បេក្ខជនខ្មែរអាមេរិកាំងកំពុងនាំមុខគេនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាទីក្រុងឡុងប៊ិច ប្រចាំសង្កាត់លេខ៦ នៃរដ្ឋកាលីហ្វញ៉ា។ នេះបើតាមលទ្ធផលឆ្នោតបឋមដែលចេញផ្សាយដោយគណៈកម្មការបោះឆ្នោតប្រចាំរដ្ឋ។
លទ្ធផលបឋមពីការបោះឆ្នោត កាលពីថ្ងៃអង្គារ បង្ហាញថា អ្នកស្រី ស៊ូលី សារ៉ូ ទទួលបានសន្លឹកឆ្នោត១.៤៣៤ សំឡេងដែលត្រូវជា ៤៤ភាគរយនៃចំនួនអ្នកចេញមកបោះឆ្នោតសរុប ហើយតាមពីក្រោយដោយលោក ឌី អែនឌ្រូ ដែលជាចៅសង្កាត់ទី ៦ ក្នុងពេលបច្ចុប្បន្ន និងក៏ជាចៅហ្វាយរងក្រុងឡុងប៊ិចផងដែរ។ លោក ឌី អែនឌ្រូ ទទួលបានសន្លឹកឆ្នោត ៩៧៦សំឡេង ដែលត្រូវជា ៣០ភាគរយ។ អ្នកស្រី អាណា អាស ទទួលបានសំឡេងគាំទ្រចំនួន ៥៨៦ ដែលត្រូវជាជិត ១៨ភាគរយ។
អ្នកស្រី ស៊ូលី សារ៉ូ បានធ្វើការឃោសនាដោយឈរលើការស្វែងរកដំណោះស្រាយបញ្ហាប្រឈម លើការអត់ការងារធ្វើ សុខាភិបាល សុវត្ថិភាព ឧក្រិដ្ឋកម្ម ជនគ្មានផ្ទះសម្បែង និងការផ្តល់ផ្ទះសម្បែង។ ទន្ទឹមនឹងបញ្ហារួមដែលសង្កាត់ទាំងមូលប្រឈម បេក្ខជនខ្មែរ-អាមេរិកាំង ដែលមានអាយុ ៣៩ឆ្នាំនេះ មើលឃើញថា កន្លងមកសហគមន៍ខ្មែរនៅជួបការលំបាកខ្លះ ក្នុងការស្វែងរកសេវានានាពីរដ្ឋ ដោយសារតែមិនមានតំណាងនៅថ្នាក់ក្រុង។
នៅថ្ងៃបោះឆ្នោតអ្នកស្រី ស៊ូលី សារ៉ូ បានសរសរសារតាមហ្វេសប៊ុកថា៖ «នាងខ្ញុំមានកិត្តិយសដែលទទួលបានសន្លឹកឆ្នោតរបស់អ្នកទាំងអស់គ្នា សម្រាប់អាសនៈក្រុមប្រឹក្សាក្រុងប្រចាំសង្កាត់លេខ ៦»។
មានបេក្ខជនចំនួន ៦នាក់ ចូលរួមប្រកួតការបោះឆ្នោតនៅក្នុងសង្កាត់នេះ ប៉ុន្តែបេក្ខជនដទៃទៀតមិនទទួលបានសន្លឹកឆ្នោតច្រើនទេ។
អ្នកស្រី ស៊ូលី សារ៉ូ បានធ្វើការងារសហគមន៍ជាច្រើន ដើម្បីលើកកម្ពស់សហគមន៍ទីក្រុងឡុងប៊ិចក្នុងនោះជានាយិកាប្រតិបត្តិនៃសមាគមសកម្មភាពយុវនារីខ្មែរ ដែលជាអង្គការមួយជួយបង្ហាត់បង្រៀនជំនាញជាអ្នកដឹកនាំដល់យុវជនកម្ពុជា នៅក្នុងទីក្រុងឡុងប៊ិច ប្រធានគណៈកម្មការទទួលបណ្តឹងរបស់ពលរដ្ឋប៉ូលិស ហើយក៏ជាតំណាងមូលដ្ឋាននៅក្នុងទីក្រុងឡុងប៊ិច នៃការិយាល័យលោក រីកាដូ ឡារ៉ា ដែលជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋកាលីហ្វញ៉ា។
លោក ឌី អែនឌ្រូ បានកាន់តំណែងចៅសង្កាត់លេខ ៦ តាំងពីឆ្នាំ ២០០៧។
លោក អែនឌ្រូ អះអាងថា លោកបានធ្វើយុទ្ធនាការដោយត្រឹមត្រូវ ហើយទទូចឱ្យពលរដ្ឋបោះឆ្នោតដោយសុច្ចរិត។ លោក ឌី អែនឌ្រូ មិនទាន់ឆ្លើយតបនៅឡើយទេ នៅពេលដែលវីអូអេទាក់ទងសួរបន្ថែម។
អ្នកស្រី ស៊ូលី សារ៉ូ ក៏នៅតែមិនទាន់បានឆ្លើយតបនឹងសំណួររបស់វីអូអេនៅឡើយដែរ។
បើសិនជាលទ្ធផលចុងក្រោយ មិនមានអ្នកណាឈ្នះលើសពី ៥០ភាគរយទេ អ្នកស្រី ស៊ូលី សារ៉ូ និងលោក ឌី អែនឌ្រូ នឹងត្រូវចូលរួមប្រកួតផ្តាច់ព្រាត់នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខទៀត៕