នាព្រឹកថ្ងៃច័ន្ទនេះ តុលាការកំពូលច្រានចោលសំណើសុំនៅក្រៅឃុំរបស់ក្រុមមន្ត្រីសិទ្ធិមនុស្សបួនរូបដោយរក្សាទុកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលមិនអនុញាតិឲ្យអ្នកទាំងបួនស្ថិតនៅក្រៅឃុំឲ្យនៅដដែល។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្តីនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា។
មន្ត្រីសិទ្ធិមនុស្សទាំង៤រូប រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទសូកប៉ាន់សាក្សី។ អ្នកទាំងបួនត្រូវបានឃុំឃាំងអស់រយៈពេលជិត១០ខែមកហើយ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានសាកសួរពួកគេពាក់ព័ន្ធនឹងបទសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហារបស់ លោក កឹម សុខា អតីតប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ជាមួយស្ត្រីកាត់សក់វ័យក្មេងម្នាក់។
លោក ឡោ ជុនធី មេធាវីការពារក្តីឲ្យមន្ត្រីសិទ្ធិមនុស្សទាំងបួនរូប បានប្រាប់ VOA ថា តុលាការកំពូលបាន បដិសេធសំណើរបស់មេធាវីការពារក្តី ដោយផ្អែកលើការសម្រេចរបស់សាលាឧទ្ធរណ៍ ក្នុងការមិនអនុញាតិឲ្យកូនក្តីលោកបានស្ថិតនៅក្រៅឃុំ។ លោកនិយាយថា តុលាការក៏បានយោងតាមមាត្រា ២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តឃុំកូនក្តីលោកផងដែរ។
លោក ឡោ ជុនធី ថ្លែងថា៖
«គេសំអាងហេតុមួយទៀតដូចថាបទឧក្រិដ្ឋ សូកប៉ាន់សាក្សី វាជាបទឧក្រិដ្ឋ។ អញ្ចឹងមាត្រា ២០៨ហ្នឹង គឺអាចពន្យាបាន។ ហេតុផលសំខាន់អញ្ចឹង»។
លោក ឡោ ជុនធី បន្ថែមថា លោកនឹងពិនិត្យមើលនីតិវិធីច្បាប់ផ្សេងទៀតដើម្បី សុំឲ្យកូនក្តីរបស់លោកបាននៅក្រៅឃុំ។ លោកថា ការណ៍ដែលតុលាការកំពូលបន្តឃុំខ្លួន កូនក្តីរបស់លោកគឺជាការរំលោភសិទ្ធិរបស់ពួកគាត់។
យោងតាមមាត្រា២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា៖
«ចំពោះនីតិជន ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួនបណ្តោះអាសន្ន មិនអាចលើសពី៦ (ប្រាំមួយ) ខែ បានទេ។ ប៉ុន្តែ នៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្តោះអាសន្នម្តងបាន៦(ប្រាំមួយ)ខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់។ ចៅក្រមស៊ើបសួរអាចសម្រេចពន្យារពេលការឃុំខ្លួបនបណ្តោះអាសន្នបានតែ ២(ពីរ) ដងគត់។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូប្រាប់ VOA តាមទូរស័ព្ទថា លោកមានការសោកស្តាយចំពោះការសម្រេចរបស់តុលាការកំពូលនេះ។ លោកយល់ថា ការសម្រេចនេះ បានធ្វើឲ្យមន្ត្រីសិទិ្ធមនុស្សទាំងបួននាក់នោះ បាត់បង់ឱកាសក្នុងការជួយរដ្ឋាភិបាលដើម្បីធ្វើការពង្រឹងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា៖
«បើសិនជាឲ្យនៅក្រៅឃុំ ខ្ញុំគិតថាវាចំណេញជាង។ ទីមួយគឺគាត់អាចបន្តការងាររបស់គាត់ក្នុងការជួយទៅដល់ជនរងគ្រោះទាក់ទងនឹងវិស័យរំលោភសិទ្ធិមនុស្ស រំលោភដីធ្លី ហើយជួយរដ្ឋាភិបាលបានច្រើនដែរក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងផ្នែកផ្លូវច្បាប់នៅកម្ពុជា»។
ពេលចេញពីសវនាការក្នុងតុលាការនាព្រឹកថ្ងៃច័ន្ទនេះ លោក យី សុខសាន្ត មន្ត្រីសិទ្ធិមនុស្សមួយរូប ក្នុងចំណោមបួនរូប បានស្រែកប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ មិនមានការចាប់ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សនោះទេ។ លោកថា មានតែប្រទេសកាន់របបផ្តាច់ការប៉ុណ្ណោះ ដែលធ្វើទុក្ខបុកម្និញលើអ្នកការពារសិទ្ធិមនុស្ស។
លោក យី សុខសាន្ត មានប្រសាសន៍យ៉ាងដូច្នេះ៖
«ខ្ញុំសុំបញ្ជាក់ថា មានតែប្រទេសផ្តាច់ការកុម្មុយនីស្តទេ! ដែលគេចាប់ពួកសិទ្ធិមនុស្សដាក់ពន្ធនាគារនោះ។ ក្រៅពីនោះ ពួកសិទ្ធិមនុស្សគឺជួយធ្វើការងារឲ្យរាជរដ្ឋាភិបាល ដើម្បីរដ្ឋាភិបាលហ្នឹង! មានមុខ ស្មើមុខ ស្មើមាត់ហ្នឹងគេ ស្របច្បាប់លើពិភពលោក»។
កាលពីដើមខែមីនានេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៧៨បានចេញសេចក្តីថ្លែងការណ៍រួមមួយសម្តែងការមិនពេញចិត្តចំពោះការបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ហើយបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការយាយីតាមផ្លូវតុលាការ និងការប្រើប្រាស់អំពើហិង្សានានាមកលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែលនេះក៏បានលើកឡើងផងដែរថា ការវាយប្រហារលើអ្នកការពារសិទ្ធិមនុស្សកម្ពុជា នាពេលចុងក្រោយនេះគឺហាក់ដូចជាយុទ្ធសាស្ត្ររបស់អាជ្ញាធរកម្ពុជាដែលបានគិតទុកយ៉ាងច្បាស់លាស់ក្នុងការដាក់ទណ្ឌកម្ម និងរារាំងការបញ្ចេញសំឡេងជំទាស់នានា ខណៈការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតជាតិដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខ៕