ជនរងគ្រោះរស់រានមានជីវិតពីការបាក់អគារបានអះអាងថា ការផ្ទុកលើសទម្ងន់ ការសាងសង់ប្លង់សេបន្ថែមនៅផ្នែកខាងលើ និងការស្ថាបនាអគារនៅទីទួលខ្ពស់ជិតជើងភ្នំ ជាមូលហេតុធ្វើឲ្យអគារនៅក្នុងក្រុងកែប ខេត្តកែប បាក់រលំ សម្លាប់មនុស្សយ៉ាងតិច៧នាក់ និងរបួសជិត២០នាក់។
កាលពីរសៀលថ្ងៃសុក្រ វេលាម៉ោង៤ និង១៥នាទី មានករណីបាក់អគារមួយ ដែលមានកម្ពស់៧ជាន់ ដែលរួមទាំងជាន់ផ្ទាល់ដី និងការចាក់ប្លង់សេមួយផ្នែកនៅជាន់ខាងលើបំផុត។
VOA បានសាកសួរអ្នករស់រានមានជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តកែប ដោយពួកគេបានលើកឡើងដូចៗគ្នាថា នៅថ្ងៃដែលបាក់នោះ កម្មករបានចាក់ប្លង់សេនៅជាន់ខាងលើ តែមិនមែនសម្រាប់បង្កើនជាន់ដើម្បីធ្វើបន្ទប់នោះទេ។ ប្លង់សេនោះគឺសម្រាប់ជារោងក្នុងគោលបំណងអ្វីមួយ។ ការចាក់ប្លង់សេនោះធ្វើឡើងនៅពេលព្រឹកថ្ងៃសុក្រ ហើយបានបញ្ចប់ប្រមាណពីរម៉ោងមុនពេលអគារបាក់។ ម្ចាស់អគារបានអនុញ្ញាតឲ្យកម្មករមានពិធីជួបជុំគ្នាពិសាអាហារ និងស្រាបៀ។
អ្នកស្រី គីម តេម អាយុ៣២ឆ្នាំ ដែលត្រូវបានគេជួយសង្រ្គោះរស់រានមានជីវិតកាលពីរសៀលថ្ងៃសៅរ៍ ក្រោយជាប់នៅក្នុងគំនរបែកបាក់នោះជិត២៤ម៉ោងបានថ្លែងប្រាប់VOA ថា ការបាក់នោះអាចបណ្តាលមកពីការចាក់ប្លង់សេខាងលើបន្ថែម ដែលធ្វើឲ្យមានទម្ងន់កាន់តែធ្ងន់។
អ្នកស្រីបានថ្លែងប្រាប់ VOA ខណៈកំពុងសម្រាកព្យាបាលថា៖
«ប្រហែលជាសង្ស័យថា ចាក់ប្លង់សេខាងមួយកំណាត់[ទៀត]។ ឲ្យវាធ្ងន់មួយជំហាន វាសង្កត់មកតែម្តង។ ដូចថាប្លង់សេគេ គេថា ៦ជាន់កន្លះ។ អាចុងក្រោយហ្នឹង គេចាក់កន្លះ អាហ្នឹងចុងក្រោយហើយ»។
អ្នកស្រី គីម តេម និងប្តីរបស់អ្នកស្រីគឺ លោក ដេម យ៉ុន ត្រូវបានគេជួយសង្រ្គោះនៅរសៀលថ្ងៃសៅរ៍។
កម្មករម្នាក់ទៀត គឺលោក អេ កុសល អាយុ៣២ឆ្នាំ ដែលបានជាប់នឹងគំនរថ្មប្រមាណ១២ម៉ោង បានថ្លែងប្រាប់ VOA ថា នៅពេលអគារបាក់នោះ លោកកំពុងហូបស្រាបៀ និងក្តាមជាមួយភរិយា ដែលនៅរស់រាន និងកម្មករពីរនាក់ផ្សេងទៀតដែលបានស្លាប់។
លោក កុសល ដែលមានកូនពីរនាក់ដែលរស់នៅខេត្តកំពតជាមួយយាយតារបស់ពួកគេ មានប្រសាសន៍ថា៖
«ពេលហ្នឹងខ្ញុំប្រឹងងើបទាញប្រពន្ធខ្ញុំចេញ។ មានដុំថ្មក្បែរហ្នឹងបីបួនកង់អញ្ចឹងខ្ញុំដាក់កល់។ ខ្ញុំប្រឹងទាញប្រពន្ធខ្ញុំរលាត់ដៃរលាត់ជើងអស់ហើយ។ ទាញមកក្បែរខ្ញុំដើម្បីមានសុវត្ថិភាព»។
លោកអះអាងប្រាប់ VOA ថា លោកសង្កេតឃើញថាអគារដែលលោកស៊ីឈ្នួលសាងសង់នោះ ពុំមានអ្នកជំនាញណាម្នាក់មើលគុណភាពសំណង់នេះទេ។
លោក កុសល ដែលធ្លាប់ធ្វើជាកម្មករសំណង់នៅខេត្តព្រះសីហនុ មុនមកធ្វើការនៅទីនេះ បានប្រហែល៣ខែ មានប្រសាសន៍ថា៖
«កន្លែងផ្សេងៗគេមានកង់សុលតង់[អ្នកប្រឹក្សា] និងអាំងស៊ីញើ [វិស្វករ]។ តែកន្លែងខ្ញុំវាអត់មាន។ កង់សុលតង់ [consultant] សម្រាប់ត្រួតពិនិត្យ [លើ]អ្វីដែលធ្វើខុសបច្ចេកទេស ឬត្រូវបច្ចេកទេស។ កន្លែងនេះអត់មាន»។
កម្មករម្នាក់ទៀត លោក អ៊ឹង រដ្ឋា បានថ្លែងថាការសង់ប្លង់សេបន្ថែម និងការដាក់ធុងទឹកធំៗចំនួនពីរនៅក្នុងអគារជាហេតុបណ្តាលឲ្យអគារនេះបាក់ស្រុត។ ប៉ុន្តែលោកមិនអាចប៉ាន់ស្មានថា គេបានផ្ទុកទឹកប៉ុន្មានលីត្រនោះទេ។ លោកនិយាយថា ទម្ងន់ធ្ងន់ពេក ជាកត្តាបណ្តាលឲ្យអគារមួយនេះបាក់ ។
លោក រដ្ឋា អាយុ ២៥ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ដែលទើបមកធ្វើជាកម្មករសំណង់នៅទីនេះបានពីរសប្តាហ៍ មានប្រសាសន៍ថា៖ «ដូចខ្ញុំប្រាប់អញ្ចឹង អាចបណ្តាលមកពីតំបន់នេះជាតំបន់ជម្រាលភ្នំហើយទី២ អាចថាវាលើសទម្ងន់ ដែលវាអាចទទួលបាន»។ លោកបន្ថែមថា៖ «ឥដ្ឋធម្មតាដែល៦ ឬ៧ហ៊ុន។ តែឥដ្ឋនេះ១០ហ៊ុនជាង ទទឹងណា ឥដ្ឋ១០ហ៊ុន វាធំណាស់។ ជញ្ចាំងធំបណ្តោយ ដល់ពេលអញ្ចឹងទៅវាធ្វើឲ្យទម្ងន់ កាន់តែកើនឡើង។ មួយជាន់ៗច្រើនតោនណាស់»។
ក្រោយការបាក់អគារនេះ រដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយ ដើម្បីស៊ើបអង្កេតរកមូលហេតុនៃការបាក់អគារនេះ។
ក្រោយលោក ស ខេង ចុះពិនិត្យទីតាំងអគារបាក់នៅខេត្តកែបកាលពីព្រឹកថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានប្រាប់ VOA ថា សំណង់អគារដែលបាក់នេះខ្វះគុណភាព ហើយទុកសមត្ថកិច្ចឲ្យគណៈកម្មការដែលទើបនឹងបង្កើត បន្តការស៊ើបអង្កេត។
លោក ស ខេង មានប្រសាសន៍ថា៖ «មូលហេតុគ្មានអីក្រៅតែពីសំណង់ខ្វះគុណភាព។ មកដល់ពេលនេះយើងមិនទាន់ដឹងថា កំហុសអ្នកណាពិតប្រាកដទេ ក៏ប៉ុន្តែគ្រាន់តែថា គុណភាពសំណង់ហ្នឹងមិនគ្រប់ស្តង់ដារ»។
ភ្លាមៗក្រោយពីអគារបាក់ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់អគារ ឈ្មោះ ឯក សារុន និងភរិយារបស់លោកឈ្មោះ ឈីវ សុធី និងកំពុងសាកសួរ។
បើតាមកម្មករ ម្ចាស់អគារតែងតែស្នាក់នៅអគារនោះជារៀងរាល់ថ្ងៃនៅជាន់ទីពីរ។ អគារមួយនេះត្រូវបានសាងសង់តាំងពីខែមីនា ឆ្នាំ២០១៩ ហើយការសាងសង់ធ្វើឡើងបន្តិចម្តងៗអស់ជាង១០ខែ មកទល់នឹងថ្ងៃដែលអគារនេះបាក់ស្រុត។ នេះបើយោងតាមកម្មករ។
សមត្ថកិច្ចកំពុងបន្តកាយរុករកមនុស្សផ្សេងទៀត ហើយប្រតិបត្តិការអាចបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍។ នេះបើយោងតាមលោក ស ខេង។ សាច់ញាតិដែលកំពុងរកគ្រួសារ បានអះអាងថា មានក្មេងៗយ៉ាងតិច៥នាក់ ដែលជាប់នៅក្នុងគំនរអគារនោះ ដែលជាកូនៗរបស់កម្មករ។
នេះជាការបាក់អគារទ្រង់ទ្រាយធំមួយទៀត ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់ បន្ទាប់ពីការបាក់អគារកំពុងសាង់សង់ចំនួន៧ជាន់នៅក្នុងក្រុងព្រះសីហនុ ដែលកំពុងរីកដុះដាលយ៉ាងគំហុកនៃសំណង់ និងការរកស៊ីរបស់ចិន កាលពីថ្ងៃខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឲ្យមនុស្ស២៨នាក់ស្លាប់។ ខេត្តព្រះសីហនុប្រឈមនឹងបញ្ហាការសាងសង់សំណង់ដោយមិនមានអាជ្ញាបណ្ណ និងសំណង់មិនមានគុណភាព។
របាយការណ៍របស់ក្រុមធនាគារពិភពលោកចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៨ ដែលនិយាយអំពី «ឆ្ពោះទៅសម្រេចសក្តានុពលនគរូបនីយកម្ម» បានបញ្ជាក់ថាប្រទេសកម្ពុជា បានប្រឈមនឹង«គុណភាពអន់ថយនៃសំណង់លំនៅដ្ឋាន និងកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីប្រជុំជន»។ របាយការណ៍បានបញ្ជាក់បន្ថែមថា ការផ្តល់ការអនុញ្ញាតឲ្យធ្វើសំណង់នៅតែជាបញ្ហាត្រង់ថា «សង់សិន អាជ្ញាបណ្ណតាមក្រោយ»។
របាយការណ៍បានបញ្ជាក់ថា៖ «នៅមានការអនុញ្ញាតការសាងសង់ត្រូវបានផ្តល់លើមូលដ្ឋានមួយករណីម្តងៗ ដែលនៅទីនោះគេច្រើនស្គាល់ថាជាវិធី «សង់សិន អាជ្ញាបណ្ណតាមក្រោយ។ សិទ្ធិអំណាចក្នុងការចេញអាជ្ញាបណ្ណសាងសង់និងការត្រួតត្រាសំណង់ស្ថិតនៅហួសពីសមត្ថកិច្ចរបស់មន្ទីរខេត្តនីមួយៗ ឬរបស់អាជ្ញាធរក្រុងទៅទៀត»។
នៅរសៀលថ្ងៃសៅរ៍ អង្គការសហប្រជាជាតិនៅកម្ពុជាបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ ហើយអង្គសហប្រជាជាតិបញ្ជាក់ថា៖ «ប្រព័ន្ធរបស់អង្គការសហប្រជាជាតិត្រៀមខ្លួនដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជានិងដៃគូទាំងអស់ ដើម្បីកែលម្អស្តង់ដារសំណង់ និងសុវត្ថិភាព»៕