ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់​នាំ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​សុំ​ជំនួយ​៣​ពាន់​លាន​ដុល្លារ

ស្ត្រី​ស៊ូដង់​ម្នាក់​ដែល​បាន​រត់​ភៀសខ្លួន​ពី​ជម្លោះ​នៅ​តំបន់ Darfur តំបន់​ស៊ូដង់ កំពុង​ជ្រក​នៅ​ជំរំ​មួយ​នៅ​ ​ Borota ប្រទេស​ឆាត កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា​ឆ្នាំ​២០២៣។

អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃពុធ​នេះ​បាន​អំពាវនាវ​រក​ប្រាក់​៣​ពាន់​លាន​ដុល្លារ​ដើម្បី​យក​ទៅ​ជួយ​ជនរងគ្រោះ​ដោយសារ​ជម្លោះ​ដែល​បាន​ផ្ទុះ​ឡើង​កាលពី​ខែមុន​នៅ​ក្នុង​ប្រទេស​ស៊ូដង់។

ទីភ្នាក់ងារ​មនុស្សធម៌​នៃ​អង្គការ​សហប្រជាជាតិ ​បាន​និយាយ​ថា​ខ្លួន​ត្រូវការ​ប្រាក់​ចំនួន​ ២,៦​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ពលរដ្ឋ​នៅក្នុង​ប្រទេស​ស៊ូដង់ ​ដោយ​និយាយ​ថា​មនុស្ស​២៥​លាន​នាក់ ​នៅ​ក្នុង​ប្រទេស​នេះ ​ត្រូវការ​ជំនួយ​មនុស្សធម៌ ​និង​ការ​ការពារ។

លោក Ramesh Rajasingham ​ប្រធាន​នៃ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ​សម្រាប់​ការសម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ ​នៅក្នុង​ទីក្រុង​ហ្សឺណែវ ​និង​ជា​នាយក​នៃ​សាខា​សម្រប​សម្រួល​ បាន​ថ្លែង​ថា ​ការប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ូដង់ ​ជា «រឿង​តក់ស្លុត​យ៉ាង​សាហាវ​មួយ ​សម្រាប់​ពលរដ្ឋ​ស៊ូដង់‍»។

លោក Rajasingham បាន​ថ្លែង​ថា​ជម្លោះ​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​ ៦៧៦​នាក់ ​ហើយ​ថា​ចំនួន​អ្នកស្លាប់​ពិតប្រាកដ​អាច​មាន​ច្រើន​ជាង​នេះ។

ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជនភៀសខ្លួន ​បាន​អំពាវនាវ​រក​ប្រាក់​៤០០​លាន​ដុល្លារ​ផង​ដែរ ​ដើម្បី​យក​ទៅ​ជួយ​ជន​ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ជិតខាង ​ដើម្បី​រត់គេច​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ូដង់។

អ្នកស្រី Mervat Shelbaya ​ប្រធាន​នៃ​សាខា​គាំទ្រ​អន្តរ​ទីភ្នាក់ងារ​នៃ​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ ​នៅ​ទីក្រុង​ហ្សឺណែវ ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ​នៅ​ថ្ងៃពុធ​នេះ​ថា​ ការ​ប្រយុទ្ធ​គ្នា ​បាន​បង្ខំ​ឱ្យ​មនុស្ស​ជិត​១លាន​នាក់ ​រត់ចោល​ផ្ទះ​សម្បែង​ ហើយ​បាន​បង្ខំ​ឱ្យ​មនុស្ស​ចំនួន​២២០.០០០​នាក់ ​រត់ទៅ​ប្រទេស​ជិតខាង៕