អង្គការមិនរកប្រាក់កម្រៃអន្តរជាតិមួយនិយាយថា ហានិភ័យទាំងឡាយនៃអំពើពុករលួយបានកើនឡើងនៅក្នុងប្រទេស អេហ្ស៊ីប និងប្រទេសមួយចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ា និងប្រទេសទាំងឡាយនៅក្នុងទ្វីបអាហ្រ្វិកខាងជើង មុនពេលមានការប្រឆាំងបះបោររបស់ប្រជាពលរដ្ឋនៅក្នុងឆ្នាំនេះ ដែលបានវាយប្រហារតំបន់នេះ។
នាយកគ្រប់គ្រងនៃអង្គការសុចរិតភាពសាកល ណាថានីញ៉ែល ហែលល័រ (Nathaniel Heller) បានប្រដូចអំពើពុករលួយទៅនឹងរន្ធពណ៌ខ្មៅមួយ ខណៈពេលដែលលោកនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងឱកាសចេញរបាយការណ៍ថ្មីមួយ។ លោកនិយាយថា របាយការណ៍ថ្មីនេះស្វែងរកការវាស់វែងនូវវិធានការតម្លាភាពនិងអភិបាលកិច្ចល្អ ដែលអាចប្រឆាំងទៅនឹងអំពើពុករលួយ។
លោក ហែលល័រ បាននិយាយថា ទិន្នន័យស្តីពីការប្រឆាំងទៅនឹងអំពើពុករលួយ ដែលត្រូវបានប្រមូលចងក្រងនៅក្នុងឆ្នាំ២០១០សម្រាប់ប្រទេស យ៉េមេន (Yemen) ម៉ារ៉ុក (Morocco) និងតំបន់ វែសត៍ប៊ែង (West Bank) បង្ហាញថា ប្រទេសទាំងនេះជួបប្រទះនឹងបញ្ហាប្រឈម ប្រហាក់ប្រហែលគ្នាទៅនឹងបញ្ហាប្រឈមទាំងឡាយ ដែលកើតមានឡើងនៅក្នុងប្រទេស អេហ្ស៊ីប មុនពេលការប្រឆាំងបះបោររបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះនៅក្នុងខែមករា។
«បើពិនិត្យមើលត្រឡប់ទៅក្រោយវិញ នៃការវាយតម្លៃជាច្រើនឆ្នាំទៅលើប្រទេសទាំងឡាយដូចជា អេហ្ស៊ីប យ៉េមេន ម៉ារ៉ុក និងតំបន់ វែសត៍ប៊ែង យើងមើលឃើញការធ្លាក់ចុះជាសន្សឹមៗ ដែលស្ទើរតែមានលក្ខណៈជាសាកលនៅក្នុងតំបន់នេះ និងសម្រាប់ប្រទេសស្ទើរតែទាំងអស់ ដែលត្រឡប់ថយក្រោយវិញយ៉ាងតិចបំផុតទៅឆ្នាំ២០០៦។ នៅក្នុងប្រទេស អេហ្ស៊ីប ជាពិសេស យើងបានឃើញដំណើរធ្លាក់ចុះសន្សឹមៗនេះ ពីស្ថានភាពមួយដែលជាបញ្ហាប្រឈមយ៉ាងខ្លាំងក្លារួចទៅហើយ ខណៈពេលដែលវាបានឈានទៅរកការប្រឆាំងនឹងអំពើពុករលួយនិងតម្លាភាព ទៅស្ថានភាពមួយដែលបានក្លាយទៅជាស្ថានភាពដ៏យ៉ាប់យ៉ឺនមិនគួរឱ្យជឿ»។
ការសិក្សាថ្មីនេះបានរកឃើញថា ប្រទេស អេហ្ស៊ីប យ៉េមេន ម៉ារ៉ុក និង វែសត៍បែង មិនបានសាទរទៅលើវិធានការទាំងឡាយ ដែលជំរុញឱ្យមានការការពារប្រឆាំងទៅនឹងអំពើពុករលួយទេ ដូចជាត្រូវមាន សារព័ត៌មានឯករាជ្យមួយ តម្លាភាពនៃទ្រព្យសម្បត្តិរបស់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ និងការធ្វើសវនកម្មប្រកបដោយប្រសិទ្ធភាពទៅលើកម្មវិធីទាំងឡាយរបស់រដ្ឋាភិបាល ដើម្បីធានាឱ្យបានថា ថវិកានឹងមិនត្រូវបានបង្វែរខុសគោលដៅ។
អង្គការសុចរិតភាពសាកល បានបង្កើតឡើងនូវការវាយតម្លៃថ្នាក់ជាតិចំនួន២០៧ចាប់តាំងពីឆ្នាំ២០០៦មក។ នៅពេលនោះ ប្រទេស អ៊ីស្រាអែល និងប្រទេស អារ៉ាប់រួម គឺជាប្រទេសតែពីរគត់ ដែលការសិក្សានៅក្នុងតំបន់មជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើង រកឃើញថាបានជៀសផុតពីការចាត់ថ្នាក់ «ខ្សោយណាស់» ទៅលើការការពារទប់ស្កាត់អំពើពុករលួយ។
«នៅក្នុងករណីមួយចំនួន វាមិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទេ ចំពោះអ្វីដែលកំពុងតែកើតមានឡើង។ ខ្ញុំគិតថា យើងកំពុងតែច្បាប់ផ្តើមមើលឃើញភស្តុតាងពិតប្រាកដនៃចំណុចបែកបាក់មួយ នៅពេលដែលប្រជាពលរដ្ឋមិនអាចដោះស្រាយជាមួយនឹងផែនការមួយ ដែលការទទួលខុសត្រូវរបស់រដ្ឋាភិបាលស្ទើរតែស្មើសូន្យ និងគ្មានមធ្យោបាយក្នុងការស្វែងរកដំណោះស្រាយចំពោះការរំលោភអំណាច»។
វាមិនត្រឹមតែតំបន់មជ្ឈិមបូព៌ាប្រទេសនិងអាហ្រ្វិកខាងជើងនោះទេ ដែលធ្វើឱ្យអង្គការមិនរកប្រាក់កម្រៃមួយនេះ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនមានការខ្វល់ខ្វាយ។
អង្គការសុចរិតភាពសាកលនិយាយថា មានការរីកចម្រើននៅក្នុងប្រទេសអឺរ៉ុបខាងកើត ដូចជាប្រទេស ប៊ុលហ្ការី (Bulgaria) រ៉ូម៉ានី (Romania) និង ប៉ូឡូញ (Poland) ខណៈពេលដែលប្រទេសទាំងនេះខិតខំដើម្បីបំពេញតម្រូវការ នៅក្នុងការចូលជាសមាជិកសហភាពអឺរ៉ុបនិងអង្គការណាតូ។ ប៉ុន្តែ លោក ហែលល័រ បាននិយាយថា នៅពេលដែលប្រទេសនេះបានចូលទៅក្នុងប្លុកអន្តរជាតិទាំងនេះ ពួកគេមានអារម្មណ៍ថា មានសម្ពាធតិចតួចនៅក្នុងការរក្សាការបង្កើនការប្រឆាំងអំពើពុករលួយនិងតម្លាភាព។
«ហើយកាលពីបីបួនឆ្នាំមុន យើងបានទស្សទាយថា យើងនឹងមើលឃើញទិន្នន័យទាំងនេះនឹងមានការធ្លាក់ចុះពីមួយពេលទៅមួយពេល ខណៈពេលដែលរង្វាន់និងគ្រឿងលើកទឹកចិត្តបានរលាយបាត់។ នៅពេលដែលយើងពិនិត្យមើលទៅលើទិន្នន័យនៅក្នុងឆ្នាំនេះ ចាប់ពីលទ្ធផលឆ្នាំ២០១០សម្រាប់ប្រទេស រ៉ូម៉ានី ប៊ុលហ្ការី និង ប៉ូឡូញ ជាពិសេស ជាអកុសលយើងមើលឃើញថា ដូចការទស្សទាយនេះបានបង្ហាញចេញមកយ៉ាងច្បាស់ក្រឡែត»។
នៅតំបន់អាស៊ីខាងត្បូង អង្គការសុចរិតភាពសាកលបានរកឃើញថា ការការពារការប្រឆាំងនឹងអំពើពុករលួយមានភាពខ្សោយ ជាពិសេសនៅក្នុងប្រទេស ប៉ាគីស្ថាន កាលពីឆ្នាំទៅជាលើកដំបូង បន្ទាប់ពីប្រទេសនេះតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជា«អ្នកអនុវត្តថ្នាក់កណ្តាលមួយ»។ លោក ហែលល័រ បាននិយាយថា លោកមានការសង្ស័យថា អំពើពុករលួយប្រហែលជាដើរតួនាទីមួយ នៅក្នុងសមត្ថភាពរបស់មេក្រុមភេរវករ អូសាម៉ា ប៊ីនឡាដិន (Osama bin Laden) នៅក្នុងការគេចចេញពីការតាមចាប់ខ្លួន រហូតដល់គាត់ត្រូវបានសម្លាប់ដោយកងកុម្ម៉ង់ដូរបស់សហរដ្ឋអាមេរិក។
«ហើយយោងទៅតាមអ្វីដែលយើងដឹងនាពេលឥឡូវនេះ តាមរយៈសេចក្តីរាយការណ៍ទាំងឡាយពីបណ្តាញសារព័ត៌មានអំពីការវាយប្រហារទៅលើ ប៊ីនឡាដិន និងកន្លែងដែលគាត់បានរស់នៅអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ខ្ញុំគិតថា វាពិតជាបានលើកឡើងនូវសំណួរដ៏ពិតជាគួរឱ្យចាប់អារម្មណ៍មួយចំនួន អំពីថាតើមនុស្សម្នាក់របៀបនេះអាចរស់នៅក្នុងវីឡាដ៏ធំមួយ ដែលនៅជិតមូលដ្ឋានយោធាមួយ នៅជិតនឹងរដ្ឋធានី ហើយមិនមានការភ្ញាក់ផ្អើលអ្វីទាំងអស់ អស់រយៈពេលជាច្រើនឆ្នាំដោយរបៀបណា»។
អង្គការសុចរិតភាពសាកលនិយាយថា ប្រទេស អាហ្សង់ទីន (Argentina) ប៉េរូ (Peru) និងអេត្យូពី (Ethiopia) ត្រូវបានផ្តល់ការវាយតម្លៃថា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងការអនុវត្តការប្រឆាំងអំពើពុករលួយនៅក្នុងឆ្នាំ២០១០។ របាយការណ៍បាននិយាយថា នៅក្នុងប្រទេស អេត្យូពី មានការកើនឡើងនៅក្នុងផ្នែកនៃលទ្ធភាពរបស់សាធារណជនក្នុងការទទួលបានព័ត៌មាន សេវាសាធារណៈប្រកបដោយវិជ្ជាជីវៈ ការការពារជម្លោះផលប្រយោជន៍នៅទូទាំងផ្នែកទាំងបីរបស់រដ្ឋាភិបាល ក៏ដូចជាការការពារតម្លាភាពនៃការផ្តល់ហិរញ្ញវត្ថុផ្នែកនយោបាយ។
អង្គការសុចរិតភាពសាកលនិយាយថា មូលដ្ឋានសម្រាប់របាយការណ៍របស់ខ្លួន គឺពឹងផ្អែកទៅលើអ្នកស្រាវជ្រាវ អ្នកកាសែត និងអ្នកសិក្សាក្នុងស្រុក៕
ប្រែសម្រួលដោយ ឌី ខាំបូលី