តុលាការកំពូលបានសម្រេចនៅថ្ងៃពុធនេះដម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍និងតុលាការរាជធានីភ្នំពេញលើបណ្តឹងតវ៉ារបស់ក្រុមស្រ្តីបឹងកក់ចំនួន១០នាក់ពាក់ព័ន្ធនឹងការសម្រេចដាក់ពន្ធនាគារពួកគាត់ក្នុងពេលកន្លងមក។
មុនចូលស្តាប់សាលក្រម ស្ត្រីបឹងកក់ទាំង១០នាក់ និងអ្នកភូមិយ៉ាងតិច៥០នាក់បានធ្វើការតវ៉ានៅមុខតុលាការកំពូលទាមទារឲ្យចៅក្រមបដិសេធការសម្រេចរបស់សាលាឧទ្ធរណ៍និងសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយពីបានពិនិត្យ និងអានសំណុំបណ្តឹងសារទុក្ខរបស់ស្ត្រីបឹងកក់ទាំង១០នាក់ លោកចៅក្រម សឹង បញ្ញាវុឌ្ឍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថា អង្គជំនុំជម្រះសម្រេចដម្កល់សាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលកំណត់ថា ស្ត្រីទាំង១០នាក់មានទោសជាប់ពន្ធនាគារមួយឆ្នាំ ហើយនឹងសាលក្រមរបស់សាលាឧទ្ធរណ៍ដែលបានសម្រេចសម្រាលទោសឲ្យស្រ្តីទាំងនេះនៅក្រៅការឃុំឃាំងដោយយល់ឃើញថា ពួកគាត់មានការយល់ដឹងតិចតួច។
បន្ទាប់ពីការប្រកាសសាលក្រមនោះ អ្នកស្រី ទេព វន្នី ជាម្ចាស់ពានរង្វាន់ស្រីជាអ្នកក្លាហាន Vital Voices និងជាអ្នកការពារសិទ្ធិរស់នៅក្នុងតំបន់បឹងកក់ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា អ្នកស្រីមិនរំពឹងថា តុលាការកំពូលនឹងសម្រេចខុសពីសាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញនេះទេ។
«ពួកយើងទាំងអស់គ្នាបានត្រៀមខកចិត្តរួចទៅហើយ ព្រោះកន្លងមកគឺយើងតែងតែខកចិត្តជាបន្តបន្ទាប់ មិនដែលទទួលបានយុត្តិធម៌ពីប្រព័ន្ធតុលាការនៅស្រុកខ្មែរម្តងណាឡើយចា៎»។
អ្នកស្រីសុង ស្រីលាភនិយាយថា បើតុលាការកំពូលសម្រេចខុសពីសាលក្រមតុលាការជាន់ទាបនេះវាបង្ហាញថាសាលាឧទ្ធរណ៍និងសាលាដំបូងកាត់ទោសពួកពួកគាត់ដោយអយុត្តិធម៌។
អ្នកស្រីទេព វន្នី អ្នកស្រីសុង ស្រីលាភ និងស្ត្រី៨នាក់ទៀតត្រូវតុលាការជាន់ទាបទាំងពីរថ្នាក់សម្រេចចោទប្រកាន់ពីបទ «កាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងប្រឆាំងនឹងអ្នករាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចអភិវឌ្ឍន៍បឹងកក់១ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២»។
ការសម្រេចរបស់តុលាការកំពូលនៅថ្ងៃពុធនេះគឺជាលទ្ធផលនៃសវនាការកាលពីថ្ងៃទី២ខែមីនា។ នៅក្នុងការសួរដេញដោលរបស់ក្រុមប្រឹក្សាអង្គជំនុំជម្រះនោះ ស្ត្រីជាប់ចោទទាំងនេះបានបដិសេធរាល់ការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ និងការដម្កល់ទុកការចោទប្រកាន់ ដោយសាលាឧទ្ធរណ៍។
ស្ត្រីទាំង១០នាក់នេះត្រូវតុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ១ឆ្នាំកាលពីខែវិច្ឆិកាឆ្នាំ ២០១៤។
ប៉ុន្តែពួកគេមួយចំនួនត្រូវបានសាលាឧទ្ធរណ៍បន្ធូរបន្ថយមកជាប់ពន្ធនាគារមិនដល់មួយឆ្នាំទេ។ ពួកគេទាំង១០នាក់នេះ ត្រូវបានសាលាឧទ្ធរណ៍ដោះលែងឲ្យមានសេរីភាពវិញកាលពីខែមេសា ឆ្នាំ ២០១៥។ ការដោះលែងសកម្មជនដីធ្លីនេះ ក៏ត្រូវគេដឹងថា ធ្វើឡើងបន្ទាប់ពីការសម្របសម្រួលផ្នែកនយោបាយរវាងគណបក្សនយោបាយធំៗ ពីរក្នុងរដ្ឋសភា និងសម្ពាធពីសហគមន៍អន្តរជាតិ។
អ្នកស្រីទេព វន្នីប្រាប់ VOA ថា ទោះជាស្ត្រីទាំង១០រូបនេះត្រូវបានដោះលែងនៅក្រៅការឃុំឃាំងក្តី ពួកគាត់នៅតែធ្វើការប្តឹងឧទ្ធរណ៍ និងប្តឹងសារទុក្ខដើម្បីរកយុត្តិធម៌ ព្រោះពួកគាត់ជាជនរងគ្រោះនៃការរំលោភសិទ្ធិលំនៅដ្ឋាន និងទំនាស់ដីធ្លីក៏រ៉ាំរ៉ៃទាក់ទងនឹងការអភិវឌ្ឍតំបន់បឹងកក់ ដោយក្រុមហ៊ុន Sukaku Inc របស់លោកឧកញ៉ាឡៅ ម៉េងឃីន។ ដូច្នេះពួកគាត់មិនត្រូវជាប់ពន្ធនាគារ និងមានឈ្មោះជាអ្នកមានទោសទេ។
អ្នកស្រីទេព វន្នីបន្តថា ស្ត្រីទាំង១០នាក់នឹងបន្តតវ៉ារកយុត្តិធម៌ទៀត ក្រោយពីការសម្រចជាស្ថាពររបស់តុលាការជាន់ខ្ពស់បំផុតនេះ។
អ្នកស្រី ង៉ែត ឃុន អាយុ៧៦ឆ្នាំដែលនៅក្នុងចំណោមស្ត្រី១០នាក់នេះផងដែរបានប្រកាសតាមឧគ្ឃោសនស័ព្ទថា តុលាការតាំងពីថ្នាក់នេះឃុបឃិតគ្នា ហើយតុលាការកំពូលការពារតុលាការជាន់ទាប។
«តុលាការដំបូង តុលាការឧទ្ធរណ៍ តុលាការកំពូលគឺគំនិតឃុបឃិតជាមួយគ្នាតែមួយ ធ្វើបាបរាស្ត្រ ប្លន់ដីរាស្ត្រលក់»៕