យើងហៅគ្រឿងឧបករណ៍ទាក់ទងគ្នាដ៏មានឥទ្ធិពល ដូចជា Twitter ហើយនឹង Facebook ថាជា «ប្រព័ន្ធផ្សព្វផ្សាយសង្គម»។ ក៏ប៉ុន្ដែអ្នកធ្វើអត្ថាធិប្បាយជាច្រើននាក់អះអាងថា ការប្រើគ្រឿងឧបករណ៍នោះច្រើនពេក ធ្វើឲ្យមនុស្សមិនសូវចូលចិត្ដមានគ្នីគ្នា ទោះបីជាមិនដល់ថ្នាក់ប្រឆាំងនឹងសង្គមក៏ដោយ។ ពួកគេនិយាយថា មួយផ្នែកធំនៃការទាក់ទងគ្នាតាមរបៀបនេះ មានលក្ខណៈអាត្មានិយម ហើយថាមនុស្សចូលចិត្ដផ្ញើសារតាមទូរសព្ទដៃ ឬថ្លែងអំពីរឿងអាថ៌កំបាំងតាមអ៊ិនធឺណិត ដោយមិនដែលគិតគូរដល់ការព្រួយបារម្ភរបស់អ្នកដទៃ។
ក៏ប៉ុន្ដែការស្ទង់មតិថ្នាក់ជាតិថ្មីជាមួយនឹងជនជាតិអាមេរិកពេញវ័យចំនួនពីរពាន់ពីររយនាក់បង្ហាញថា អ្នកដែលប្រើគេហទំព័របណ្ដាញសង្គម មានអ្វីដែលការសិក្សានេះហៅថា «មានកម្រិតសុខុមាលភាពសង្គមខ្ពស់»។ ការស្ទង់មតិនោះរកឃើញថា ពួកគេអាចទុកចិត្ដបានជាង មានមិត្ដភក្ដិជិតស្និទ្ធច្រើនជាង ទទួលការគាំទ្រច្រើនជាងពីមិត្ដភក្ដិទាំងនោះ ហើយចូលរួមនយោបាយច្រើនជាងជនជាតិអាមេរិកាំងដទៃទៀត។
ការស្ទង់មតិរបស់ក្រុម Pew Research Center’s Internet & American Life Project ប្រាប់យើងអំពីអ្វីដែលយើងភាគច្រើនដឹងស្រាប់ហើយថា៖ Facebook ជាពិសេសបាននាំឲ្យអ្នកប្រើវាទាក់ទងមិត្ដភក្ដិដែលធ្លាប់រៀនជាមួយគ្នានៅវិទ្យាល័យ ហើយធ្វើឲ្យទំនាក់ទំនងគ្នាដែលស្ងប់ស្ងាត់ជាយូរយារមកហើយរស់រវើកឡើងវិញ។
លោក ឃីធ ហាម្ភថុន (Keith Hampton) កត់សម្គាល់ថា ការប៉ាន់ស្មានផលប៉ះពាល់នៃគេហទំព័របណ្ដាញសង្គមដោយផ្ដោតទៅលើលទ្ធភាពដែលគេហទំព័របណ្ដាញសង្គមនោះ អាចធ្វើឲ្យខូចប្រយោជន៍ទំនាក់ទំនងរបស់អ្នកប្រើវា ហើយទាញយកពួកគេឲ្យចេញពីការចូលរួមនៅក្នុងពិភពលោក។ សាស្ដ្រាចារ្យនៅសាកលវិទ្យាល័យភែន្នស៊ីលវែនី (Pennsylvania) រូបនេះជាអ្នកនិពន្ធនាំមុខនៃក្រុម Pew Report នោះ។
លោកនិយាយថា «យើងរកឃើញថា វាផ្ទុយទៅវិញទេ។ មនុស្សដែលប្រើគេហទំព័រដូចជា Facebook តាមពិតទៅមានទំនាក់ទំនងជិតស្និទ្ធជាង ហើយទំនងនឹងចូលរួមក្នុងសកម្មភាពប្រជាពលរដ្ឋ និងនយោបាយជាងអ្នកមិនប្រើ»។
វាអាចមានការកត់សម្គាល់ផងដែរថា សេចក្ដីរាយការណ៍មាន៨៥ទំព័ររបស់លោកសាស្ដ្រាចារ្យហាម្ភថុន ហើយនឹងសហការីរបស់លោករកឃើញផងដែរថា មនុស្សដែលប្រើគេហទំព័របណ្ដាញសង្គមកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ២០០៨មក។ សូមលោកអ្នកឆែកមើលប្រព័ន្ធ BlogTed Landphair http://blogs.voanews.com/tedlandphairsamerica/៕
ប្រែសម្រួលដោយ កងស៊ីវន