុស្សជាច្រើន​នាក់​ទៀត​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​រងរបួស។

មិនទាន់​មាន​ការ​អះអាង​ទទួល​ខុសត្រូវ​ទៅ​លើ​ការ​សម្លាប់​រដ្ឋមន្ត្រី​រូបនេះ​នៅឡើយ​ទេ ដែល​ការ​ដាក់​គ្រាប់បែក​អត្តឃាត​នេះត្រូវ​បាន​គេ​ចាត់ទុកស្ថិត​ក្នុង​ចំណោមការវាយ​ប្រហារ​ដ៏​អាក្រក់​មួយ​ទៅលើ​ក្រុម​មេដឹកនាំ​តាលីបង់​ ចាប់​តាំងពី​ពួកគេ​ឡើង​កាន់​អំណាច​កាលពី​ខែ​សីហា ឆ្នាំ២០២១៕