ភាពយន្ត​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន IMAX សាទរ​ដល់​អច្ឆិយៈ​នៃ​ឧទ្យាន​ជាតិ​អាមេរិក

Your browser doesn’t support HTML5

ការថត​ភាពយន្ត​ដើម្បី​ប្រារព្ធ​ទិវា​ឧទ្យាន​ជាតិ​នៅ​សហរដ្ឋ​អាមេរិក

ទីភ្នាក់ងារ​ឧទ្យានជាតិ​អាមេរិក​ត្រួតពិនិត្យ​លើ​តំបន់ការពារ​អភិរក្ស​មួយភាគធំ ហើយ​កាល​ពី​ឆ្នាំ​២០១៦ ទីភ្នាក់ងារ​នេះ​បាន​ប្រារព្ធ​ខួប​លើក​ទី១០០​របស់​ខ្លួន។

ជាង​ ១០ ភាគរយនៃ​ផ្ទៃ​ដី​សរុប​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​គេ​ចាត់ទុក​ជាតំបន់ការពារអភិរក្ស។

នេះ​ជា​ទំហំ​សម​ល្មម​ដែរ ទោះ​បី​ជាប្រទេស​មួយ​ចំនួន​បាន​ទុក​ផ្ទៃ​ដី​រហូតដល់​ទៅ​ ៣០ ភាគរយ​ឯណោះ​សម្រាប់​តំបន់​ការពារ​អភិរក្ស។ ប៉ុន្តែ​ភាគរយ​នៃ​ទំហំ​ដី​ ដែល​សហរដ្ឋ​អាមេរិក​ខ្វះខាត​ធៀប​នឹង​ប្រទេស​ទាំងនោះ ​ត្រូវ​បាន​បំពេញ​ដោយ​សម្រស់​ធម្មជាតិ​ជំនួស​វិញ។

ទីភ្នាក់ងារ​ឧទ្យានជាតិ​អាមេរិក​ត្រួតពិនិត្យ​លើ​តំបន់ការពារ​អភិរក្ស​មួយភាគធំ ហើយ​កាល​ពី​ឆ្នាំ ២០១៦ ទីភ្នាក់ងារ​នេះ​បាន​ប្រារព្ធ​ខួប​លើក​ទី១០០​របស់​ខ្លួន។

អាស្រ័យ​ហេតុ​នេះ ក៏​មាន​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​ជួល​ក្រុម​ការងារ​ថត​កុន​ដែល​ឈ្នះ​ពានរង្វាន់​មួយ​ក្រុម​ ដោយ​បញ្ជូនពួកគេ​ចូល​ទៅ​ក្នុង​ព្រៃរយៈពេល​៩ខែ និង​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​ឆ្លង​ឧទ្យានជាតិ​នានា​ ចំនួន​ពាក់​កណ្តាល​នៃ​ឧទ្យាន​ជាតិ​សរុប​ជិត​៦០ ​នៅ​ទូទាំង​ប្រទេស​ ដើម្បីផ្តិត​យក​ទេសភាព​ស្រស់បំព្រង​នៃ​តំបន់​ធម្មជាតិ​នៅ​សហរដ្ឋ​អាមេរិក។

ដោយ​ត្រូវ​បាន​ផលិតឡើងក្នុង​ទម្រង់ IMAX® 3D ភាពយន្ត National Parks Adventure ឆ្លុះបញ្ចាំងពី​ប្រវត្តិសាស្ត្រ​នៃ​ឧទ្យាន​ទាំង​នោះ និង​ដឹកដៃ​ទស្សនិកជន​ក្នុងដំណើរ​គយគន់​ទេសភាពក៏​អស្ចារ្យ​ ដូច​ទៅ​តាមក្រសែភ្នែក​របស់​ក្រុមអ្នកផ្សងព្រេង​ ដែល​មាន​គ្នា​បី​នាក់។ អ្នក​ទាំង​បី​នាក់​នោះ​រួម​មាន លោក Conrad Anker អ្នក​ឡើង​ភ្នំ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នៅ​លើ​ពិភពលោក វិចិត្រករនាង Rachel Pohl និង​លោក Max Lowe អ្នក​ជំនាញ​ថត​រូប​ដំណើរ​ផ្សងព្រេង។

ទេសភាព​ឧទ្យាន Canyonlands National Park នៅ​ក្នុង​រដ្ឋ Utah មើល​ពី​ចន្លោះ​ផ្ទាំង​ថ្ម Mesa Arch ដែល​មានរាង​ដូច​ក្លោងទ្វារ។ (រូបថត៖David Fortney, Courtesy of MacGillivray Freeman Films)

អ្នក​ទាំង​បីបាន​ដើរ​កាត់​ព្រៃ​ ដែល​មាន​ដើម​ឈើ​យក្ស ដូច​ជា ដើម Sequoia និង​ដើម Redwood នៅឧទ្យាន​ជាតិ Yosemite រដ្ឋ California និង​បាន​ជិះ​កង់​តាម​បណ្តោយ​ជ្រលងជ្រោះ ស្រោប​ដោយ​ពណ៌​ក្រហម​ច្រេះ ​នៅ​ក្រុង Moab រដ្ឋ Utah និង​បាន​ឡើង​ជញ្ជាំង​ភ្នំ​ថ្ម Devils Tower នៅរដ្ឋ Wyoming។​

អ្នកដឹកនាំ​សម្តែង​លោក Greg MacGillivray បាន​និយាយ​ថា លោក​ចង់​អបអរសាទរ​ខួប​១០០ឆ្នាំ​របស់​ឧទ្យាន​ជាតិ ដោយសារ​តែ​លោក​ជា​អ្នកស្រឡាញ់គាំទ្រ​ខ្លាំង​ដល់​ឧទ្យាន​ជាតិ​នៅអាមេរិក ហើយ​លោក​យល់​ថា វា​ជា «គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការ​ប្រារព្ធ​ខួប​១០០ឆ្នាំ​ ដោយ​ផ្តល់​កិត្តិយស​ដល់​ឧទ្យាន​ដែល​យើង​ស្រឡាញ់​ តាមរយៈ​ភាព​យន្ត​ផ្សងព្រេង​ដ៏​អស្ចារ្យ​មួយ»។

លោក​បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​ទស្សនិកជន​យល់អារម្មណ៍​នោះ​គឺ ការ​ស្ងប់ស្ងែងចំពោះ​ឧទ្យាន​ទាំង​នោះ»។

ប្រវត្តិ​ឧទ្យានជាតិ

ភាពយន្ត​នេះ​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​ ថា​តើ​តំបន់​ទាំង​នេះ​ក្លាយ​ជា​ឧទ្យាន​បាន​យ៉ាង​ដូច​ម្តេច ហើយថា​តើ​ឧទ្យាន​ធម្មជាតិ​ទាំង​នេះ​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​អាច​រក្សាទ្រង់ទ្រាយ​ស្ទើរ​តែ​ដូច​ពី​មុន​បាន​យ៉ាងដូចម្តេច​ តាមរយៈ​កិច្ចខិតខំប្រឹងប្រែង​ដ៏​ក្លាហាន​របស់​បុរស​ពីរ​នាក់។

កាលពី​១០០ឆ្នាំ​មុន​ តំបន់​ធម្មជាតិ​ស្រស់​បំព្រងរបស់​អាមេរិក​មួយ​ចំនួន​ បាន​ប្រឈម​នឹង​ការ​បំផ្លិចបំផ្លាញ​ពី​សំណាក់​ អ្នក​ចិញ្ចឹម​សត្វ​ប្រើ​ទី​វាល​ធំ​ អ្នក​អភិវឌ្ឍន៍ និង​ឈ្មួញ​រក​ស៊ី​ឈើ។ ប៉ុន្តែ​ក្រោម​ការ​ជ្រោមជ្រែង​របស់លោក​ប្រធានាធិបតី Theodore Roosevelt និង​អ្នក​ធម្មជាតិវិទ្យាលោក John Muir ដែល​តួ​អង្គ​នៅ​ក្នុង​ភាពយន្ត​នេះ​សម្តែង​តាម តំបន់​ឧទ្យាន​ដ៏​មាន​តម្លៃ​ទាំង​នោះ​ដែល​បុរស​ទាំង​ពីរ​នាក់​នេះ​ស្រឡាញ់​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឧទ្យានជាតិ​ ​ការពារ និង​អភិរក្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

មេឃ និង​ភ្នំ ចាំងពី​ទឹក​បឹង St. Mary’s Lake នៅ​ក្នុង​ឧទ្យាន Glacier National Park ក្នុង​រដ្ឋ Montana។ (រូបថត៖ David Fortney, Courtesy of MacGillivray Freeman Films)

ក្រុម​ការងារ​ផលិតភាពយន្ត​នេះ​បាន​ទៅ​ទស្សនា​តំបន់ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ និង​បាន​ជួយ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ដែល​គេ​បាន​ដឹងឮ​រួច​ទៅ​ហើយ តាមរយៈ​រូបភាព និង​ការ​សម្តែង​នូវ​ព្រឹត្តិការណ៍​ទាំង​នោះ​ឡើង​វិញ។

ផលិតករ​លោក Shaun MacGillivray បាន​ហៅ​ភាពយន្ត​នេះ​ថា «ជា​ដំណើរ​កម្សាន្តគយគន់​ទេសភាព​តាម​ផ្លូវ​មួយ»។

លោក​បាន​និយាយ​ថា «ភាពយន្ត​បង្ហាញ​ទេសភាព​ចាប់ពី​ឧទ្យាន Yellowstone ឧទ្យាន​ Yosemite ​ជ្រលង Grand Canyon រហូត​ដល់​ជួរ​ភ្នំ Tetons។ ទាំង​នេះ​សុទ្ធ​តែ​ជា​កន្លែង​អស្ចារ្យ​ នៅពេល​យើង​ផ្សារ​ភ្ជាប់​ពី​លក្ខណៈ​សម្បត្តិ​របស់​តំបន់​អភិរក្ស​នីមួយៗ។​

សត្វ​ដែល​ត្រូវ​បាន​ការពារ

ភាពយន្ត​នេះ​ក៏​បង្ហាញ​ថា នៅ​ពេល​ដែល​តំបន់​ឧទ្យានត្រូវ​បាន​ការពារ ​សត្វ​ដែល​រស់​នៅ​ទីនោះ ​ក៏​ទទួល​បាន​ការ​ការពារ​ដែរ ដូចជា​សត្វ​ក្រពា​នៅ​ក្នុង​សួន​តំបន់​ដី​ភក់​ Everglades ក្នុង​រដ្ឋ Florida និង​ឆ្កែ​ព្រៃ​ដែល​រស់​នៅ​ក្បែរ​ភ្នំ Devils Tower និង​ខ្លាំ​ឃ្មុំ​ដែល​រស់​នៅ​ និង​រកស៊ីក្នុង​ព្រៃ Alaska។

លោក Shaun MacGillivray និយាយ​ថា «ទិដ្ឋភាព​ដែល​ខ្ញុំ​ពេញ​ចិត្ត​មួយ​នៅ​ក្នុង​ភាពយន្ត​នេះ​គឺ​នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​ឧទ្យាន Katmai ក្នុង​រដ្ឋ Alaska និង​បាន​ថត​វីដេអូ​ពី​សត្វ​ខ្លា​ឃ្មុំកំពុង​ចាប់​ត្រី​សាលម៉ុន»។

ខ្លា​ឃ្មុំ​ពណ៌​ត្នោត​ចាប់​ត្រី​សាមុន នៅក្នុង​ឧទ្យាន​និង​តំបន់​អភិរក្ស Katmai នៅ​រដ្ឋAlaska។ (រូបថត៖ Brad Macgillivray, Courtesy of MacGillivray Freeman Films)

លោក​បាន​បន្ថែម​ថា៖

«វា​ជា​បទ​ពិសោធន៍​មិន​គួរ​ឲ្យ​ជឿ​មួយ ដែល​ក្រុម​ការងារ​របស់​យើង​ចំណាយពេលនៅ​ទីនោះ​អស់​រយៈពេល​៣សប្តាហ៍​ជាប់ៗ​គ្នា ហើយ​ទាល់​តែ​ដល់​ថ្ងៃ​ចុងក្រោយ​ទើបយើង​អាច​ថត​បានសត្វ​ខ្លា​ឃ្មុំ​ទាំង​នោះកំពុងចាប់​ត្រី​សាលម៉ុន​បាន​ ក្រោម​ពន្លឺ​ព្រះអាទិត្យ​យ៉ាង​អស្ចារ្យ។ អ្នកមាន​អារម្មណ៍​ថា ដូច​អ្នក​នៅ​ទី​នោះ​ដែរ។ អ្នកមាន​អារម្មណ៍​ថា ដូច​អ្នក​នៅ​ជាមួយ​នឹង​ខ្លា​ឃ្មុំ​ទាំង​នោះ»។

នេះ​ហើយ​ជា​ចំណុច​សំខាន់​នៃ​ភាពយន្ត​នេះ គឺ​ថត​យក​វីដេអូ​ក្នុង​ទម្រង់ IMAX 3-D ដែល​ច្បាស់​ និង​មាន​រូបភាព​លម្អិត​គ្រប់​ជ្រុង ដើម្បី​ជា​គុណប្រយោជន៍​ដល់​អ្នក​ដែលមិន​មាន​ឱកាស​ទៅមើល​ដោយ​ផ្ទាល់​ភ្នែក »។​

លោក Greg MacGillivray និយាយ​ថា ឧទ្យាន​ទាំង​នេះ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​វីដេអូ​ទម្រង់ IMAX 3-D។ លោក​បាន​និយាយ​ថា «ទស្សនិកជន​អាច​មាន​អារម្មណ៍​ថា ពួកគេធ្លាប់​បានទៅទីនោះ​ដែរ ហើយ​ដូច្នេះ​ភាពយន្ត​នេះ​ចង់​ផ្ញើ​សារ​ដល់​ទស្សនិកជន​ពី​លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ឧទ្យាន​ទាំង​នេះ»។

លោក Robert Redford តួ​សម្តែង អ្នក​ដឹកនាំ​រឿង និង​សកម្មជន​បរិស្ថាន ដែល​បាន​រៀបរាប់​ពណ៌នានៅ​ក្នុង​ភាពយន្ត​នេះ បាន​យល់​ស្រប​ផង​ដែរ។

លោក​បាន​និយាយ​ថា «ដោយសារ​តែ​នៅ​ពេល​អ្នក​ទៅ​ដល់​ឧទ្យានជាតិ​ទាំង​នោះ អ្នក​ឃើញ​មាន​ធម្មជាតិ​លាតសន្ធឹង​ទូលំទូលាយ​ព័ទ្ធជុំវិញ​អ្នក ដូច្នេះ IMAX ប្រហែល​ជា​មធ្យោបាយ​ប្រសើរ​បំផុត​មួយ ​ដើម្បី​ផ្តល់​ជា​បទពិសោធន៍ម្តង​ទៀត​ដល់ ​អ្នក​មិន​អាច​ទៅ​ដល់​ទី​នោះ អ្នក​មិន​ទាន់​បាន​ទៅ​ដល់ទីនោះ និង​អ្នក​នឹង​ទៅ​ដល់​ទី​នោះ​នៅ​ពេល​អនាគត»។​

ក្រុម​ការងារ​នេះ​ទ្រាំ​នឹង​ស្ថានភាព​អាកាសធាតុ​ដ៏​អាក្រក់ និង​កន្លែង​ដែល​មាន​សណ្ឋានដីដ៏​ពិបាក​ដើម្បី​ថត​យក​ទេសភាព និង​សំឡេង​ដ៏​អស្ចារ្យ នៃ​សម្បតិ្ត​ធម្មជាតិ​នៅ​សហរដ្ឋ​អាមេរិក។

Conrad Anker ឡើង​ទឹក​ធ្លាក់​ដែល​កក ដែល​ថត​នៅក្នុង​ឧទ្យាន Rocks National Lakeshore ដែល​ស្ថិត​ក្នុង​រដ្ឋ មីឈីហ្គេន។ (រូបថត៖ Barbara MacGillivray, Courtesy of MacGillivray Freeman Films)

យ៉ាង​ហោច​ណាស់​ ឈុត​មួយប្លង់​នៃ​ទឹកធ្លាក់​នៅ​បឹង Pictured Rocks National Lakeshore រដ្ឋ Michigan បាន​នាំ​មក​នូវ​ការ​ធ្វើដំណើរ និង​ការ​កម្សាន្ត​នៅ​តំបន់​ធម្មជាតិ។ ហើយ​នៅ​ក្នុង​ឈុត​មួយប្លង់​ទៀត អ្នកឡើងភ្នំ​ម្នាក់​បាន​រអិល​ជើង​ ហើយ​បាត់បង់​ជំហរ​ ពេលកំពុងឡើង​លើ​ជញ្ជាំង​ទឹកកក។ នោះ​ជា​ពេល​ដ៏​រន្ធត់​មួយ ពេល​ឃើញ​អ្នក​ឡើង​ភ្នំ​រូបនោះ​តោងខ្លួន​តែ​នឹងពូថៅ​កាប់​ទឹកកក​ប៉ុណ្ណោះ ខណៈ​ដែល​គាត់​ដាក់ជើង​ និង​រក្សា​ជំហរ​ខ្លូន​ឡើង​វិញ។

នៅ​ទីនេះ ​ក្រុម​អ្នក​ឡើង​ភ្នំ និង​ក្រុមការងារ​ផលិត​ភាពយន្ត បាន​បោះ​តង់​ នៅ​លើបឹង Lake Superior ដែល​កក​ទាំងស្រុង ពេល​សម្រាក​ពី​ការងារ​។

លោក Anker បាន​និយាយ​ថា៖ «ការ​យកម៉ាស៊ីន​ថត​ទៅ​ទីតាំង​សម្រាប់​ការ​ថត​ការ​ឡើង​ភ្នំ​គឺ​ជា​ការងារ​ដ៏​លំបាក​មួយ។ ជាពិសេស​នៅ​លើ​ភ្នំ Devils Tower។ វា​ចោទ​ខ្លាំង ហើយ​យើង​ត្រូវ​ដាក់​ម៉ាស៊ីនថតនៅ​ពេល​លើ​យើង​ដើម្បី​ថត​បាន​ទេសភាព​ពី​លើ​ចុះ​ក្រោម​ តាម​ភ្នែក​របស់​អ្នក​ឡើង​ភ្នំ»។​

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា «បន្ទាប់​ពី​បាន​ទស្សនា​ភាពយន្ត National Parks Adventure អ្នក​ទស្សនា​នឹង​យល់​ពី​ភាព​ចម្រុះ​គ្នា និង​ភាព​លាតសន្ធឹង​នៃប្រព័ន្ធឧទ្យាន​ជាតិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ប្រសិន​បើ​ពួកគេ​មាន​អារម្មណ៍​បែប​នេះ​ក្រោយ​ពី​ទស្សនា យើង​នឹង​សម្រេច​គោលបំណង​របស់​យើង​ហើយ»៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ