មហាសមុទ្រជាប្រភពស្រូបយកកាបោនធម្មជាតិធំជាងគេបំផុតនៅលើផែនដី ដោយស្រូបកាបោនទាំងអស់ចំនួនប្រហែល១ភាគ៣ ដែលមនុស្សបានបញ្ចេញនៅក្នុងខ្យល់ តាមរយៈចំហេះឥន្ធនៈផូស៊ីល មានដូចជាធ្យូងថ្ម ប្រេង និងឧស្ម័ននៅតាមរោងចក្រឋាមពល រថយន្តនិងរោងចក្រជាដើម។ តែទោះយ៉ាងណា ការស្រាវជ្រាវថ្មីៗរកឃើញថា អាកាសធាតុសកលលោកដែលកំពុងកើនកំដៅ អាចកាត់បន្ថយសមត្ថភាពរបស់មហាសមុទ្រក្នុងការដើរតួនាទីដ៏មានសារសំខាន់នេះ។
ការសិក្សាមុនៗបានបង្ហាញថា បរិមាណកាបោនក្នុងបរិយាកាស ដែលមហាសមុទ្រស្រូបយក មានចំនួនខុសគ្នាពីមួយឆ្នាំទៅមួយឆ្នាំ។ ជារឿយៗ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានទទួលលទ្ធផលផ្ទុយគ្នាផងដែរ ដែលអាស្រ័យទៅតាមទីកន្លែងនិងពេលវេលាដែលពួកគេពិនិត្យមើល។ ប៉ុន្តែនៅក្នុងព្រឹត្តិប័ត្រ Nature Geoscience លោកស្រី ហ្គាលេន ម៉ាកឃីនលី (Galen McKinley) សាស្ត្រាចារ្យវិទ្យាសាស្ត្រមហាសមុទ្រនៃសាកលវិទ្យាល័យវីស្កន់ស៊ីន (University of Wisconsin) និងសហការីនៅឯមន្ទីរពិសោធន៍ផែនដី Lamont Doherty នៃសាកលវិទ្យាល័យខូឡំប៊ីយ៉ា (Columbia University) និងសាកលវិទ្យាល័យ Pierre et Marie Curie នៅទីក្រុងប៉ារីស បានប្រាប់អំពីរឿងខុសប្លែកគ្នាយ៉ាងខ្លាំងមួយ ដោយបន្តធ្វើការវិភាគទិន្នន័យរបស់ខ្លួនក្នុងរយៈពេលយូរ។
«ដោយសារតែយើងបានពិនិត្យមើលទៅលើរយៈពេលដ៏យូរនៃទិន្នន័យចាប់តាំងពីឆ្នាំ១៩៨១ ដល់២០០៩ នៅក្នុងអាកាសធាតុមធ្យមរបស់មហាសមុទ្រអាត្លង់ទិកខាងជើង ដែលស្ថិតនៅចន្លោះពីភាគខាងត្បូងនៃខ្សែទឹកឈូងសមុទ្រ និងភាគខាងជើងនៃខ្សែអេក្វាទ័រ យើងយល់ឃើញថាការកើនឡើងកំដៅ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ពិតជាកំពុងបណ្តាលឲ្យការស្រូបយកកាបោនរបស់មហាសមុទ្រមិនសូវមានប្រសិទ្ធិភាពដូចពីពេលមុន»។
លោកស្រីពន្យល់ថា មហាសមុទ្រដែលមានកំដៅក្តៅ មិនអាចស្រូប និងផ្ទុកកាបោនឲ្យបានច្រើនដូចទឹកត្រជាក់ទេ។ ក្រុមអ្នកនិពន្ធសង្កេតឃើញថា ការផ្លាស់ប្តូរអាកាសធាតុរយៈពេលខ្លីបានបិទបាំងការស្រូបយកកាបោនអស់រយៈពេលជាច្រើនទសវត្សរ៍។
«ដូច្នេះហើយយើងចាប់ផ្តើមមើលឃើញសញ្ញាច្បាស់មួយ បង្ហាញថាការកើនឡើងកំដៅរបស់មហាសមុទ្រ ដែលបង្កឡើងដោយការផ្លាស់ប្តូរអាកាសធាតុ កំពុងធ្វើឲ្យកាបោនមិនសូវរលាយខ្លាំងទេនៅក្នុងមហាសមុទ្រ ហើយកំពុងកាត់បន្ថយទំហំនៃការស្រូបយកកាបោន។ អាស្រ័យហេតុនេះហើយ យើងធ្វើឲ្យភពផែនដីកាន់តែក្តៅឡើង»។
Skirble៖«តើអ្វីដែលអ្នកពិនិត្យឃើញនៅមហាមុទ្រអាត្លង់ទិកភាគខាងជើងមានលក្ខណៈដូចទៅនឹងបរិយាកាសមហាសមុទ្រផ្សេងៗទៀត យ៉ាងដូចម្តេចខ្លះ?
«សម្មតិកម្មដ៏សមហេតុផលរបស់យើង ដែលឥឡូវនេះយើងកំពុងសាកល្បងគឺថា យ៉ាងហោចណាស់ នៅតាមតំបន់មានអាកាសធាតុមធ្យម ផលប៉ះពាល់នឹងមានលក្ខណៈស្រដៀងគ្នានេះដែរ»។
លោកស្រី ម៉ាកឃីនលី ថ្លែងថា ការងាររបស់លោកស្រីបង្ហាញថា សមត្ថភាពរបស់មហាសមុទ្រក្នុងការកាត់បន្ថយការផ្លាស់ប្តូរអាកាសធាតុ អាចចុះខ្សោយ។
«ហើយ នេះជាហេតុផលមួយដែលបង្ហាញថាហេតុអ្វីបានជាយើងគួរគិតគូរកាន់តែខ្លាំងថែមទៀតអំពីរបៀបដែលយើងអាចកាត់បន្ថយបរិមាណកាបោនដែលចូលទៅក្នុងបរិយាកាស ដោយសារតែថា ខណៈដែលការស្រូបយកកាបោនទាំងអស់នេះមិនសូវមានប្រសិទ្ធិភាព កម្រិតនៃការកើនឡើងកំដៅក្នុងធាតុអាកាសនឹងកាន់តែមានល្បឿនលឿនជាងមុន ហើយអាស្រ័យហេតុនេះ ផលប៉ះពាល់មកលើអារ្យធម៌របស់យើង និងជីវភាពរស់នៅរបស់យើង នឹងកាន់តែធំធេងជាងមុនដែរ»។
លោកស្រី ម៉ាកឃីនលី មានប្រសាសន៍ថា វាមានភាពសំខាន់យ៉ាងខ្លាំង ដែលក្រុមអ្នកធ្វើគោលនយោបាយយល់អំពីនិន្នាការនេះ ដើម្បីឲ្យពួកគេមានលទ្ធភាពធ្វើការសម្រេចចិត្តណាមួយ ដែលអាចជួយបន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕
ប្រែសម្រួលដោយ លី សុខឃាង