តុលាការកំពូលនឹងបើកសវនាការបណ្តឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅថ្ងៃទី៩ ខែមីនា ខណៈមេដឹកនាំអតីតគណបក្សប្រឆាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគាររូបនេះមានបញ្ហាសុខភាព។ នេះបើតាមការឲ្យដឹងពីមេធាវីមួយរូបដែលការពារក្តីឲ្យលោក កឹម សុខា។
លោក ផែង ហេង មេធាវីមួយរូប ក្នុងចំណោម៧រូប ដែលការពារក្តីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយបានប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា សវនាការនាពេលខាងមុខនឹងមានការចូលរួមការពារពីមេធាវីរបស់លោក កឹម សុខា ចំនួន៦រូប ដោយរំពឹងថា តុលាការកំពូលនឹងអនុញ្ញាតឲ្យលោក កឹម សុខា បាននៅក្រៅឃុំ ដើម្បីព្យាបាលជំងឺ ទៅតាមការស្នើសុំ។
លោកមានប្រសាសន៍ថា៖«តុលាការកំពូលជាតុលាការមួយដែលមានសុភវិនិច្ឆ័យ ហើយជាតុលាការខ្ពស់ជាងតុលាការថ្នាក់ឧទ្ធរណ៍។ អញ្ចឹងខ្ញុំយល់ថា ក្រុមប្រឹក្សាក៏មានចំនួនច្រើន នឹងបានពិចារណាទៅលើសំណូមពររបស់ឯកឧត្តម កឹម សុខា ក៏ដូចជាទៅលើភស្តុតាងនានាដែលមេធាវី ដាក់ជូនសម្រាប់ឲ្យអង្គសវនាការពិនិត្យពិច្ច័យ និងផ្តល់យុត្តិធម៌ឲ្យគាត់ដើម្បីបាននៅក្រៅឃុំ និងបានព្យាបាលជំងឺ»។
ទោះយ៉ាងណាលោកថា ក្រុមមេធាវីមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយពីតុលាការ ថានឹងមានការនាំខ្លួនលោក កឹម សុខា មកចូលរួមសវនាការ ដូចសវនាការសាលាឧទ្ធរណ៍កាលពីដើមខែកុម្ភៈកន្លងមក ឬយ៉ាងណានោះទេ ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងតុលាការកំពូលបានទេ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្តាលយប់រំលងអាធ្រាត្រ កាលពីដើមខែកញ្ញា ដោយចោទលោកពីបទ«ក្បត់ជាតិ» និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែលរហូតមកដល់ពេលនេះមានរយៈពេលជិត៦ខែមកហើយ។
កន្លងមកក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានប្តឹងទៅតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីសុំធ្វើមោឃភាពការចាប់ឃុំខ្លួនលោក កឹម សុខា ដោយអះអាងថា ការចាប់ឃុំឃាំងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមដែលមានអភ័យឯកសិទ្ធិសភាទាំងកណ្តាលយប់ គឺជាអំពើខុសច្បាប់កំពូលរបស់កម្ពុជា៕