មេធាវីតំណាងឱ្យម្ចាស់កប៉ាល់ដឹកទំនិញមួយគ្រឿងបានឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ម្ចាស់កប៉ាល់ដែលធ្វើឱ្យស្ទះចរាចរណ៍លើផ្លូវទឹកនៅព្រែកជីក Suez (ស៊ុុយអេ) កាលពីខែមីនាបាននិយាយថា អាជ្ញាធរព្រែកជីកនេះមានកំហុសដែលអនុញ្ញាតឱ្យកប៉ាល់ខ្លួនចូលក្នុងផ្លូវទឹកនេះស្របពេលម្ចាស់កប៉ាល់នេះកំពុងប្តឹងឧទ្ធរណ៍លើការឃាត់ទុកកប៉ាល់ និងទាមទារសំណងជំងឺចិត្តរបស់អាជ្ញាធរ។
កប៉ាល់ The Ever Given ដែលជាកប៉ាល់ដឹកទំនិញមួយក្នុងចំណោមកប៉ាល់ដឹកទំនិញធំៗបំផុតក្នុងពិភពលោកបានជាប់នៅក្នុងព្រែកជីក Suez កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ ដោយសារមានខ្យល់ខ្លាំងៗនិងត្រូវបានបញ្ជាឱ្យស្ថិតនៅទីនោះរយៈពេល៦ថ្ងៃ ដោយបានធ្វើឱ្យមានការស្ទះចរាចរណ៍ផ្លូវទឹកទាំងទៅទាំងមក និងបានប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក។
ចាប់តាំងពីពេលនោះមក កប៉ាល់នេះត្រូវបានឃាត់ទុកនៅក្នុងបឹងមួយនៅចន្លោះដៃព្រែកជីកនេះ ខណៈដែលអាជ្ញាធរព្រែកជីក Suez (SCA) ប្តឹងទាមទារសំណងចំនួន ៩១៦,៥ លានដុល្លារពីក្រុមហ៊ុនជប៉ុនឈ្មោះ Shoei Kisen ដែលជាម្ចាស់កប៉ាល់ដឹកទំនិញនោះ។
សាលាឧទ្ធរណ៍នៃតុលាការសេដ្ឋកិច្ចក្រុង Ismailia បានបើកសវនាការកាលពីថ្ងៃសៅរ៍សប្តាហ៍មុនចំពោះការឃាត់ទុកកប៉ាល់នេះ និងចំពោះការទាមទារសំណងហិរញ្ញវត្ថុរបស់អាជ្ញាធរ SCA។ អាជ្ញាធរ SCA ព្យាយាមរក្សាសេចក្តីសម្រេចឱ្យនៅដដែលបន្ទាប់ពីមានការប្តឹងឧទ្ធរណ៍ពីក្រុមហ៊ុនម្ចាស់កប៉ាល់។
លោក Ahmed Abu Ali ដែលជាសមាជិកនៃក្រុមអ្នកច្បាប់របស់ក្រុមហ៊ុនម្ចាស់កប៉ាល់បានប្រាប់សារព័ត៌មាន Reuters ថា មេធាវីតំណាងឱ្យក្រុមហ៊ុន Shoei Kisen បានបញ្ជាក់ថា អាជ្ញាធរ SCA មានកំហុសដែលអនុញ្ញាតឱ្យកប៉ាល់នេះចរាចរណ៍លើផ្ទៃទឹកក្នុងពេលមានអាកាសធាតុមិនល្អ។ លោកបានបន្ថែមថា អាជ្ញាធរនេះខកខានមិនបានបង្ហាញពីកំហុសណាមួយដែលបង្កឡើងដោយកប៉ាល់ដឹកទំនិញនោះទេ។
លោក Abu Ali ថា ខ្សែអាត់ដែលយកចេញពីកប៉ាល់ និងត្រូវបានដាក់ជូនតុលាការបង្ហាញពីការខ្វែងគំនិតគ្នារវាងអ្នកបើកកប៉ាល់របស់អាជ្ញាធរ SCA និងមជ្ឈមណ្ឌលគ្រប់គ្រងការបញ្ជារបស់ខ្លួនថាតើកប៉ាល់នេះគួរចូលក្នុងព្រែកជីកនេះដែរឬទេ។
លោកបានបន្ថែមទៀតថា មេធាវីរបស់ក្រុមហ៊ុន Shoei Kisen បានបញ្ជាក់ថា កប៉ាល់នេះគួរតែមាននាវាសណ្តោងយ៉ាងតិចពីរគ្រឿងដែលត្រូវនឹងទំហំរបស់កប៉ាល់ «ប៉ុន្តែគេមិនបានធ្វើដូច្នេះនោះទេ»។
អាជ្ញាធរ SCA មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំការបកស្រាយនោះទេ ប៉ុន្តែអាជ្ញាធរនេះបានបដិសេធជាសាធារណៈថា ខ្លួនមិនមានកំហុសនោះទេ៕