ប្រធានាធិបតី​តៃវ៉ាន់​ថា «មិន​ឱ្យ​បាត់​សូម្បី​មួយ​ចំអាម» ក្នុង​ការ​ការពារ​ទឹកដី​កោះ​នេះ

ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ចូលរួមពិធីរំលឹកខួបលើកទី៧៥ នៃសមរភូមិ Guningtou នៅ កោះ Kinmen នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

ប្រធានាធិបតី​តៃវ៉ាន់​លោក Lai Ching-te បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា តៃវ៉ាន់​នឹង​មិន​បាត់​ទឹកដី​សូម្បី​មួយ​ចំអាម​ឡើយ។ លោក​ថ្លែង​ដូច្នេះ​ស្របពេល​ដែល​ចិន​នៅតែ​បន្ត​ដាក់​សម្ពាធ​យោធា​លើ​កោះ​នេះ​ឱ្យ​ទទួល​យក​តាម​ការ​ទាមទារ​អធិបតេយ្យ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Lai ថ្លែង​បែប​នេះ​ក្នុង​ពេល​លោក​ទៅ​កោះ Kinmen ដែល​នៅ​ជាប់​នឹង​ចិន​ដើម្បី​ប្រារព្វ​ខួប​ទី ៧៥ នៃ​ជ័យជម្នះ​លើ​កងកម្លាំង​កុម្មុយនីស្ត​ក្នុង​សមរភូមិ Guningtou។

ការ​ថ្លែង​នេះ​ធ្វើ​ឡើង​ក្រោយពី​មាន​សកម្មភាព​យោធា​ដ៏​តានតឹង​ពីរ​សប្តាហ៍​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ជា​ច្រក​ផ្លូវទឹក​ដ៏​រសើប​ដែល​ខណ្ឌ​ចែក​ចិន​និង​តៃវ៉ាន់ ដោយ​កងកម្លាំង​នៃ​ភាគី​ទាំងពីរ​ធ្វើ​សមយុទ្ធ​ដូចគ្នា។

លោក Lai បាន​ថ្លែង​ដោយ​យោង​ដល់​កោះ​នានា​ដែល​តៃវ៉ាន់​គ្រប់គ្រង​ថា៖ «យើង​នឹង​ការពារ​មាតុភូមិ​របស់​យើង​ឱ្យ​បាន​គង់វង្ស​ដោយ​មិន​ឱ្យ​បាត់​ដី​មួយ​ចំអាម​នៅ​តៃវ៉ាន់, Pengh, Kinmenនិង Matsu ឡើយ»។

លោក Lai បញ្ជាក់​ថា៖ «សមរភូមិ Guningtou ធ្វើ​ឱ្យ​យើង​យល់​ថា​ប្រជាធិបតេយ្យ​និង​សេរីភាព​មិន​មែន​ជា​អ្វី​ដែល​មាន​ស្រាប់​ស្រួលៗ​នោះទេ តែ​តម្រូវ​ឱ្យ​មាន​ការ​ខិតខំ​រួម​គ្នា​ច្រើន​ជំនាន់​ដើម្បី​ការពារ​របស់​ទាំង​ពីរ​នេះ»។

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន លោក Lai បាន​ទទូច​ថា៖ «កម្លាំង​ពី​ខាងក្រៅ​ណា​ក៏ដោយ» នឹង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ផ្លាស់ប្តូរ​អនាគត​កោះ​ទាំង​នេះ​ទេ៕