កោះតៃវ៉ាន់ នឹងចូលរួមនៅក្នុងកិច្ចប្រជុំតាមអនឡាញរបស់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ ស្តីពីលទ្ធិប្រជាធិបតេយ្យ។
ឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិកអ្នកស្រី Hsiao Bi-khim និងរដ្ឋមន្ត្រីឌីជីថលតៃវ៉ាន់លោក Audrey Tang នឹងតំណាងឱ្យរដ្ឋាភិបាលតៃវ៉ាន់នៅក្នុងកិច្ចប្រជុំនេះ រួមជាមួយនឹងអ្នកតំណាងជាច្រើនរូបទៀតមកពីប្រទេស និងស្ថាប័នអន្តរជាតិជាង ១០០ នៅលើពិភពលោក។
លោក Wang Ting-yu ដែលជាសមាជិកសភា និងជាសមាជិកគណៈកម្មាធិការកិច្ចការបរទេស និងការពារជាតិនៃសភាតៃវ៉ាន់ បានលើកឡើងថា៖ «កិច្ចប្រជុំស្តីពីលទ្ធិប្រជាធិបតេយ្យនេះ គឺជាការបញ្ជូនសារមួយរបស់សេតវិមានប្រធានាធិបតីអាមេរិកដែលថា ប្រទេសប្រជាធិបតេយ្យគួរតែគាំទ្រគ្នាទៅវិញទៅមក និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យ»។
លោក Wang បានបន្ថែមទៀតថា ការណ៍ដែលសហរដ្ឋអាមេរិកអញ្ជើញតៃវ៉ាន់ឱ្យចូលរួមនៅក្នុងកិច្ចប្រជុំនេះ គឺជា«សញ្ញាដ៏ច្បាស់លាស់មួយបង្ហាញទៅកាន់រដ្ឋាភិបាលចិន»ថា កោះតៃវ៉ាន់ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក និងគួរត្រូវបានចាត់ទុកថា ជាប្រទេសមួយ បើទោះបីជាមានតែប្រទេសចំនួន ១៥ និងវិមានវ៉ាទីកង់ប៉ុណ្ណោះនៅលើពិភពលោកដែលទទួលស្គាល់រដ្ឋាភិបាលតៃវ៉ាន់ក៏ដោយ។
បើទោះបីជាសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាក៏ដោយ ក៏សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់តៃវ៉ាន់។ នៅក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) ឆ្នាំ ១៩៧៩ សហរដ្ឋអាមេរិក បានសន្យាថា នឹងជួយតៃវ៉ាន់ការពារខ្លួនពីការគំរាមកំហែងពីខាងក្រៅ៕