ក្នុងពេលមានការវាយបង្រ្កាបយ៉ាងឃោរឃៅទៅលើក្រុមអ្នកតវ៉ានិងកងកម្លាំងប្រឆាំងរដ្ឋាភិបាល ប្រជាពលរដ្ឋ ស៊ីរី (Syria) មិនត្រឹមតែទទួលរងនូវអំពើហិង្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលរងគ្រោះពីការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលបានគំរាមកំហែងបំផ្លាញដល់អ្នកទាំងឡាយណា ដែលនឹងឡើងមកគ្រប់គ្រងប្រទេសនេះ នៅក្នុងរយៈពេលប៉ុន្មានខែឬប៉ុន្មានឆ្នាំខាងមុខនេះ។
ក្រុមសកម្មជននិងក្រុមមនុស្សធម៌ បានខិតខំព្យាយាមប្រមូលជំនួយដែលត្រូវការចាំបាច់បំផុត ដើម្បីផ្តល់ទៅឱ្យទីក្រុង ហូមស៍ (Homs) និងទីក្រុង ហាម៉ា (Hama) ដែលទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង ដែលនៅទីនោះតម្រូវការជាមូលដ្ឋាន ដូចជាអាហារ ទឹកបរិភោគ និងថ្នាំពេទ្យ មានការផ្គត់ផ្គង់តិចតួច។
ប៉ុន្តែ សូម្បីតែនៅក្នុងតំបន់ដែលរួចផុតពីការប្រយុទ្ធគ្នាធ្ងន់ធ្ងរបំផុត ស្ថានភាពសេដ្ឋកិច្ចហាក់ដូចជាមានភាពធ្ងន់ធ្ងរនៅថ្ងៃនោះតែម្តង។ លោក ហ្សាការ៉ាយ៉ា ដាបា (Zakaraya Daba) ជនជាតិ ស៊ីរី ដែលនិរទេសខ្លួននៅក្នុងទីក្រុង គៀរ និយាយថា សាច់ញាតិនៅក្នុងស្រុកកំណើតរបស់លោក ឈ្មោះ អាលែប៉ូ (Aleppo) ប្រឈមមុខនឹងបញ្ហាជាច្រើន ទាក់ទងនឹងការប្រកបកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។
លោក ដាបា (Daba) ថ្លែងថា គ្មានការងារធ្វើ គ្មានប្រេងសម្រាប់ម៉ាស៊ីនកំដៅ ហើយការផ្គត់ផ្គង់អាហារមានកម្រិតទៀតផង។ លោក និយាយថា ស្ថានភាពសេដ្ឋកិច្ចកំពុងតែធ្ងន់ធ្ងរទៅៗ ប៉ុន្តែថា អ្នកដែលលោកពណ៌នាថាជា«ពួកក្រុមអ្នកមេដឹកនាំ» មិនខ្វាយខ្វល់ទាល់តែសោះ។
នៅទូទាំង ស៊ីរី តម្លៃទំនិញចាំបាច់ទាំងឡាយ បានឡើងថ្លៃកប់ពពក ដោយតម្លៃនំបុ័ងឡើងថ្លៃទ្វេរដងក្នុងពេលថ្មីៗនេះ ហើយតម្លៃអាហារផ្សេងៗទៀត មានតម្លៃថេរក្នុងចំនួន៥០ភាគរយ ដែលលើសពីមុនពេលការបះបោរបានចាប់ផ្តើម កាលពីជិតមួយឆ្នាំមុន។
ស្រដៀងគ្នានេះដែរ តម្លៃរូបិយវត្ថុរបស់ ស៊ីរី បានដាំក្បាលចុះ ខណៈពេលដែលទណ្ឌកម្មអន្តរជាតិ បានបង្អាក់ប្រតិបត្តិការសេដ្ឋកិច្ចសំខាន់ៗ មានដូចជាការប្រើប្រាស់ម៉ាស៊ីនសម្រាប់ដកប្រាក់ អេធីអឹម (ATM) និងកាតឥណទានជាដើម។
ខណៈដែល មនុស្សមួយចំនួននៅក្នុងសហគមន៍អន្តរជាតិ កំពុងពិចារណាដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងជាងមុនបន្ថែមទៀត លោក ណាឌីម ស្សេហាឌី (Nadim Shehadi) នៃអង្គការ ឆាថាមហោស៍ (Chatham House) ដែលមានមូលដ្ឋាននៅទីក្រុង ឡុងដ៍ (London) និយាយថា ទ័ណ្ឌកម្មនេះ ប្រហែលជាមិនមែនជាចម្លើយនោះទេ។
«តាមទស្សនៈមួយនោះគឺថា ការដាក់ទណ្ឌកម្ម តែងតែពិបាកអនុវត្តណាស់ ហើយជាពិសេស ប្រទេសជិតខាងដែលមានទំនាក់ទំនងដ៏យូរអង្វែងជាមួយប្រទេសនេះ តែងតែស្វែងរកប្រហោងចន្លោះដើម្បីជម្នះទណ្ឌកម្មនេះ។ ដូច្នេះ នេះជារឿងធម្មតា ហើយការដាក់ទណ្ឌកម្ម ពិតជាមិនទាន់គ្រប់គ្រាន់ឡើយ»។
សូម្បីតែ ទេសចរណ៍ដែលធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ ស៊ីរី ក៏អាចគេចផុតពីការដាក់កម្រិតនេះដែរ ដែលជំនួញក្នុងទីផ្សារងងឹត ប្រើប្រាស់ភ្នាក់ងារធនាគារនៅប្រទេស លីបង់ (Lebanon) ដើម្បីផ្តល់រូបិយប័ណ្ណបរទេស។ ជាការពិតណាស់ រដ្ឋាភិបាល នឹងគ្មានបញ្ហាអ្វីទាំងអស់ក្នុងការប្រឆាំងនឹងការដាក់ទណ្ឌកម្ម ក្នុងទ្រង់ទ្រាយធំជាងមុននេះ។
អ្នកធ្វើការនៅទីនោះ មានផលប្រយោជន៍ចំពោះមនុស្សមួយចំនួននៅក្នុងតំបន់ ដាម៉ាស្គូស (Damascus) ដែលសូម្បីតែមានទំនាក់ទំនងតិចតួចជាមួយរដ្ឋាភិបាលក៏ដោយ។ អ្នកភូមិមួយរូបដែលបានសុំមិនឱ្យបញ្ចេញអត្តសញ្ញាណ បាននិយាយកាលពីថ្ងៃច័ន្ទថា ស្ថានភាព នៅនឹងនរដដែល ហើយលោក មានលទ្ធភាពរកចំណីអាហារនិងប្រេងឥន្ធនៈទៀតផង។
លោកនិយាយថា ជួនកាល ចរន្តអគ្គីសនី ត្រូវបានកាត់ផ្តាច់ ប៉ុន្តែ លោកបានបន្ទោស បញ្ហានេះទៅលើក្រុមឧទ្ទាម ដែលបានកាត់ផ្តាច់បណ្តាញប្រេងដែលផ្គត់ផ្គង់ថាមពលអគ្គីសនីមកឱ្យទីក្រុង។
រដ្ឋាភិបាល ស៊ីរី ក៏បានបន្ទោស «ក្រុមជ្រុលនិយមប្រដាប់អាវុធ» ចំពោះការវាយប្រហារ ដែលធ្វើឲ្យអាក់ខានដល់ការផ្គត់ផ្គង់។ ផ្ទុយទៅវិញ ក្រុមប្រឆាំងបានបន្ទោសរដ្ឋាភិបាល ដោយការអះអាងទាំងពីរនេះ ពិបាកបញ្ជាក់ឲ្យបានច្បាស់លាស់ណាស់។
វាជាការពិបាកក្នុងកំណត់ថាតើការលំបាកផ្នែកសេដ្ឋកិច្ច នឹងមានអត្ថន័យយ៉ាងដូចម្តេចខ្លះ នៅក្នុងពេលដ៏ខ្លីខាងមុខ។ បញ្ហាទាំងឡាយហាក់ដូចជាពង្រឹងឡើងវិញនូវគោលជំហររបស់ប្រជាពលរដ្ឋ សម្រាប់ភាគីទាំងសងខាង។
ប៉ុន្តែ លោក ស្សេហាឌី (Shehadi) អ្នកវិភាគរបស់អង្គការ ឆាថាមហោស៍ មានប្រសាសន៍ថា រឿងមួយ មានភាពច្បាស់លាស់គឺថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ បានប៉ះពាល់ដល់មនុស្សគ្រប់រូប ដោយរាប់បញ្ចូលទាំងក្រុមប្រឆាំងផងដែរ។
«នៅក្នុងពេលដំណាលគ្នា មនុស្សម្នាក់ៗត្រូវតែគិតអំពីរយៈកាលអន្តរកាល នាពេលអនាគត ដែលរាល់ការខូចខាតទាំងឡាយដែលអ្នកបង្កឡើង ក្នុងពេលឥឡូវនេះ នឹងត្រូវតែធ្វើការជួសជុលឡើងវិញ។ ដូច្នេះ អ្នកកំពុងតែបំផ្លាញខ្លួនឯង ដោយសាររបបនេះ នឹងរលាយបាត់នៅទីបំផុត»។
ថាតើពាក្យ«នៅទីបំផុត» នឹងត្រូវការពេលយូរប៉ុនណានោះ បានចោទជាបញ្ហាមួយផ្សេងទៀត។ លោក ស្សេហាឌី និយាយថា ប្រសិនបើសភាពការណ៍នេះ បន្តកាន់តែយូរ សេដ្ឋកិច្ចនិងអំពើហិង្សា នឹងកាន់តែ អាក្រក់ទៅៗ ជាក់ជាពុំខាន៕
ប្រែសម្រួលដោយ ឌី ខាំបូលី