ជន​សង្ស័យ​ក្នុង​ការ​បាញ់​ប្រហារ​ក្នុង​តំបន់​ Chicago ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​ចំនួន​៧​ករណី

លោក Murry Rosenbush រៀបចំ​​របស់របរ​ដែល​នៅ​សេសសល់​នៅ​តាម​ដង​ផ្លូវ​ក្រោយ​ការ​បាញ់​ប្រហារ​​នៅ​ក្រុង Highland Park រដ្ឋ​ Illinois សហរដ្ឋ​អាមេរិក ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២។

ជនសង្ស័យ​អាយុ​២១​ឆ្នាំ​ពាក់​ព័ន្ធ​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​លើ​ក្បួន​ដង្ហែ​បុណ្យ​ឯករាជ្យ​នៅ​ជាយ​ក្រុង​ Chicago​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ចំនួន​៧​ករណី​ដែល​បាន​សម្លាប់​មនុស្ស​៧​នាក់​និង​ជាង ៣០​នាក់​រង​របួស។​

លោក Eric Rinehart ​រដ្ឋអាជ្ញា​ថ្នាក់​រដ្ឋ​នៅ​សង្កាត់ ​Lake County ​បាន​និយាយ​ថា​ ​បើត្រូវ​បាន​សម្រេច​ថា​ មាន​ទោស ​នោះ​ Robert Crimo III​ នឹង​ប្រឈម​មុខ​ទោស ជាប់​ពន្ធនាគារ​មួយ​ជីវិត​ដោយ​គ្មាន​ការ​ដោះលែង។​ អ្នក​ស៊ើប​អង្កេត​ ដែល​សួរ​ចម្លើយ​ជន​សង្ស័យ ​និង​ពិនិត្យ​មើល​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ជនសង្ស័យ​ មិនទាន់​បាន​កំណត់​ពី​ហេតុផល​នៃ​ការ​វាយ​ប្រហារ​នេះ​ទេ។ ​នេះ​បើតាម​លោក Christopher Covelli អ្នក​នាំពាក្យ​ក្រុម​ការងារ​ស៊ើប​អង្កេត​ឧក្រិដ្ឋ​កម្ម​សំខាន់​នៅ​សង្កាត់ ​Lake County ​ប្រាប់​សន្និសីទ​ព័ត៌មាន។​

លោក​ Covelli ​បាន​និយាយ​ថា ​ជន​សង្ស័យ​ឈ្មោះ​ Crimo ​បាន​ទិញ​អាវុធ​ចំនួន​៥​ដើម​ដោយ​ស្រប​ច្បាប់​ រួមទាំង​កាំភ្លើង​វែង​ដែល​មាន​ថាមពល​ខ្លាំង​ចំនួន​២​ដើម​ដែល​មួយ​ដើម​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​បាញ់​ប្រហារ​ និង​មួយ​ដើម​ទៀត​រក​ឃើញ​នៅ​ក្នុង​រថយន្ត​របស់​គាត់។ ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ប៉ូលិស​បាន​បង្ហាញ​ថា​ ពួកគេ​ត្រូវ​បាន​គេ​ហៅ​ទៅ​ផ្ទះ​របស់​ Crimo ​ពីរ​ដង​ក្នុង​ខែ​កញ្ញា​ឆ្នាំ​ ២០១៩​បន្ទាប់ពី​គាត់​បាន​គំរាម​កំហែង​ដោយ​ហិង្សា ​និង​គំរាម​ធ្វើ​អត្តឃាត។ ​ប៉ូលិស​រឹបអូស​បាន​កូន​កាំបិត​ជាច្រើន ​កាំបិត​វែង​មួយ​និង​ដាវ​មួយ ​ប៉ុន្តែ​បាន​និយាយ​ថា​រកមិន​ឃើញ​កាំភ្លើង​ទេ។​

ប៉ូលិស​រដ្ឋ ​Illinois ​បាន​និយាយ​ថា ​Crimo​ បាន​ដាក់​ពាក្យ​សុំ​អាជ្ញា​បណ្ណ​កាំភ្លើង​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៩​ នៅពេល​គាត់​មាន​អាយុ​១៩​ឆ្នាំ។ ​ឪពុក​របស់​គាត់​ជា​អ្នក​ឧបត្ថម្ភ​ក្នុង​ពាក្យសុំ​នោះ។ ​ប៉ូលិស​រដ្ឋ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ នៅ​ពេល​នោះ ​«មិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​បង្ហាញ​ច្បាស់​ពី​គ្រោះថ្នាក់»​ដើម្បី​បដិសេធ​ពាក្យ​សុំ​នោះ​ទេ។​

ប៉ូលិស​បាន​និយាយ​ថា ​ខ្មាន់​កាំភ្លើង​បាន​ប្រើ​អាវុធ ​AR-15 ​ហើយ​បាន​បាញ់​ជាង​៧០​គ្រាប់​ក្នុង​អំឡុង​ពេល​បាញ់​ប្រហារ​នៅ​ក្នុង​សហគមន៍​អ្នកមាន​ធូរធា​នៃ​ទីក្រុង​ Highland Park ​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ទិវា​ឯករាជ្យ​ថ្ងៃ​ទី ៤​ ខែ​កក្កដា។​ លោក​ Covelli ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ បន្ទាប់​មក​ជន​សង្ស័យ​បាន​ភៀសខ្លួន​ចេញ​ពី​កន្លែង​កើតហេតុ​ដោយ​ស្លៀកពាក់​ជាស្ត្រី​ដើម្បី​បន្លំ​ជាមួយ​មនុស្ស​ដែល​ព្យាយាម​គេច​ចេញ​ពី​ការ​បាញ់​សម្លាប់។​

លោក​ David Shapiro ​អាយុ​៤៧​ឆ្នាំ​បាន​ប្រាប់​សារ​ព័ត៌មាន ​The Associated Press ​ថា ​ ការ​បាញ់​ប្រហារ​នោះ​បាន​ធ្វើឱ្យ​ក្បួន​ដង្ហែ​មាន​«ភាពវឹកវរ»​យ៉ាង​ឆាប់​រហ័ស។​

ប៉ូលិស​បាន​ចាប់​ខ្លួន ​Crimo ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក នៅពេល​ដែល​ប៉ូលិស​បាន​ប្រទះ​ឃើញ​គាត់​កំពុង​បើក​ឡាន​នៅខាង​ក្រៅ​ទីក្រុង ​Highland Park ​ដែល​មាន​មនុស្ស​៣ម៉ឺន​នាក់​រស់​នៅ​តាម​ច្រាំង​បឹង ​Lake Michigan។​

ការ​បាញ់​ប្រហារ​ដំបូង​ត្រូវ​បាន​គេ​ច្រឡំ​ថា​ ជា​កាំជ្រួច​ពិធី​បុណ្យ​ជាតិ។ ​នៅពេល​ដែល​ហ្វូង​មនុស្ស​ដឹង​ថា​ វា​ជា​ការ​បាញ់​ប្រហារ​ ​ អ្នក​ដើរ​ដង្ហែ​ក្បួន​ភ័យ​ស្លន់ស្លោ​ ហើយ​បាន​ចាប់​ផ្តើម​រត់​ចូល​ទៅ​ក្នុង​ហាង​ដើម្បី​គេច​ពី​ការ​វាយ​ប្រហារ។​

ប៉ូលិស​បាន​និយាយ​ថា ​ ពួក​គេ​មិន​បាន​រក​ឃើញ​សញ្ញា​ថា ​ ខ្មាន់​កាំភ្លើង​បាន​កំណត់​គោល​ដៅ​លើ​នរណា​ម្នាក់​ដោយ​ប្រកាន់​តាម​ពូជ​សាសន៍​ សាសនា​ឬ​អ្វី​ផ្សេង​ទៀត​ទេ៕

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press, Agence France-Presse និង Reuters)