ចៅក្រមតុលាការកំពូល លោក យូ ឧត្តរា នៅថ្ងៃសុក្រនេះ បានប្រកាសសាលដីកា ដោយកាត់ទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពីបទញុះញង់ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដោយដាក់ពន្ធនាគាររូបលោករយៈពេល៣ឆ្នាំ។សាលដីការបស់តុលាការកំពូលគឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។
កាលពីខែតុលា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងញុះញង់ឱ្យមានការរើសអើង។
លោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារកំណត់ចំនួន៣ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល។
លោក ជូង ជូងី មេធាវីរបស់លោក ថាច់ សេដ្ឋា ថ្លែងថា លោកមិនមានការអត្ថាធិប្បាយអ្វីឡើយលើការសម្រេចរបស់តុលាការកំពូល កាលពីព្រឹកថ្ងៃសុក្រ។
មេធាវី ជូង ជូងី ធ្លាប់ថ្លែងថា កូនក្តីរបស់លោកមិនមានចេតនាញុះញង់ឱ្យមានភាពវឹកវរឬក៏មិនមានចេតនាញុះញង់ឱ្យមានការរើសអើង ដូចការចោទប្រកាន់ឡើយ។
នៅក្នុងសវនាការជំនុំជម្រះរបស់តុលាការកំពូលកាលពីចុងខែកក្កដា លោក ថាច់ សេដ្ឋា បានទទូចឱ្យតុលាការទម្លាក់បទចោទប្រកាន់លើរូបលោក។ លោកបញ្ជាក់ថា ការលើកឡើងរបស់លោកពាក់ព័ន្ធនឹងប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា គឺផ្អែកតាមឯកសារប្រវត្តិសាស្ត្រដែលលោកថា គណបក្សកំពុងកាន់អំណាចមួយនេះមានដើមកំណើតពី«យួន»។
លោកបន្តថា រដ្ឋាភិបាលគួរដំឡើងស្តូបកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាជាងធ្វើស្តូបមិត្តភាពកម្ពុជា-វៀតណាម អរគុណវៀតណាម។
លោក ថាច់ សេដ្ឋា បញ្ជាក់ថា អ្វីដែលលោកថ្លែងកន្លងមកមិនមានចេតនាញុះញង់ឡើយ ហើយវាជាការបញ្ចេញមតិរបស់លោក។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅរបស់អង្គការលីកាដូ ថ្លែងថា អ្នកនយោបាយតែងតែបញ្ចេញវោហារសព្ទរបស់ខ្លួន ដើម្បីទាក់ទាញអ្នកគាំទ្រ។ លោកបន្តថា ការកាត់ទោសលោក ថាច់ សេដ្ឋា ប៉ះពាល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
បើតាមលោក អំ សំអាត ការបកស្រាយលើសេរីភាពនៃការបញ្ចេញមតិ និងបទញុះញង់មានភាពចម្រូងចម្រាសនៅកម្ពុជា ដោយសារមានការចោទប្រកាន់លើអ្នកនយោបាយដែលកំពុងអនុវត្តសិទ្ធិបញ្ចេញមតិរបស់ពួកគេ។
លោកប្រាប់វីអូអេថា៖ «ការអនុវត្តសិទ្ធិនិងសេរីភាពរបស់ពួកគាត់ហ្នឹងត្រូវបានចោទប្រកាន់ ត្រូវបានកាត់ទោស ហើយនឹងធ្វើការចាប់ខ្លួនទៅវិញ។ អាហ្នឹងគឺធ្វើឱ្យសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសិទ្ធិមនុស្សថា ជាការបំពានសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ»។
គួរបញ្ជាក់ថា ក្រៅពីសំណុំរឿងបទញុះញង់នេះ លោក ថាច់ សេដ្ឋា ដែលត្រូវបានចាប់ខ្លួនកាលពីដើមឆ្នាំ២០២៣ ក៏ត្រូវបានតុលាការកាត់ទោសពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។ លោកត្រូវកាត់ទោសដាក់ពន្ធនាគារ១ឆ្នាំកន្លះ និងត្រូវបង់លុយជំពាក់ចំនួន ៣៣.៤០០ដុល្លារអាមេរិក ត្រូវបង់ប្រាក់ពិន័យចូលរដ្ឋចំនួន ៣លានរៀល និង ៥លានរៀលត្រូវបង់សងជំងឺចិត្តដល់ក្រុមហ៊ុនបញ្ចាំមួយដែលជាដើមបណ្តឹង៕