អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ប្រាប់វេទិកាមួយនៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានរងផលប៉ះពាល់ ដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលបានបង្កជាឧបសគ្គដល់វិនិយោគិនដែលចង់បណ្តាក់ទុនរកស៊ីក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ថ្លែងនៅឯវេទិកាកិច្ចពិភ្សាមួយរៀបចំដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (CSIS) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១ ខែតុលា លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ហើយបច្ចុប្បន្នមានតំណែងជាឧបនាយករដ្ឋមន្ត្រីផងនោះ បានផ្តល់ការយល់ឃើញថា ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញក៏មានផលប៉ះពាល់លើឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ដែលតម្រូវឱ្យរដ្ឋាភិបាលលុបបំបាត់បទល្មើសបច្ចេកវិទ្យានេះឱ្យដល់កម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន។
លោកថ្លែងថា៖ «យើងមិនបណ្តោយឱ្យមានរឿងនេះ ឬក៏ព្រមឱ្យមានរឿងហ្នឹងទេ។ ដូច្នេះ យើងកំពុងប្រយុទ្ធនឹងរឿងនេះយ៉ាងខ្លាំងក្លា។ នាយករដ្ឋមន្ត្រីរបស់យើងបានណែនាំទៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីបង្ក្រាបបនល្បែងអនឡាញខុសច្បាប់ ល្បែងខុសច្បាប់ ហើយ ព្យាយាមបង្ក្រាប... មិនមែនព្យាយាមធម្មតាទេ! គឺធ្វើការយ៉ាងខ្លាំងដើម្បីបង្ក្រាបអំពើឆបោកអនឡាញនេះ។ វាប៉ះពាល់យើងខ្លាំងជាទីបំផុត ក៏ដូចជាពិភពលោកទាំងមូល និងមុខមាត់របស់កម្ពុជា។ វាមិនល្អទេ»។
លោកបន្ថែមថា៖ «ដូច្នេះ ដើម្បីទាក់ទាញទេសចរមកប្រទេសកម្ពុជា ឬក៏ដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស...ខ្លះនិយាយថា “ខ្ញុំខ្លាចមិនហ៊ានទៅ “។ អ្នកដឹងទេ ដូច្នេះ យើងត្រូវធ្វើការងារហ្នឹងឱ្យខ្លាំងបំផុត ហើយយើងកំពុងធ្វើការហ្នឹងខ្លាំងណាស់ ...ខ្ញុំមិនគិតថា យើងអាចលុបបំបាត់បាន១០០ភាគរយទេ។ ប៉ុន្តែយ៉ាងហោចណាស់ បំបាត់វាឱ្យបានច្រើនបំផុត ដូច្នេះរឿងហ្នឹងមិនកើតមានទៀតទេនៅប្រទេសយើង។ ដូច្នេះ នេះគឺជាអ្វីដែលកំពុងធ្វើសព្វថ្ងៃនេះ»។
លោកបានឱ្យដឹងទៀតថា បញ្ហានេះក៏ប៉ះពាល់ការងាររបស់លោកផងដែរនៅក្នុងការទាក់ទាញអ្នកវិយោគទុនពីក្រៅប្រទេស។ លោកបានបន្ថែមថា៖ «ជាការណ៍ពិត វាប៉ះពាល់ការងារខ្ញុំផងដែរ។ នៅពេលខ្ញុំទៅផ្សព្វផ្សាយពីការវិនិយោគ ប្រសិនបើអ្នកសួរខ្ញុំសំណួរដូចគ្នានេះ ខ្ញុំមិនហ៊ានទៅវិនិយោគនៅកម្ពុជាទេ ដោយសារតែការបោកអនឡាញ ការជួញដូរមនុស្ស។ វាប៉ះពាល់យើងខាងសេដ្ឋកិច្ច។ ដូច្នេះ យើងនឹងមិនអនុញ្ញាតឱ្យរឿងនេះ បន្តមានទៀត។ យើងនឹងចាត់ការរឿងនេះឱ្យខ្លាំងបំផុត»។
ការអត្ថាធិប្បាយរបស់លោក ស៊ុន ចាន់ថុល យ៉ាងដូច្នេះ កើតឡើងនៅក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានរៀបចំដោយ CSIS ដែលជាវេទិកាសំខាន់បំផុតនៅរដ្ឋធានីវ៉ាស៊ីនតោនសម្រាប់មន្ត្រីជាន់ខ្ពស់មកពីប្រទេសអាស៊ីអាគ្នេយ៍ ហើយនឹងដៃគូសន្ទនាសំខាន់ៗជាច្រើនទៀតរួមមានអ្នករៀបចំគោលនយោបាយដែលមានមូលដ្ឋាននៅវ៉ាស៊ីនតោនឌីស៊ី (Washington DC)។
នៅក្នុងវេទិកានោះ លោក ស៊ុន ចាន់ថុល ក៏បានប្រាប់អ្នកចូលរួមអំពីសក្តានុពលក្នុងការបណ្តាក់ទុននៅប្រទេសកម្ពុជា ទីដែលលោកអះអាងថាមានប្រជាពលរដ្ឋវ័យក្មេងដែលប្រកបដោយថាមពល និងងាយស្រួលបណ្តុះបណ្តាលធៀបនឹងប្រទេសក្នុងតំបន់ ហើយកម្ពុជាក៏បានទទួលអត្ថប្រយោជន៍ពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងសព្វាវុធ » ឬ EBA របស់សហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនទៀតដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
លោកស៊ុ ន ចាន់ថុល ត្រូវបានអ្នកកាសែតចោទសួរអំពីការចាប់ខ្លួនអ្នកកាសែតលោក ម៉ិច ដារ៉ា នៅប្រទេសកម្ពុជា ហើយនឹងការដាក់ទណ្ឌកម្មកាលពីពេលៗនេះរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលើលោកឧកញ៉ា លី យ៉ុងផាត់ ចំពោះការពាក់ព័ន្ធរបស់ក្រុមហ៊ុនលោកក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
ឆ្លើយទៅនឹងសំណួរទាំងនោះ លោក ស៊ុន ចាន់ថុល ថា លោកមិនបានដឹងទេអំពីការចាប់ខ្លួនលោក ម៉ិច ដារ៉ា ខណៈលោកកំពុងស្ថិតនៅក្រៅប្រទេស តែលោកអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាគឺមានភាពប្រសើរជាងប្រទេសផ្សេងៗទៀតក្នុងតំបន់។ ទាក់ទិនទណ្ឌកម្មលើលោក លី យ៉ុងផាត់ ឧបនាយករដ្ឋមន្ត្រីរូបនេះថ្លែងថា វាជាបញ្ហារបស់ក្រុមហ៊ុនឯកជន រដ្ឋាភិបាលកម្ពុជានឹងមិនអាចការពារហើយលាងជម្រះឈ្មោះលោក លី យ៉ុងផាត់ បានទេ គឺមានតែលោកឧកញ៉ារូបនេះដែលមានកាតព្វកិច្ចដោះស្រាយរឿងនេះផ្ទាល់ដោយខ្លួនលោក។
ក្រសួងការបរទេសកម្ពជា កាលពីថ្ងៃទី ១៣ ខែកញ្ញា បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយថាការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ និងក្រុមហ៊ុនរបស់លោកជា «ការសម្រេចចិត្តដោយអយុត្តិធម៌»។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «វិធានការដែលត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ដែលមិនមានមូលដ្ឋានច្បាស់លាស់ស្តីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញនេះ មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក»។
រដ្ឋសភាកម្ពុជាកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ បានចេញសេចក្តីថ្លែងការណ៍ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក«អយុត្តិធម៌»។
ចំណែកលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១៥ ខែកញ្ញា ថា ទណ្ឌកម្មរបស់អាមេរិកលើលោក លី យ៉ុងផាត់ ជាការ«ចាប់ដៃ ជាន់ជើង»។
ទោះជាយ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត ប្រាប់វីអូអេថា កន្លងមក អំពើឆបោកអនឡាញបានបង្កផលអាក្រក់លើប្រទេសកម្ពុជា ហើយប្រទេសជាច្រើនបានលើកអំពីបញ្ហានេះ និងបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាធ្វើអន្តរាគមន៍សង្គ្រោះពលរដ្ឋរបស់ពួកគេ តួយ៉ាងដូចករណី ជួយសង្គ្រោះពលរដ្ឋឥណ្ឌាជាង៦០នាក់កាលពីពេលថ្មីៗនេះ។
លោកយល់ឃើញថា បើរឿងនេះនៅបន្តកើតទៀតនៅប្រទេសកម្ពុជា អ្នកវិនិយោគនឹងពិបាកសម្រេចចិត្តមកបណ្តាក់ទុននៅកម្ពុជា ហើយវិស័យទេសចរណ៍ក៏អាចនឹងបន្តរងសម្ពាធពីអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនេះដែរ។
លោកថ្លែងថា៖ «បើសិនជានៅមានបញ្ហានេះកើតឡើង វាជះឥទ្ធិពលមិនល្អសម្រាប់កម្ពុជា ជាពិសេសទៅលើការវិនិយោគភ្ញៀវទេសចរអន្តរជាតិ និងបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមនោះបាទ»។
បើតាមលោក អំ សំអាត រដ្ឋាភិបាលគួរតែបង្កើនការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដែលអាចឆ្លើយតបទៅនឹងតាក់តិកដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ បន្តកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ និងអន្តរជាតិដើម្បីកំណត់មុខសញ្ញាឧក្រិដ្ឋជន ឈានដល់ការទប់ស្កាត់ និងការបង្ក្រាបឱ្យមានប្រសិទ្ធភាព លុបបំបាត់រាល់អំពើពុករលួយ ពោលគឺកុំឱ្យមានមន្ត្រីជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកអនឡាញនេះ ហើយត្រូវអនុវត្តច្បាប់ឱ្យស្មើភាពចំពោះរាល់បុគ្គលដែលមានការពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យានេះ៕