តៃវ៉ាន់​រក្សា​ទោស​ប្រហារ​ជីវិត​តែ​កម្រិត​ត្រឹម​ករណី​«ពិសេស»

អ្នកស្រី Hsinyi Lin នាយកប្រតិបត្តិនៃសម្ព័ន្ធភាពតៃវ៉ាន់ដើម្បីបញ្ចប់ទោសប្រហារជីវិត ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីតុលាការធម្មនុញ្ញតៃវ៉ាន់បានសម្រេចរក្សាទោសប្រហារជីវិតនៅទីក្រុងតៃប៉ិ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

តុលាការ​តៃវ៉ាន់ សម្រេច​កាល​ពី​ថ្ងៃ​សុក្រ​ រក្សា​ទោស​ប្រហារ​ជីវិត​នៅ​ដដែល តែ​កម្រិត​ការ​អនុវត្ត​«ត្រឹម​ករណី​ពិសេស​និង​លើកលែង»​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Agence France-Presse។

កោះតៃវ៉ាន់​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ បាន​អនុវត្ត​ទោស​ប្រហារ​ជីវិ​ត​ចំនួន​៣៥​លើក​ហើយ​តាំង​ពី​បម្រាម​លើ​ទោស​ប្រហារជីវិត​ត្រូវ​បាន​ដក​កាល​ពី​ឆ្នាំ​២០១០​មក។ ការ​ប្រហារជីវិត​លើក​ចុងក្រោយ​កើតឡើង​នៅ​ខែ​មេសា​ឆ្នាំ២០២០ លើ​បុរស​អាយុ៥៣​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ដុត​សម្លាប់​គ្រួសារ​របស់​ខ្លួន។

សកម្មជន​ប្រឆាំង​ទោស​ប្រហារជីវិត បាន​លើក​ទឡ្ហីករណ៍​ជា​យូរ​មក​ហើយ​ថា ​ការ​អនុវត្ត​ទោស​នេះ ជា​វិធី​ដាក់​ទោស​ដ៏​អមនុស្សធម៌។ នៅ​តៃវ៉ាន់ ការអនុវត្ត​ទោស​នេះ​ធ្វើ​ឡើង​ដោយ​បាញ់​អ្នកទោស​ពីក្រោយ​ចំ​បេះដូង ពេល​អ្នក​ទោស​ដេក​ផ្កាប់មុខ​ផ្ទាល់ដី។

ការ​ជជែក​ដេញដោល​គ្នា​អំពី​ទោស​បែបនេះ បាន​ឡើង​ដល់​តុលាការធម្មនុញ្ញ​តៃវ៉ាន់ ដែល​បាន​សម្រេច​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ខ្លួន​នឹង​រក្សា​ទោសប្រហារជីវិត​នេះ​ឲ្យ​នៅ​ដដែល។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ តុលាការ​ថា​ទោះ​ជា​សិទ្ធិ​រស់រាន​មាន​ជីវិត​នឹង​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​តៃវ៉ាន់​ក៏ដោយ ក៏​«ការ​ការពារ​នេះ មិន​មាន​លក្ខណៈ​ដាច់ខាត​នោះ​ទេ»។

តុលាការ​ក៏​បាន​សម្រេច​ថា​ទោសប្រហារជីវិត​នេះ ត្រូវ​បាន​«ហាមប្រាម» ចំពោះ​«ជនជាប់ចោទ​ដែល​មាន​ស្ថានភាព​ផ្លូវចិត្ត​មិន​ប្រក្រតី ទោះបីជា​ស្ថានភាព​ផ្លូវចិត្ត​របស់​ពួកគេ មិន​ជះឥទ្ធិពល​លើ​បទ​ល្មើស​ក្នុង​សំណុំរឿង​ក៏​ដោយ»។

តុលាការ​បន្ថែម​ថា ​អ្នកទោស​ដែល​រង់ចាំ​អនុវត្ត​ទោស​នេះ​«មិន​ត្រូវ​ប្រហារជីវិត​ទេ បើ​ពួកគេ​មាន​ស្ថានភាព​ផ្លូវចិត្ត​មិន​ប្រក្រតី​ដល់​កម្រិត​មួយ​ដែល​បង្ក​ជា​ឧបសគ្គ​ដល់​សមត្ថភាព​ពួកគេ​ក្នុង​ការ​ទទួល​ទោសប្រហារជីវិត​នេះ»។

សំណុំរឿង​នេះ ត្រូវ​បាន​ដាក់​ជូន​តុលាការ​សម្រេច​ដោយ​អ្នក​ទោស​៣៧​នាក់ ដែល​បច្ចុប្បន្ន​កំពុង​រង់ចាំ​ការ​អនុវត្ត​ទោសប្រហារជីវិត​នៅ​តៃវ៉ាន់៕