ក្រុមពលរដ្ឋចំនួនបួនរូប ដែលមានវិវាទដីធ្លីជាមួយអ្នកមានលុយម្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ កាលពីសប្តាហ៍មុន ស្វះស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រសួងពាក់ព័ន្ធដើម្បីឲ្យមានការដោះលែងអ្នកស្រី ឡុង សុគន្ធី អ្នកការពារសិទ្ធិដីធ្លី ដែលត្រូវបានគេចាប់ឃុំឃាំងក្នុងទំនាស់ដីធ្លីនោះ។ នេះបើតាមការបញ្ជាក់របស់តំណាងពលរដ្ឋ។
អ្នកស្រីឡុង សុគន្ធី វ័យ៤៦ឆ្នាំ តំណាងឲ្យប្រជាពលរដ្ឋចំនួន៣១០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ា សំ សុផាន់ណារិទ្ធិ ក្នុងការទាមទារដីទំហំ២.០៧៦ហិកតា នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ឃុំខ្លួនតាមអំណាចដីកាបង្គាប់ ឲ្យចាប់ខ្លួនរបស់លោកចៅក្រមផេង កុសល ដែលបានផ្តន្ទាទោសអ្នកស្រី ឡុង សុគន្ធី ដាក់ពន្ធនាគារកំណត់១ឆ្នាំ គិតពីថ្ងៃចាប់ខ្លួនបាន។
លោកលឹម ឈុនទ្រី ដែលជាតំណាងថ្មីរបស់ពលរដ្ឋចំនួន៣០០គ្រួសារនោះ បានប្រាប់ VOA កាលពីថ្ងៃអាទិត្យថា លោកនិងពលរដ្ឋឯទៀតបានមកទីក្រុងភ្នំពេញកាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីដាក់ញត្តិទៅខុទ្ធកាល័យលោកនាយករដ្ឋមន្ត្រី និងក្រសួងពីរគឺក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីសុំឲ្យមានការដោះលែងអ្នកស្រីឡុង សុគន្ធី។
លោកអះអាងថា ការឃុំខ្លួនអ្នកស្រី ឡុង សុគន្ធី កើតចេញពីការសមគំនិតរបស់ចៅហ្វាយស្រុកមួយរូប និងលោកសំ សុផាន់ណារិទ្ធិ។
«ខ្ញុំចោទទៅខាងលើ ខាងលើ ក្រុមឧកញ៉ាសំ ផាន់ណារិទ្ធិ ហ្នឹងឯង ហើយបានរួមដៃឃុបឃិតជាមួយចៅហ្វាយស្រុកហួរ ពៅ ស្រុកស្វាយចេក […] រួមដៃរួមគំនិតគ្នា ធ្វើបាបមកលើអ្នកស្រី ឡុង សុគន្ធី ដោយមានភាពអយុត្តិធម៌ខ្លាំងពេក»។
នៅក្នុងការដាក់ញត្តិនោះ ក្រុមមន្ត្រីនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងយុត្តិធម៌ បានច្រានចោល មិនទទួលយកញត្តិរបស់លោកនោះទេ។ ចំណែកក្រសួងរៀបចំដែនដីបានស្នើឲ្យលោកធ្វើជាតំណាងជំនួសអ្នកស្រីឡុង សុគន្ធី ក្នុងការតវ៉ានេះ។
លោកបានបន្ថែមថា ក្រុមមន្ត្រីមួយចំនួន ដែលមកទទួលញត្តិហាក់ដូចជាបានដឹងរឿងនេះទុកជាមុន ដូច្នេះលោកថា មិនសូវមានសង្ឃឹមនោះទេ ក្នុងការទាមទារសេរីភាពជូនអ្នកស្រី ឡុង សុគន្ធី ដែលពេលនេះកំពុងមានបញ្ហាសុខភាព។
«គេមានគម្រោងការដឹងទុកហើយស្រេចហើយ។ គ្រាន់តែខ្ញុំចូលទៅដល់ គ្រាន់តែឮឈ្មោះអ្នកស្រីឡុង សុគន្ធី គេបានចោទប្រកាន់មកលើពួកខ្ញុំថា ពួកខ្ញុំទៅយកដីធ្លីរបស់គេ។ នេះដូចពួកគេ គេបានដឹងរឿងហ្នឹងទុកជាមុនហើយស្រេចទៅហើយ»។
អ្នកស្រី ឡុង សុគន្ធី ដែលមានកូនបួននាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចស្ទាក់ចាប់ខ្លួនក្នុងពេលអ្នកស្រីកំពុងធ្វើដំណើរមកកាន់ទីរួមខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៨។
អ្នកស្រីត្រូវបានផន្ទាទោសពីបទប៉ះពាល់កម្មសិទ្ធិឯកជន តាមមាត្រា២៤៤ និងមាត្រា២៥៣នៃច្បាប់ភូមិបាល និងពីបទធ្វើឲ្យខូចខាត ដោយចេតនា តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក នង នី វ័យ៥៤ឆ្នាំ ស្វាមីអ្នកស្រី ឡុង សុគន្ធី មានប្រសាសន៍ថា លោកបានចូលរួមជាមួយអ្នកតវ៉ាផ្សេងទៀត ដោយធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីស្វែងរកសេរីភាពជូនភរិយារបស់លោក ដែលកំពុងប្រឈមនឹងបញ្ហាសុខភាពខាងផ្លូវដង្ហើម។
«ស្ថានភាពគាត់នៅក្នុងពន្ធនាគារនោះមានអីយ៉ាប់យឺនអីចឹងឯង។ គាត់ថា គាត់មិនសូវស្រួលខ្លួនអីចឹង […] រោគគាត់ហ្នឹង គាត់ហ្នឹងហើយឈឺផ្លូវដង្ហើម ហើយណាមួយ អាមួយចំហៀងក្បាល ក្រហាយក្បាលមួយចំហៀង និងគិតច្រើន»។
លោកត្អូញពីផលវិបាក នៅពេលមិនមានវត្តមានរបស់អ្នកស្រី ឡុង សុគន្ធី នៅក្នុងគ្រួសារ។ លោកថ្លែងថា៖
«ខ្ញុំបារម្ភ ព្រួយបារម្ភណានៅក្នុងបន្ទុកខ្លួនឯងផ្ទាល់ ដែលនៅផ្ទះហ្នឹងពិបាកច្រើន ពិបាកច្រើន អត់មាន មួយទៅហ្នឹងពិបាក ក្នុងក្រុមគ្រួសារ។ ចង់ទៅណា ក៏ទៅមិនរួច មានកូនដែលរៀនសូត្រហ្នឹង កូនស្រីមួយហ្នឹងអាយុ១០ឆ្នាំ ក៏ទៅណា ក៏យកទៅដែរ។ អីចឹងទៅវាខាតពេលវេលាដែលរៀនសូត្រនោះទៀត»។
VOA មិនទាន់សុំការអធិប្បាយពីលោកឧកញ៉ា សំ សុផាន់ណារិទ្ធិ និងលោក ហួរ ពៅ ចៅហ្វាយស្រុកស្វាយចេកបានទេ នៅថ្ងៃចន្ទនេះ។ VOA ក៏មិនទាន់អាចសុំការអធិប្បាយពីមន្ត្រីនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដែរ នៅថ្ងៃច័ន្ទនេះ។ ចំណែកលោក សេង ឡូត អ្នកនាំពាក្យនៅក្រសួងរៀបចំដែនដី មិនលើកទូរស័ព្ទ។
លោក លឹម ឈុនទ្រី បានបញ្ជាក់បន្ថែមថា លោកកំពុងប្រមូលមេដៃរបស់ក្រុមប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយលោក សំ សុផាន់ណារិទ្ធិ ដើម្បីឡើងមកតវ៉ានៅភ្នំពេញម្តងទៀត ព្រោះមន្ត្រីនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្គាប់ឲ្យលោកប្រមូលស្នាមមេដៃជំនួសស្នាមមេដៃចាស់ ដែលខុទ្ទកាល័យលោក ហ៊ុន សែន ចាត់ទុកថា មិនអាចយកជាការបានទេ៕