ជន​សង្ស័យ​នៃ​ការបាញ់​ប្រហារ​នៅ​ក្លឹប​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​រដ្ឋ Colorado ត្រូវ​ចោទ​ពី​បទ​ស្អប់​គុំកួន និង​ឃាតកម្ម

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បុរស​ម្នាក់​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នកដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​ការ​បាញ់​ប្រហារ​នៅ​ក្លឹប​រាត្រី LGBT Club Q នៅ​ក្នុង​ទីក្រុង Colorado Springs នៃ​រដ្ឋ Colorado ដែល​​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង Colorado Springs នៃ​រដ្ឋ Colorado បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​ចោទ​ប្រកាន់​បុរស​អាយុ ២២ ឆ្នាំ​ម្នាក់​ពី​បទ​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់​ប្រហារ​មួយ​បាន​កើតឡើង​នៅ​ក្លឹប​រាត្រី​មួយ​កន្លែង​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ មនុស្ស ៥ នាក់​បាន​ស្លាប់​និង ១៨ នាក់​រង​របួស។

អាជ្ញាធរ​បាន​បញ្ជាក់​ថា ជន​សង្ស័យ​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ឃាតកម្ម​ចំនួន ៥ ករណី និង​បទ​ចោទ​«ឧក្រិដ្ឋកម្ម​ដែល​ជំរុល​ឡើង​ដោយ​ភាព​លម្អៀង​ដែល​បណ្ដាល​ឱ្យ​មាន​របួស​ស្នាម» ចំនួន ៥ ករណី។ ឃ្លា «ឧក្រិដ្ឋកម្ម​ដែល​ជំរុល​ឡើង​ដោយ​ភាព​លំអៀង​ដែល​បណ្ដាល​ឱ្យ​មាន​របួស​ស្នាម» នេះ​គឺ​ជា​ភាសា​ដែល​បង្ហាញ​ឱ្យ​ឃើញ​អំពី​ច្បាប់​របស់​រដ្ឋ Colorado ស្ដីពី​ការ​ស្អប់​គុំកួន។

បទ​ចោទ​ប្រកាន់​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​មនុស្ស ១៨ នាក់​ដែល​បាន​រង​របួស​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នេះ​គឺ​អាច​នឹង​ធ្វើ​ឡើង​នៅ​ពេល​ដែល​ជន​សង្ស័យ​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​នៅ​ក្នុង​តុលាការ។

ការ​បាញ់​ប្រហារ​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នៅ​ឯ​ក្លឹប​រាត្រី Club Q ដែល​ជា​កន្លែង​ជួបជុំ​គ្នា​កម្សាន្ត​របស់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ទីក្រុង Colorado Springs។

អាជ្ញាធរ​និង​ម្ចាស់​ក្លឹប​កម្សាន្ត​នេះ​បាន​និយាយ​ថា អ្នក​បាញ់​ប្រហារ​បាន​ចូល​ទៅ​ក្នុង​ក្លឹប​នេះ​ដោយ​ពាក់​អាវក្រោះ​និង​កាន់​កាំភ្លើង​វែង AR-15 និង​បាន​បើក​ការ​បាញ់​ប្រហារ​ភ្លាមៗ​តែ​ម្ដង។ ប៉ូលិស​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ក្រោយ​មក​និង​បាន​ចាប់​ខ្លួន​ជន​សង្ស័យ។

គេ​នៅ​មិន​ច្បាស់​ឱ្យ​បាន​ប្រាកដ​នោះ​ទេ​កាលពី​ថ្ងៃ​ចន្ទ​ថា​តើ​អាជ្ញាធរ​បាន​កំណត់​យ៉ាង​ណា​អំពី​អ្វី​ដែល​ជា​ការ​ជំរុល​ទឹក​ចិត្ត​របស់​ជន​សង្ស័យ​នៅ​ក្នុង​ការ​ប្រព្រឹត្តិ​រឿង​នេះ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​បណ្ដាញ​ព័ត៌មាន CNN កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ស្នងការ​ប៉ូលិស​ក្រុង Colorado Springs លោក Adrian Vasquez បាន​និយាយ​ថា ជន​សង្ស័យ​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​និង «បាន​តាំងចិត្ត​មិន​និយាយ​ជាមួយ​ក្រុម​អ្នក​ស៊ើប​អង្កេត»។

ការ​បាញ់​ប្រហារ​នេះ​បាន​កើតឡើង​នៅ​ចំ​ពេល​ដែល​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រង​ការ​វាយ​ប្រហារ​កាន់តែ​ខ្លាំង​ឡើង​ពី​អ្នក​នយោបាយ​និង​សកម្មជន​ដែល​ប្រកាន់​ទស្សនៈ​ស្ដាំ​និយម៕