កោះ​តៃវ៉ាន់​ធ្វើ​សេចក្តីលម្អិត​អំពី​កាំជ្រួច​មីស៊ីល​ទំនើប​​និង​យន្តហោះ​ដ្រូន​ដែល​មាន​លទ្ធភាព​វាយប្រហារ

  • Reuters

រូប​ឯកសារ៖ យន្តហោះ​ចម្បាំង​ប្រភេទ F-16V ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ទី​ក្រុង Chiayi នៅ​ភាគ​ខាង​ត្បូង​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២។ (AFP)

កោះ​តៃវ៉ាន់​កំពុង​អភិវឌ្ឍ​កាំជ្រួច​មីស៊ីល​ដែល​អាច​វាយប្រហារ​មូលដ្ឋាន​ទ័ព​អាកាស​របស់​សត្រូវ​នឹងអាចបាញ់​ទម្លាក់​កាំជ្រួច​មីស៊ីល Cruise ក៏​ដូច​ជាយន្តហោះ​ដ្រូន​ដែល​អាចកំណត់​គោលដៅនៃ​ការវាយ​ប្រហារ​ទៅ​លើទីតាំងបាញ់​របស់ខ្លួន​នោះ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ផលិត​អាវុធ​ដែលគ្រប់គ្រងដោយ​ក្រុម​យោធា​ ហើយដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កោះ​តៃវ៉ាន់​ដែល​កាល​ពី​ឆ្នាំ​ទៅ​បាន​អនុម័ត​លើការចំណាយយោធា​បន្ថែម​ដែល​មាន​ទឹកប្រាក់​ប្រមាណ​៨,២០​ពាន់លាន​ដុល្លារ​ក្នុង​រយៈពេល​៥ឆ្នាំ ​បន្ទាប់ពីមាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន ដែល​បានអះ​អាង​ថា​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន​នោះ​ បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​ទៀត​ស្របពេលដែលយន្តហោះ​យោធា​របស់​ចិន បាន​ហោះ​ឆ្លងកាត់​តំបន់​ការពារ​ដែន​អាកាស​តៃវ៉ាន់ជា​ញឹកញាប់។

តៃវ៉ាន់​មាន​គម្រោង​បង្កើន​ការផលិត​កាំជ្រួច​មីស៊ីល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ទ្វេ​ដង​ទៅ​ដល់​ជិត​៥០០​គ្រឿង​នៅ​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​កាលពី​ខែ​មុន នៅ​ពេល​ដែល​ខ្លួន​កំពុងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អំណាច​ប្រយុទ្ធ​របស់​ខ្លួន។

ក្នុង​របាយការណ៍​មួយ​ទៅ​កាន់​សភា​តៃវ៉ាន់នៅ​សប្តាហ៍​នេះ ឯកសារ​ចម្លង​ដែល​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជាតិ​ Chung-Shan ដែល​គ្រប់គ្រង​ដោយ​យោធា​តៃវ៉ាន់​ បាន​ផ្តល់​សេចក្តីលម្អិត​អំពី​អ្វី​ដែល​កាំជ្រួច​មីស៊ីល​និង​យន្តហោះ​ដ្រូនដែល​ខ្លួន​ផលិត​ អាច​ធ្វើ​សកម្មភាពប្រយុទ្ធនៅ​ក្នុង​សង្គ្រាម។

របាយការណ៍នោះ​បាន​បញ្ជាក់​ថា កាំជ្រួច​មីស៊ីល​វាយ​ប្រហារ​លើ​ដី Hsiung Sheng ដែល​ពួក​អ្នក​ជំនាញ​និយាយ​ថា អាច​បាញ់​បាន​ក្នុង​រយៈចម្ងាយ​រហូត​ដល់ ១.០០០ គីឡូម៉ែត្រ​ដែល​ក្បាល​កាំជ្រួច​ផ្ទុក​សារធាតុ​ផ្ទុះ​ខ្លាំង ​អាច​វាយ​ប្រហារ​លេនដ្ឋាន​និង​ទីបញ្ជាការ​រឹងមាំ​ ​ក៏​ដូច​ជាអាចកម្ទេចមូលដ្ឋាន​ទ័ពអាកាស​ផងដែរ។

លោក Chieh Chung ជា​អ្នក​ស្រាវជ្រាវ​នៅឯ​មូលនិធិ​គោលនយោបាយ​ជាតិ​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​តៃប៉ិ បាន​និយាយ​ថា កាំជ្រួច Hsiung Sheng អាច​បាញ់​ទៅ​ដល់​មូលដ្ឋាន​ភាគ​ច្រើននៃទីបញ្ជាការ​ភាគ​ខាង​កើត​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន រួមទាំង​ទីបញ្ជាការ​នៅ​ជិត​ទីក្រុង​សៀងហៃ​និង​ខេត្ត Zhejiang ផង​ដែរ។

លោក​បាន​និយាយ​ទៀត​ថា៖ «កាំជ្រួច​នេះ អាច​បង្កើន​សមត្ថភាព​កងទ័ព​ជាតិ​យ៉ាង​ខ្លាំង​ដើម្បី​អូសបន្លាយ​ឬ​ធ្វើ​ឲ្យ​ជាប់គាំងដល់​ការ​ឈ្លានពាន​របស់​កងទ័ព​កុម្មុយនីស្តចិនទៅលើកោះ​តៃវ៉ាន់​និង​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការ​លំបាកក្នុង​ការ​សម្រេច​ជោគជ័យ​នៅ​ក្នុង​សង្គ្រាម​នោះ​ដ៏​ឆាប់​រហ័ស»។

កាំជ្រួចមីស៊ីល​ទំនើប​បាញ់​ពី​ដី​ទៅ​អាកាស Sky Bow III ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បាញ់​ទម្លាក់​កាំជ្រួច​បាល់លីស្ទិក​និង​កាំជ្រួច​មីស៊ីល Cruise និង​យន្តហោះ​ចម្បាំង​ផង​ដែរ។

ផែនការ​របស់​តៃវ៉ាន់​កើត​មានឡើង​មុន​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ប៉ុន្តែ​សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការសន្ទនា​អំពី​មេរៀន​ដែល​តៃវ៉ាន់ អាច​អនុវត្ត​បាន ទៅ​លើការប្រយុទ្ធ​ទប់ទល់​នឹង​ការវាយ​ប្រហារ​របស់​ចិន រួម​ទាំង​ថា​ តើ​អ៊ុយក្រែន​បាន​ធ្វើ​ការ​តស៊ូ​ជា​កងកម្លាំង​ដ៏​ខ្លាំង​បំផុត​នោះ​យ៉ាង​ដូច​ម្តេចជា​ដើម៕