តុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ បានបដិសេធមិនអនុញ្ញាតឲ្យអ្នកស្រី ទេព វន្នី សកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ នៅក្រៅឃុំ។ ក្រុមអ្នកតវ៉ានៅក្រៅតុលាការកំពូលបានចោទតុលាការថា ធ្វើការសម្រេចសេចក្តីដោយមិនឈរលើគោលការណ៍ឯករាជ្យរបស់ច្បាប់។
អ្នកស្រី ទេព វន្នី សកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ បានស្រែកទ្រហោយំ ក្រោយពីតុលាការកំពូលកាត់សេចក្តីដោយមិនអនុញ្ញាតឲ្យអ្នកស្រីនៅក្រៅឃុំដើម្បីជួបជុំកូនៗ និងមា្តយចាស់ជរារបស់អ្នកស្រី។
«ព្រោះខ្ញុំមិនប្រាថ្នាធ្វើនាយករដ្ឋមន្ត្រីអីទេ គ្រាន់តែបានយុត្តិធម៌ ចង់បានយុត្តិធម៌ក្នុងសង្គមតែប៉ុណ្ណោះ សូមសម្តេចជួយផងទៅ»។
សកម្មជនការពារដីធ្លីរូបនេះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន កាលពីខែសីហា ឆ្នាំ២០១៦ ក្រោយពីអ្នកស្រីបានចូលរួម និងដឹកនាំការធ្វើ «យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ» យ៉ាងសកម្ម ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ចំនួនបួនរូប អគ្គលេខាធិការរងមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារយុត្តិធម៌ជូនលោក កែម ឡី ដែលត្រូវគេបាញ់ស្លាប់កាលពីខែកក្កដា ឆ្នាំ ២០១៦ នៅកណ្តាលទីក្រុងភ្នំពេញ។
អ្នកស្រី ទេព វន្នី ហៅការកាត់ក្តីនេះថា ជាការសម្រេចក្រោមគំនាបនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទស្សវត្សរ៍ហើយមកនោះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំដឹងច្បាស់ហើយ ទោះបីជាខ្ញុំមិនទៅស្តាប់ ការសម្រេចរបស់តុលាការកំពូលក្នុងព្រឹកនេះ ក៏ខ្ញុំដឹងថា គេមិនផ្តល់យុត្តិធម៌ឲ្យខ្ញុំទេ ព្រោះគេកំពុងតែយកខ្ញុំ ធ្វើជាទាសករនយោបាយ បើសិនជាសម្តេចពិតជាមិនយក នាងខ្ញុំនិងអ្នកការពារសិទ្ធិមនុស្ស និងអ្នកសេ្នហាជាតិមួយចំនួនទៀត ធ្វើជាទាសករនយោបាយទេ ដោះលែងពួកខ្ញុំទៅ»។
អ្នកស្រី ទេព វន្នី ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការពិភពលោក Vital Voices បានបន្តស្រែកទ្រហ៊ោយំ ក្នុងពេលក្រុមសន្តិសុខនាំអ្នកស្រី ឡើងលើរថយន្តដឹកអ្នកទោសត្រឡប់ទៅពន្ធនាគារព្រៃសវិញ។
នៅក្រៅរបងតុលាការកំពូល ក្រុមអ្នកតវ៉ាដែលជាអ្នករងគ្រោះដីធ្លី ដោយសារការអភិវឌ្ឍមកពីសហគមន៍នានាក្នុងរាជធានីភ្នំពេញ បានស្រែកតវ៉ាខ្លាំងៗ ប្រឆាំងនឹងការសម្រេចរបស់តុលាការកំពូល។
អ្នកស្រី បូវ សោភា សកម្មជនដីធ្លីនៅតំបន់បឹងកក់ បាននិយាយទាំងទឹកភ្នែករលីងរលោងថា តុលាការមិនហ៊ានប្រឆាំងនឹងលោក ហ៊ុន សែន នោះទេ។
អ្នកស្រី បូវ សោភា ថ្លែងថា៖ «បើសិនជាគាត់បញ្ជាឲ្យលែង គឺលែងហើយ តែបើសិនមិនបញ្ជាឲ្យលែង គឺពួកខ្ញុំអត់មានសង្ឃឹមថា មានសេរីភាពទេ អញ្ចឹងបានខ្ញុំនិយាយហើយថា ខ្ញុំស្គាល់គុក ក៏ដោយសាររបបលោក ហ៊ុន សែន ដែលដឹកនាំហ្នឹងហើយ ខ្ញុំស្គាល់ភាពអយុត្តិធម៌គឺរបបហ្នឹងហើយ ដែលខ្ញុំដឹងថា អ្វីដែលជាភាពយុត្តិធម៌ អ្វីដែលជាភាពអយុត្តិធម៌»។
អ្នកស្រី ទេព វន្នី ត្រូវបានតុលាការសម្រេចឲ្យជាប់ក្នុងពន្ធនាគារជាបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ថា អ្នកស្រី បានបង្កអំពើហិង្សា នៅមុខផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលស្ថិតនៅក្បែរវិមានឯករាជ្យ កាលពីឆ្នាំ២០១៣។ អ្នកស្រីនិយាយថា ការចោទប្រកាន់នេះ ជាការចោទប្រកាន់ដែលធ្វើឡើងដោយខុសពីនីតិវិធី និងប្រាសចាកអង្គហេតុដែលបានកើតឡើងនាគ្រានោះ។
នៅក្នុងសាលសវនាការដែលបានធ្វើឡើងកាលពីសប្តាហ៍មុន អ្នកស្រីបានប្រាប់ចៅក្រម គឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ថា អ្នកស្រី ជាស្រ្តីទន់ខ្សោយ និងមិនមានកម្លាំងកំហែង ទៅប្រព្រឹត្តអំពើហិង្សា ដើម្បីតទល់នឹងក្រុមសន្តិសុខ និងកងកម្លាំងប្រដាប់អាវុធដែលជាបុរសៗនោះទេ។
អ៊ុំស្រី ស៊ី ហ៊ាប ម្តាយបង្កើតអ្នកស្រី ទេព វន្នី បានចូលរួមតាមដានការប្រកាសសាលដីការបស់ តុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ។
«គ្នាជាស្រ្តីផង គ្នាអត់មានបាន វាយប៉ូលីស អីណាមួយដៃទេ កូនខ្ញុំជាស្រ្តី វាចោទប្រកាន់កូនខ្ញុំ ដើម្បីយកលេស យកកូនខ្ញុំទៅដាក់គុក»។
ការសម្រេចរបស់តុលាការកំពូល ដែលមិនផ្តល់សេរីភាពដល់អ្នកស្រី ទេព វន្នី ឲ្យបានរស់នៅក្រៅឃុំនេះ ធ្វើឡើងនៅពេលស្ថានការណ៍នយោបាយកម្ពុជាបន្តជាប់គាំង និងចំពេលដែលក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចត្រៀមធ្វើវិសោធកម្មប្រការ ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោល តួនាទីរបស់លោក កឹម សុខា ដែលជាប្រធានក្រុមអ្នកតំណាងរាស្ត្រមតិភាគតិចនៃរដ្ឋសភាជាតិ។
ការលុបចោលប្រការ ៤៨ថ្មី (បី) ត្រូវគេដឹងថា ត្រូវបានធ្វើឡើងទៅតាមសំណើរលោក ហ៊ុន សែន ដែលបង្ហាញចេតនាបិទការចរចាជាមួយគណបក្សប្រឆាំង អំពីការទាមទារឲ្យដោះលែងអ្នកទោស ដែលភាគច្រើនជាសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីរបស់គណបក្សប្រឆាំង។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ ដែលធ្លាប់ធ្វើជាទីប្រឹក្សាលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅរដ្ឋសភាជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅតុលាការកំពូលថា ស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន នឹងមិនអំណោយផលដល់ការចរចាផ្នែកនយោបាយណាមួយនោះឡើយ ហើយអ្នកដែលជាប់ឃុំ ក្រោមហេតុផលនយោបាយនេះ នឹងមិនទទួលបានសេរីភាពក្នុងពេលឆាប់ៗនោះទេ។
លោកមានប្រសាសន៍ថា៖ «សេរីភាពសម្រាប់អ្នកទោសនយោបាយ»ទំនងជាអាចទទួលបានរហូតដល់ក្រោយការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ ឯណោះ។
«រឿងដោះលែង មិនដោះលែងនេះ ហើយជាប្រធានបទនៃការចរចា ដែលពីមុនថា មានហ្នឹងណ៎ា វាគឺជា ដូចជាយើងយកជាចំណងចងភាគីមួយទៀតបាទ ខាងនយោបាយហ្នឹងបាទ»។
អ្នកស្រី សាម សុគន្ធា មេធាវីការពារក្តី អ្នកស្រីទេព វន្នី មិនអាចផ្តល់ការអធិប្បាយទៅលើការសម្រេចរបស់តុលាការកំពូលបាននោះទេ ព្រោះអ្នកស្រីពុំមានវត្តមានក្នុងពេលប្រកាសសាលដីកា។
VOA មិនទាន់អាចទាក់ទង អ្នកស្រី គឹម សត្ថាវី ចៅក្រមនៅតុលាការកំពូល បានទេ នៅថ្ងៃពុធនេះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងការពារ ការកាត់សេចក្តីរបស់តុលាការកំពូល ដោយលោកបានប្រាប់ VOA ថា ការចោទប្រកាន់ថា តុលាការបានសម្រេចសេចក្តីដោយលម្អៀងនោះ គឺជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
«អញ្ចឹងទេ ការចោទប្រកាន់យ៉ាងណានោះ គឺជាសិទ្ធិសេរីភាពរបស់គាត់ទេ។ ជាធម្មតាអ្នកដែលចាញ់ក្តី ឬក៏ការសម្រេចមិនស្របទៅនឹងចិត្តរបស់ខ្លួនឯង តែងតែធ្វើការចោទប្រកាន់មកលើតុលាការ ក៏ប៉ុន្តែ សម្រាប់អាជ្ញាធរមានសមត្ថកិច្ចតុលាការ គឺថា នេះជាដំណើរការធម្មតា នៃនីតិវិធីរបស់តុលាការ»។
អ្នកស្រី ទេព វន្នី នៅជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ផ្សេងៗទៀត ក្រៅពីការចោទប្រកាន់ទៅលើអ្នកស្រី ដោយសាលាដំបូងរាជធានីភ្នំពេញថា អ្នកស្រីបានបង្កហិង្សានៅមុខផ្ទះលោក ហ៊ុន សែន។ អ្នកស្រីត្រូវប្រឈមជាមួយតុលាការក្នុងបទចោទប្រកាន់មួយចំនួន ដែលរួមមានបទប្រមាថមន្ត្រីរាជការសាធារណៈ និងបទប្រឆាំងមន្ត្រីរាជការសាធារណៈមានស្ថានទម្ងន់ទោសជាដើម។
ក្រុមអ្នកតវ៉ាប្រឆាំងនឹងការសម្រេចរបស់តុលាការកំពូលនិយាយថា ពួកគេនឹងបើកយុទ្ធនាការដើម្បីកៀរគរការដាក់សម្ពាធពីសហគមន៍អន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងអ្នកស្រី ទេព វន្នី ដែលជាសកម្មជនការពារដីធ្លីដ៏សកម្មនេះ៕