អ្នកជំងឺផ្តាសាយជ្រូក ឬ Swine-flu ដែលមានផ្ទុកមេរោគ H1N1 ដំបូងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៦នេះ បានទទួលមរណភាពនៅព្រឹកថ្ងៃពុធនេះ គឺមានរយៈពេលមិនបានប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកជំងឺរូបនេះ ត្រូវគេដាក់ឱ្យទទួលការព្យាបាលដាច់ដោយឡែក។
លោក ឃុន ណូ អ្នកបញ្ជាកាមេរ៉ាថតពីលើអាកាស (Drone) របស់ក្រុមហ៊ុន CBSដែលគ្រប់គ្រងលើទូរទស្សន៍ CTN CNC និង MY TV ត្រូវបានមន្ត្រីសុខាភិបាលកម្ពុជាបញ្ជាក់ថា មានផ្ទុកមេរោគផ្ដាសាយជ្រូក H1N1 កាលពីថ្ងៃទី២០ខែកុម្ភៈ ហើយបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ~សូវៀត។ នេះបើតាមការឲ្យដឹងពីលោកឈឹង យ៉ៅយេង នាយករងពេទ្យមិត្តភាពខ្មែរ~សូវៀត។ លោកថា បុរសវ័យជាង៣០ឆ្នាំ រូបនេះត្រូវបានបញ្ជូនមកពេទ្យក្រោយពេលស្ថានភាពជំងឺប្រែក្លាយជាធ្ងន់ធ្ងរ ហើយប៉ះពាល់ដល់សួតធ្ងន់ធ្ងរ។
លោកឈឹង យ៉ៅយេង បានបន្ថែមថា៖
«H1N1 គឺជាជំងឺមួយដែលអាចមានយូរណាស់មកហើយ។ ក៏ប៉ុន្តែនៅក្នុង H1N1នៅលើអ្នកហ្នឹងគឺជាសណ្ឋានមួយធ្ងន់ធ្ងរ ព្រោះគាត់ឈឺនៅផ្ទះយូរដែរហើយ»។
ជំងឺផ្តាសាយជ្រូក (Swine-flu) ដែលបង្កដោយមេរោគឈោ្មះឬ H1N1 នេះ រាលដាលពីសត្វជ្រូកមកមនុស្ស ក្រោយមកបានក្លាយជាផ្នែកមួយនៃជំងឺផ្ដាសាយឆ្លងរាលដាលរវាងមនុស្សនិងមនុស្ស។ កម្ពុជាបានរកឃើញជំងឺផ្ដាសាយជ្រូក ឬមេរោគ H1N1 ជាលើកដំបូងបង្អស់ នាឆ្នាំ២០០៩ ដែលបង្កឲ្យមានករណីឆ្លងជំងឺ និងស្លាប់ជាច្រើនករណី។ បើតាមអង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ២០១២ មេរោគ H1N1 នេះ បានវិវត្តន៍ខ្លួនទៅជាមេរោគផ្ដាសាយធម្មតា និងជាផ្ដាសាយតាមរដូវកាលផងដែរ។
លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថាក្រសួងសុខាភិបាលបានត្រួតពិនិត្យយ៉ាងដិតដល់ ទៅដល់បុគ្គលិកនៃក្រុមហ៊ុនទូរទស្សន៍ CTN CNC និងMY TV រួមទាំងគ្រួសារលោក ឃុន ណូផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយមួយនេះ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់បានបន្ថែមថា៖
«យើងបានវាយតម្លៃ ហើយៗ អត់មានឃើញបញ្ហាអ្វីផងនៅ CTN យើងបានបញ្ជូនមន្ត្រីសុខាភិបាលជំនាញ ក៏ដូចជាមន្ត្រីជំនាញ ក៏ដូចជាអង្គការសុខភាពពិភពលោក ចុះវាយតម្លៃហើយ ក្រៅពីករណីមួយហ្នឹង អត់មានករណីផ្សេងទៀតទេ»។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រុមហ៊ុន CBS ដែលផ្សាយនាល្ងាចថ្ងៃពុធនេះ បានឲ្យដឹងថាខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែង ទ្វេដងទៅលើការរក្សាអនាម័យនៅកន្លែងធ្វើការ រួមជាមួយនឹងការចាក់ថ្នាំបង្ការទៅដល់បុគ្គលិកទាំងអស់។ ជាពិសេសបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងដ៏ខ្លាំងក្លាមួយ ដោយរំលឹកបុគ្គលិកទាំងអស់ឱ្យលាងដៃនឹងសាប៊ូ និងទឹកឱ្យបានទៀងទាត់ និងយកក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាសដើម្បីការពារការឆ្លងជំងឺផ្ដាសាយ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថាលោក ឃុន ណូបានឆ្លងមេរោគ H1N1 ពីណានៅឡើយនោះទេ។ ក៏ប៉ុន្តែគេដឹងថាលោកបានធ្វើដំណើរចុះឡើងរវាងខេត្តកំពតនិងក្រុងភ្នំពេញជាទីដែលអ្នកជំងឺរូបនេះបំពេញការងារ។
ទោះបីជាយ៉ាងនេះក៏ដោយ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ នៃក្រសួងសុខាភិបាលកម្ពុជា ទទូចឲ្យប្រជាពលរដ្ឋដែលសង្ស័យថាខ្លួនមានជំងឺ H1N1 មកពិនិត្យសុខភាពខ្លួនឲ្យបានឆាប់ ចៀសវាងយឺតពេល ជាពិសេសគឺក្រុមជនងាយរងគ្រោះឆ្លងជំងឺ។ ក្នុងនោះ កូនក្មេងអាយុក្រោម៥ឆ្នាំ មនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺរ៉ាំរ៉ៃតួយ៉ាងជំងឺសួត បេះដូង ថ្លើម និងទឹកនោមផ្អែមជាដើម គឺជាក្រុមជនងាយរងគ្រោះដែលអនុញ្ញាតឲ្យមេរោគ H1N1 អាចវាយលុកនិងវិវត្តន៍ទៅជាធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស។
លោកបញ្ជាក់ថា៖
«ក្រសួងសុខាភិបាលមានផ្គត់ផ្គង់ឱសថសម្រាប់ព្យាបាលផ្តាសាយ។ ហើយយើងក៏មានមន្ទីរពិសោធន៍ដើម្បីធ្វើតេស្តទាន់ពេលវេលា។ ដូច្នេះបងប្អូនណាស្ថិតក្នុងក្រុមរងគ្រោះ ឬក្រោយ៣ថ្ងៃឈឺផ្តាសាយ ហើយវិវត្តន៍ទៅជាឈឺហត់ ឬ ធ្ងន់ធ្ងរសូមទៅពិគ្រោះជាមួយគ្រូពេទ្យ»។
ក្រោយពីការស្លាប់របស់អ្នកផ្ទុកមេរោគ H1N1 ឬ ជំងឺផ្តាសាយជ្រូកលើកដំបូងក្នុងឆ្នាំ២០១៦នេះ មន្ត្រីសុខាភិបាលកម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នកាន់តែខ្លាំងបន្ថែមទៀត។ ជាពិសេសប្រជាពលរដ្ឋកម្ពុជា ត្រូវប្រយ័ត្នប្រយែង និងរក្សាអនាម័យឲ្យបានល្អ ត្រូវលាងដៃនឹងសាប៊ូជាប្រចាំ និងរក្សាគម្លាតពីអ្នកជំងឺផ្តាសាយ។ ឯអ្នកជំងឺផ្តាសាយក៏គួរគប្បីពាក់ម៉ាស់ឲ្យបានជាប់លាប់ ចៀសវាងចម្លងជំងឺទៅអ្នកដទៃ៕