តុលាការកំពូល នៅថ្ងៃសុក្រនេះ បានតម្កល់សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម ដោយផ្តន្ទាទោសយុវជនសកម្មជនបរិស្ថាន៣នាក់ ដែលត្រូវបានកាត់ទោសពីបទញុះញង់ ក្នុងសំណុំរឿងតស៊ូមតិកុំឱ្យលុបបឹងតាមោក។ នេះបើតាមសកម្មជនទាំង៣នាក់។
សកម្មជនជាយុវជនបរិស្ថានទាំង៣នាក់ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២០ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធទៅនឹងគម្រោងយុទ្ធនាការដើរតែម្នាក់ឯងរបស់កញ្ញា ឡុង គន្ធា ទៅកាន់គេហដ្ឋានរបស់នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំឱ្យបញ្ឈប់ការលុបបឹងតាមោកនៅជាយរាជធានីភ្នំពេញ។ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសពួកគេដាក់ពន្ធនាគារ ចន្លោះពី១៨ខែទៅ២០ខែ កាលពីខែឧសភា ឆ្នាំ២០២១។ កាលពីចុងឆ្នាំ២០២១ សាលាឧទ្ធរណ៍បានចេញសេចក្តីសម្រេច ដោយព្យួរទោសសាកល្បងសកម្មជនបរិស្ថានទាំង៣នាក់ ប៉ុន្តែសិទ្ធិនិងសេរីភាពរបស់ពួកគេត្រូវបានកំហិតរយៈពេល៣ឆ្នាំ ដោយការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
លោក ថុន រដ្ឋា ប្រាប់វីអូអេនៅថ្ងៃសុក្រថាតុលាការកំពូលបានរក្សាការសម្រេចរបស់សាលាឧទ្ធរណ៍ចាត់ទុកជាបានការដដែល។ លោក ថុន រដ្ឋា ដែលបច្ចុប្បន្ននៅក្រៅមណ្ឌលឃុំឃាំង ប៉ុន្តែស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ បន្ថែមថាលោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន២០ខែ ប៉ុន្តែសាលាឧទ្ធរណ៍បានសម្រេចបន្ថយទោស ដោយព្យួរទោសចំនួន៦ខែដែលនៅសល់។
ចំណែកកញ្ញា គន្ធា និងកញ្ញា រស្មី ត្រូវបានសាលាឧទ្ធរណ៍រក្សាទោសពន្ធនាគារចំនួន១៨ខែដដែល ប៉ុន្តែព្យួរទោសចំនួន៤ខែដែលនៅសល់។
កញ្ញា ឡុង គន្ធា ប្រាប់វីអូអេថាកញ្ញាចាត់ទុកសេចក្តីសម្រេចរបស់តុលាការកំពូលអយុត្តិធម៌សម្រាប់សកម្មជនការពារបរិស្ថាន។
កញ្ញាថ្លែងថា៖ «ពួកយើងស្អាតស្អំ ហើយគ្រប់គ្នាសុទ្ធតែបានដឹងថាសកម្មភាពពួកយើងកន្លងមក គឺជាការការពារបរិស្ថាន ការពារធនធានធម្មជាតិ ហើយសកម្មភាពរបស់ពួកយើង វាគួរតែត្រូវបានលើកទឹកចិត្ត មិនមែនគំរាមកំហែងមកកាន់ពួកយើង»។
ចំណែកកញ្ញា ភួន កែវរស្មី នៅបន្តការពារភាពស្អាតស្អំរបស់កញ្ញាដោយលើកឡើងថា សកម្មភាពរបស់សកម្មជនកាលពីកន្លងទៅធ្វើឡើងក្នុងន័យការពារបរិស្ថានតែប៉ុណ្ណោះ។
កញ្ញាប្រាប់វីអូអេថា៖ «សម្រាប់ការសម្រេចរបស់តុលាការកំពូលហ្នឹង គឺយើងនៅតែយល់ថាវាជារឿងដែលអយុត្តិធម៌ដដែលសម្រាប់ពួកយើង ដែលជាសកម្មជនបរិស្ថានកន្លងមកដែលអត់បានប្រព្រឹត្តបទល្មើសអី អត់បានបង្កជាភាពវឹកវរដល់សន្តិសុខសង្គម»។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីអ្នកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូលបាននៅឡើយទេ។
គួរបញ្ជាក់ថាក្រៅពីសំណុំរឿងញុះញង់ សកម្មជនបរិស្ថានវ័យក្មេងទាំង៣នាក់ ក៏នៅរងការចោទប្រកាន់មួយផ្សេងទៀត គឺសំណុំរឿង «រួមគំនិតក្បត់» ដែលកំពុងស្ថិតក្នុងដៃរបស់ចៅក្រមស៊ើបសួរ ហើយពួកគេត្រូវបានកំហិតមិនឱ្យចេញទៅក្រៅប្រទេស៕