កាលពីដំណាច់សតវត្សរ៍ លោក Shaker Sadeak ដែលជាជនអន្តោប្រវេសន៍បង់ក្លាដែសបានវេចបង្វិចរបស់គាត់ចាកចេញទីក្រុងញូវយ៉ក ហើយបានធ្វើដំណើរទៅរដ្ឋ Michigan ដែលជារដ្ឋមួយលោកនិយាយថា ធ្វើឲ្យលោកមានឱកាសមានមុខរបរចិញ្ចឹមជីវិតផង និងអាចទៅបន្តការសិក្សានៅសាលារៀនផង។
រយៈពេល៧ឆ្នាំក្រោយមក លោកបានបោះមួយជំហានទៅមុខមួយជំហានទៀត ដោយបើកហាងលក់ក្រណាត់ដុំនិងរាយ តាមម៉ូដឥណ្ឌា នៅតំបន់ Banglatown នៃក្រុង Hamtramck ក្នុងរដ្ឋ Michigan។ មុខជំនួញរបស់លោកដែលហ៊ុំព័ទ្ធទៅដោយភោជនីយដ្ឋាននៃក្រុមមនុស្សនិយាយភាសា Bengali ហាងលក់គ្រឿងទេសនិងម្ហូបអាហារ គឺមានសភាពកាន់តែរីកលូតលាស់ជាបន្តបន្ទាប់។
នៅពេល VOA បានទៅកាន់ទីនោះកាលពីរដូវក្តៅ មានហាងទំនិញថ្មីនិងចាស់ជាច្រើនត្រូវបានជំនួសទីតាំងដីដែលត្រូវបានគេបោះបង់ចោលនៅតាមវិថី Conant ដែលជាវិថីពាណិជ្ជកម្មសំខាន់បំផុតនៃក្រុង Banglatown។
លោក Sadeak និយាយថា៖ «កាលពីឆ្នាំ២០០០ គេឃើញមានតែឡានមួយទេក្នុងរយៈពេល២នាទីនៅទីនេះ។ ឥឡូវយើងឃើញមានឡានរាប់ពាន់គ្រឿងបើកនៅលើផ្លូវ។ ជនអន្តោប្រវេសន៍ទាំងអស់បានមករស់នៅទីនេះ ហើយបានសាងសង់អ្វីៗនៅទីនេះឡើងវិញ»។
បញ្ហាប្រចាំថ្ងៃ
នៅក្នុងសហគមន៍ Rust Belt បញ្ហាអន្តោប្រវេសន៍គឺជាបញ្ហាសេដ្ឋកិច្ចប្រចាំថ្ងៃ។ នេះបើតាមសម្តីរបស់លោក Steve Tobocman នាយកប្រតិបត្តិក្រុមហ៊ុន Global Detroit ដែលជាសាជីវកម្មមិនស្វែងរកប្រាក់ចំណេញមួយ ដែលព្យាយាមស្វែងរកយុទ្ធសាស្ត្រដើម្បីទាក់ទាញការវិនិយោគនិងជំនួញពីអន្តរជាតិ នៅរដ្ឋ Michigan។
រដ្ឋបាលថ្នាក់រដ្ឋដែលស្ថិតក្រោមការដឹកនាំរបស់អភិបាលរដ្ឋខាងគណបក្សសាធារណរដ្ឋបានសន្និដ្ឋានដូចគ្នា ដោយបានចេញរបាយការណ៍មួយកាលពីឆ្នាំមុនថា បុគ្គលដែលកើតនៅបរទេសជាង៦៤ម៉ឺននាក់ដែលកំពុងរស់នៅក្នុងរដ្ឋ Michigan គឺ«ជាអ្នកចូលរួមដ៏សំខាន់ដល់ជោគជ័យផ្នែកសេដ្ឋកិច្ចរបស់រដ្ឋ Michigan» ។
ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ បានអះអាងថា ជនអន្តោប្រវេសន៍ដែលមិនសូវមានជំនាញ ឬជាជនអន្តោប្រវេសន៍ខុសច្បាប់នោះ កំពុងធ្វើឲ្យប៉ះពាល់ដល់កម្មករអាមេរិកាំង។
លោក Stephen Miller ទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា គោលនយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតីនឹងរារាំងការហូរចូលយ៉ាងគំហុកនៃកម្មករចូលមកក្នុងប្រទេសនេះ។
លោកបានថ្លែងថា៖ «ក្នុងបរិយាកាសមួយដែលយើងមានអ្នកអត់ការងារធ្វើយ៉ាងច្រើននៅសហរដ្ឋអាមេរិកដូច្នេះ តើយើងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើសុខុមាលភាពរបស់កម្លាំងកម្មករដូច្នេះឬ? មានគេប្រាប់យើងម្តងហើយម្តងទៀតថា ជនអន្តោប្រវេសដែលគ្មានជំនាញធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង ប៉ុន្តែបើយើងក្រឡេកមើលទៅកាលពី១៧ឆ្នាំមុន យើងនឹងដឹងការពិតថា វាមិនពិតដូចការលើកឡើងទេ»។
ទោះយ៉ាងណាក៏ដោយ របាយការណ៍សេដ្ឋកិច្ចរបស់រដ្ឋ Michigan បានលើកឡើងថា ជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រមាណ១២ម៉ឺន៦ពាន់នាក់នៅក្នុងរដ្ឋនេះ ធ្វើការងារខុសពីការងារដែលអ្នកកើតនៅក្នុងរដ្ឋនេះធ្វើ ពួកគេស្ថិត«ក្នុងចំនួនតូច ប៉ុន្តែដើរតួសំខាន់»។
របាយការណ៍នោះបានសន្និដ្ឋានថា ក្រុមជនអន្តោប្រវេសន៍នេះបានដើរតួនាទីវិជ្ជមាននៅក្នុងសេដ្ឋកិច្ចរបស់រដ្ឋ Michigan ដោយបានចំណាយប្រាក់បង់ពន្ធច្រើនជាងតម្លៃសម្រាប់សេវាកម្មដែលពួកគេទទួលបានមកវិញ ដូចជាការអប់រំ និងការអនុវត្តច្បាប់។ របាយការណ៍នោះក៏បានស្នើថា ការផ្តល់ឋានៈជាជនស្របច្បាប់ដល់ជនអន្តោប្រវេសន៍ទាំងនេះ និងតម្រូវឲ្យពួកគេបង់ពន្ធត្រឡប់មកវិញនោះ នឹងជាការទទួលបានផលចំណេញទាំងស្រុងសម្រាប់រដ្ឋនេះនិងស្រាប់ពលរដ្ឋក្នុងរដ្ឋនេះ។
រយៈពេល៩ខែនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លោកTobocman នៃក្រុមហ៊ុន Global Detroit និយាយថា គោលនយោបាយនិងវោហាសាស្ត្រចំពោះបញ្ហាអន្តោប្រវេសន៍របស់រដ្ឋបាលនេះបានធ្វើឲ្យខាតបង់យ៉ាងច្រើន គឺខាតបង់ជាង១ពាន់លានដុល្លារនៃសកម្មភាពសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរដ្ឋ Michigan។
លោក Tobocman បានថ្លែងថា៖ «យើងបានធ្វើឲ្យខូចដល់កិត្តិយសរបស់អាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចចម្រុះជាតិសាសន៍ ជាសេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិតបំផុត និងជាកន្លែងដែលមនុស្សគ្រប់គ្នាអាចចូលមក ហើយចូលរួមចំណែកធ្វើឲ្យមានការរីកចម្រើននិងវិបុលភាព ហើយរស់នៅក្នុងក្តីសុបិន្តរបស់អាមេរិក»។
គោលនយោបាយនិងវោហាសាស្ត្រកាន់តែច្រើនជាងមុន
ក្នុងកិច្ចសហប្របត្តិការជាមួយរដ្ឋដែលមានឧស្សាហកម្មទន់ខ្សោយចំនួន៩ផ្សេងទៀត ដែលបានបង្កើតជាបណ្ដាញសេដ្ឋកិច្ចសាកលដែលស្វាគមន៍ជនអន្តោប្រវេសន៍ ក្រុមហ៊ុន Global Detroit បានគណនាលើការខាតបង់សេដ្ឋកិច្ចដែលគេបានគ្រោងទុករួមគ្នាដែលខាត់បង់ដោយសារការធ្លាក់ចុះនៃទេសចរណ៍អន្តរជាតិ និងការដាក់ពាក្យស្នើសុំចូលរៀនរបស់សិស្សនិស្សិតអន្តរជាតិ ផលប៉ះពាល់មិនបានគ្រោងទុកកើតចេញពីការដកកម្មវិធីពន្យារពេលឲ្យកុមារដែលបានមកដល់សហរដ្ឋអាមេរិកជាមួយនឹងឪពុកម្តាយធ្វើអន្តោប្រវេសន៍ខុសច្បាប់ស្នាក់នៅអាមេរិកបាន ហៅកាត់ថា(DACA) និងការខាតបង់ដោយសារផលិតកម្មក្នុងវិស័យកសិកម្ម។
ក្នុងចំណោមការខាតបង់ប្រចាំឆ្នាំដែលមានទឹកប្រាក់ជាងមួយពាន់លានដុល្លារក្នុងសកម្មភាពសេដ្ឋកិច្ចនៃរដ្ឋនេះ ទឹកប្រាក់ខាតបង់ចំនួន៤១៨.៦៣លានដុល្លារកើតចេញមកពីការលុបចោលកម្មវិធី DACA ដែលលោក ត្រាំ បានប្រកាស។
ប្រាក់ខាតបង់ចំនួន២៤១លានដុល្លារទៀតត្រូវបានរួមចំណែកដោយការធ្លាក់ចុះនៃទេសចរណ៍អន្តរជាតិចំនួន១៦ភាគរយ។ លោក Tobocman បានអះអាងថា ការហាមឃាត់ការធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិកដែលកំពុងអនុវត្តបច្ចុប្បន្ននេះគឺជាប្រភពចម្បងនៃការធ្លាក់ចុះទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរកាន់សាសនាឥស្លាម និងទេសចរដែលមានទឹកចិត្ត «ចង់ឃើញវប្បធម៌ដទៃទៀតដែលបើកចិត្តស្វាគមន៍ទេសចរ»។
បើទោះជាចំនួនជាក់ស្តែងពិបាកនឹងគណនាឲ្យឃើញពិតប្រាកដ ដែលបូករួមទាំងការខាតបង់ក្នុងផលិតកម្មកសិកម្ម និងការមកដល់នៃជនភៀសខ្លួនថ្មីៗផ្សេងទៀតក៏ដោយ ក៏លោក Tobocman និយាយថា ផលប៉ះពាល់កើតចេញពីគោលនយោយបាយនិងវោហាសាស្ត្ររបស់លោក ត្រាំ បង្ហាញរូបរាងកាន់តែច្បាស់ឡើងៗ។
លោកនិយាយបន្ថែមទៀតថា៖ «វាជាការអនុវត្តដ៏តឹងរ៉ឹង... ចំនួននៃការបណ្តេញចេញមិនច្រើនខ្លាំងទេ ប៉ុន្តែការបង្ក្រាបដែលយើងបានឃើញនិងគោលនយោបាយដែលអនុវត្តចំពោះពួកគេដែលយើងបានឃើញ បានផ្ញើជាសារថា កម្លាំងពលកម្មរបស់អ្នកមិនត្រូវបានគេស្វាគមន៍ខ្លាំងទេនៅទីនេះ។
ការថ្លឹងថ្លែងលើការខាតបង់និងផលចំណេញ
នៅតំបន់ដែលគេឃើញចំនួនប្រជាពលរដ្ឋមានការធ្លាក់ចុះ ដូចជានៅប៉ែកកណ្តាលភាគខាងលិច ពួកជនអន្តោប្រវេសន៍គឺជាផ្នែកមួយដែលធ្វើឲ្យសហគមន៍ទាំងនោះមានភាពរស់រវើក និងរីកចម្រើន។ នេះបើតាមសម្តីរបស់លោកស្រី Kim Rueben អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន Urban។
លោកស្រី Rueben គឺជាសមាជិកនៃក្រុមការងារបណ្ឌិតសភាវិទ្យាសាស្ត្រជាតិ (NAS) ដែលបានចេញរបាយការណ៍បូកសរុបប្រចាំឆ្នាំ២០១៦ ស្តីអំពីផលប៉ះពាល់រយៈពេលវែងនៃការធ្វើអន្តោប្រវេសន៍ទៅលើកម្មករមានកំណើតក្នុងស្រុក និងផលប៉ះពាល់លើប្រាក់កម្រៃសរុប។ លោកស្រីបានកត់សម្គាល់ឃើញថា ក្នុងរយៈពេល១០ឆ្នាំឬយូរជាងនេះ ផលប៉ះពាល់នៃការធ្វើអន្តោប្រវេសន៍ទៅលើប្រាក់កម្រៃសម្រាប់កម្មករដែលជាម្ចាស់ស្រុកមានតិចតួចណាស់ ហើយមានភស្តុតាងតិចតួចដែលបង្ហាញថា ការធ្វើអន្តោប្រវេសន៍ប៉ះពាល់ដល់កម្រិតការងាររបស់កម្មករដែលកើតក្នុងសហរដ្ឋអាមេរិក។
លោកស្រីបានថ្លែងថា ការលុបចោលកម្មវិធី DACA គឺពិតណាស់បានធ្វើមានការចំណាយ(ខាតបង់)យ៉ាងច្រើន ពីព្រោះថា អ្នកទទួលផលប្រយោជន៍ពីកម្មវិធី DACA គឺជាកម្មករដែលមានការអប់រំខ្ពស់ និងមានជំនាញច្បាស់លាស់។
លោកស្រីនិយាយថា៖ «អ្នកទទួលបានកម្មវិធី DACA បានចូលរួមយ៉ាងច្រើនទៅដល់សង្គម ពីព្រោះពួកគេមានលទ្ធភាពធ្វើការងារស្របទៅតាមការអប់រំដែលពួកគេទទួលបាន និងការវិនិយោគដែលពួកគេមាន»។
លោកស្រី Rueben បានបន្ថែមថា កូនចៅនៃជនអន្តោប្រវេសន៍ជំនាន់ទីមួយដែលមានប្រាក់កម្រៃទាប ដូចជាកម្មករនៅតាមចម្ការជាដើម បានបង្ហាញឲ្យឃើញថា ពួកគេមានការអប់រំលើសពីកម្រិតដែលបានរំពឹងទុក។
បើយោងតាមការស្ទង់មតិដែលបានធ្វើឡើងកាលពីចុងខែកញ្ញាដោយក្រុមហ៊ុន Quinnipiac បានបង្ហាញថា នៅទូទាំងប្រទេស ៣៨ភាគរយនៃពលរដ្ឋអាមេរិកាំងដែលបានបោះឆ្នោត បានយល់ស្របទៅលើរបៀបដែលលោក ត្រាំ កំពុងចាត់វិធានការលើបញ្ហាអន្តោប្រវេសន៍ បើប្រៀបធៀបទៅនឹងចំនួនមនុស្ស៥៩ភាគរយដែលមិនយល់ស្រប។ ចំនួននេះបង្ហាញឲ្យឃើញពីការធ្លាក់ចុះ៥ពិន្ទុទៅលើចំនួនអ្នកយល់ស្របចាប់តាំងពីពាក់កណ្ដាលខែសីហាមក៕
ប្រែសម្រួលដោយ នៀម ឆេង