ក្រុម​​ជួយ​សង្គ្រោះ​ក្នុង​ការរញ្ជូយ​ដី​​នៅ​កោះតៃវ៉ាន់​រងការ​គំរាមកំហែង​ការបាក់ដី​និង​ថ្មរមៀល​ពី​ភ្នំ

  • ​Reuters

គ្រឿងចក្រធុនធ្ងន់កំពុងត្រូវបានប្រើប្រាស់ដើម្បីកម្ទេចអគារ Uranus ដែលត្រូវបានខូចខាតនៅក្នុងការរញ្ជួយដីថ្ងៃទី៣ ខែមេសា នៅទីក្រុង Hualien នៅថ្ងៃទី៥ ខែមេសា ឆ្នាំ2024។

ក្រុម​អ្នក​ជួយ​សង្គ្រាះក្នុង​កោះតៃវ៉ាន់​ ប្រឈម​នឹងការ​គំរាមកំហែង​នៃ​ការបាក់ដី​ និង​ថ្មបាក់​ធ្លាក់​បន្ថែម​ទៀត​នៅថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​ការ​រុករក​អ្នកបាត់​ខ្លួន​ចំនួនជាងដប់នាក់ពី​ការ​រញ្ជួយ​ដី​ក្នុង​សប្តាហ៍​នេះ​ ខណៈ​ដែល​អ្នក​ស្លាប់​សរុបបាន​កើន​ដល់​១២​នាក់​ ហើយ​អ្នក​ដែលនៅ​ជាប់ក្នុង​អគារ​ខ្លះ​ទៀត​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ឱ្យ​មាន​សុវត្ថិភាព​ហើយ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្រុម​អ្នកជួយសង្គ្រោះបានរក​ឃើញ​សាកសព​២​នាក់​ទៀតក្រោយ​ពី​ការរញ្ជួយ​ដី​កាល​ពី​ថ្ងៃ​ពុធ​ ដែល​មាន​កម្លាំង​រញ្ជួយ​៧,២​រិជ្ជទ័រ​ ដែលបាន​កើត​ឡើង​ក្នុង​តំបន់​ដាច់ស្រយ៉ាល​នៅ​ភាគខាង​កើត​ស្រុក Hualien ដែល​មិន​សូវ​មាន​មនុស្ស​រស់​នៅ​ច្រើន​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​រយនាក់​ជាប់​នៅ​ក្នុង​ឧទ្យានជាតិ​មួយ​កន្លែង​ ខណៈ​ដែល​ផ្ទាំងថ្មធំៗបានធ្លាក់រមៀល​ពី​លើ​ភ្នំ​ និង​កាត់ផ្តាច់​ផ្លូវ​ជា​ច្រើន។ ​

នាយករដ្ឋាន​ពន្លត់អគ្គិភ័យ​កោះតៃវ៉ាន់​និយាយ​ថា​ សាសព​មនុស្ស​២​នាក់​ត្រូវ​បាន​រក​ឃើញ​នៅភ្នំ​ ប៉ុន្តែ​នៅ​មិន​ទាន់ធ្វើ​ការ​សរុប​ចំនួន​អ្នក​ស្លាប់​ទាំង​អស់​នៅ​ឡើយ​ទេ។​ ​ នាយកដ្ឋាន​ថា​ មាន​អ្នក​បាត់​ខ្លួន​សរុបចំនួន​១៨​នាក់​ ក្នុងនោះ​៣​នាក់​ជា​ជន​បរទេស​ ដែល​មាន​សញ្ជាតិ​អូស្ត្រាលី​និង​កាណាដា។​

ការរញ្ជួយ​ដីនេះ​កើត​ឡើងមួយ​ថ្ងៃ​ មុន​ថ្ងៃ​ឈប់​សម្រាក​ចុងសប្តាហ៍​វែង ដែល​ជា​ថ្ងៃ​បុណ្យ​សែន​ឆេងម៉េង​បោសសម្អាត​ផ្នូរ ដែលមនុស្ស​ជា​ច្រើនធ្វើ​ដំណើរ​ទៅផ្ទះ​របស់​ខ្លួន​ ដើម្បី​សម្អាត​ផ្នូរ​ដូនតា​របស់​គេ៕​ ​