ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បានអរគុណកងទ័ពតៃវ៉ាន់ដែលជិះនៅលើនាវាចម្បាំងមួយគ្រឿងកាលពីថ្ងៃសុក្រចំពោះការការពារកោះតៃវ៉ាន់ និងបានសន្យាថានឹងជួយគាំទ្រពួកគេ។ លោកអរគុណនិងសន្យាដូច្នេះនៅពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់ប្រជុំកោះដាច់ស្រយាលមួយ នៅច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ចិនបានអះអាងថា តៃវ៉ាន់ដែលជាកោះប្រជាធិបតេយ្យគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងថាខ្លួននឹងប្រើកម្លាំងប្រសិនបើចាំបាច់ដើម្បីដណ្ដើមកាន់កាប់កោះតៃវ៉ាន់ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
ដំណើរទស្សនកិច្ចរបស់លោក Lai ទៅកាន់ប្រជុំកោះ Penghu នៅច្រកសមុទ្រតៃវ៉ាន់នេះបានធ្វើឡើង ស្របពេលដែលចិនបានបង្កើនសម្ពាធយោធានិងនយោបាយលើតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក Lai បានប្រាប់អ្នកជិះនៅលើនាវាចម្បាំងនោះថា៖ «ខ្ញុំចង់សង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងគាំទ្រអ្នកទាំងអស់គ្នា»។
លោក Lai បានបន្ថែមថា៖ «អ្នកទាំងអស់គ្នាគឺជាកងកម្លាំងដ៏សំខាន់ក្នុងការការពារសន្តិសុខជាតិ។ ខ្ញុំចង់អរគុណអ្នកសម្រាប់ការតាំងចិត្តប្រចាំថ្ងៃរបស់អ្នក»។
ទីតាំងរបស់ប្រជុំកោះ Penghu នៅច្រកសមុទ្រតៃវ៉ាន់មានន័យថា ប្រជុំកោះនេះទំនងអាចជាខ្សែជួរមុខនៃការឈ្លានពានណាមួយរបស់ចិនដែលអាចកើតឡើង៕