នៅទិវាសារមន្ទីរអន្តរជាតិកាលពីថ្ងៃទី១៨ ខែឧសភា ការសិក្សាស្រាវជ្រាវថ្មីៗពីរបង្ហាញថា សារមន្ទីរជាវិស័យមួយទៀតនៃសេដ្ឋកិច្ចពិភពលោកដែលកំពុងចុះខ្សោយជាខ្លាំងដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
សិក្សាស្រាវជ្រាវដោយអង្គការ UNESCO និងក្រុមប្រឹក្សាអន្តរជាតិនៃសារមន្ទីរហៅកាត់ថា ICOM បង្ហាញថា ចំនួន៩០%នៃសារមន្ទីរនៅទូទាំងពិភពលោកបានត្រូវបង្ខំបិទទ្វារនិងឈប់បើកឱ្យមនុស្សចូលមើលវត្ថុដាក់តាំងដោយផ្ទាល់នៅក្នុងពេលមានវិបត្តិនៃជំងឺនេះ។ ក្នុងបណ្តាសារមន្ទីរជាង៨ម៉ឺន៥ពាន់ដែលបានត្រូវបិទនោះមានសារមន្ទីរចំនួន១៣ ភាគរយដែលនឹងមិនបើកជាថ្មីឡើងវិញទេដោយសារមានការខាតបង់ខាងហិរញ្ញវត្ថុធ្ងន់ធ្ងរនៅពេលនេះ។
ការសិក្សាស្រាវជ្រាវទាំងពីរនេះបានពិនិត្យមើលផលប៉ះពាល់នៃជំងឺកូវីដ១៩ទៅលើសារមន្ទីរនៅទូទាំងពិភពលោកនិងពន្យល់អំពីថាតើស្ថាប័នទាំងនេះបានសម្របសម្រួលបែបណាសម្រាប់ការរាតត្បាតជាសាកលនៃជំងឺនេះ។ អង្គការ UNESCO និងក្រុមប្រឹក្សា ICOM និយាយថា ពួកគេនឹងប្រើព័ត៌មាននេះដើម្បីរកវិធីគាំទ្រស្ថាប័នទាំងនេះនៅក្រោយការរាតត្បាតនៃវីរុសនេះ។
ការសិក្សាស្រាវជ្រាវនេះក៏បានរកឃើញដែរថា មានតែចំនួន១៥%ប៉ុណ្ណោះនៃសារមន្ទីរនៅក្នុងទ្វីប អាហ្វ្រិក និងនៅរដ្ឋកោះតូចៗកំពុងអភិវឌ្ឍន៍អាចផ្តល់ការពណ៌នាតាម អ៊ីនធឺណិតដល់ភ្ញៀវរបស់ពួកគេ។ សារមន្ទីរដែលមានសមត្ថភាពខាង ឌីជីថលក៏នឹងប្រឈមនឹងការចុះថយប្រាក់ចំណូលច្រើនក្រាស់ក្រែលដែរប្រសិនបើពួកគេមិនអាចទទួលភ្ញៀវដោយផ្ទាល់។ ការណ៍នេះនាំឱ្យសារមន្ទីរគ្មានសមត្ថភាពគាំទ្រពួកបុគ្គលិកនិងគ្មានសមត្ថភាពបន្តកិច្ចប្រតិបត្តិការនិងការពង្រីកការទាក់ទង។
លោកស្រី Audrey Azoulay ជានាយិកាទូទៅនៃអង្គការ UNESCO។ លោកស្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ប្រាប់ពួកអ្នកកាសែតថា៖ «សារមន្ទីរបំពេញមុខនាទីសំខាន់មួយធ្វើឲ្យសង្គមរឹងមាំ។ យើងត្រូវតែជួយសារមន្ទីរក្នុងការដោះស្រាយវិបត្តិនេះនិងធ្វើឱ្យសារមន្ទីរមានការទាក់ទងជាមួយអ្នកចង់មើលសារមន្ទីរទាំងនេះ។ ការរាត្បាតជាសាកលនៃជំងឺកូវីដ១៩ក៏រំឭកយើងថា មនុស្សចំនួនពាក់កណ្តាលក្នុងពិភពលោកគ្មានបច្ចេកវិទ្យា ឌីជីថលទេ។ យើងត្រូវតែធ្វើការដើម្បីឧបត្ថម្ភផ្ចុងផ្តើមឱ្យមនុស្សគ្រប់គ្នាបានដឹងអំពីវប្បធ៌មជាពិសេសសម្រាប់មនុស្សដែលអាចរងគ្រោះដោយងាយនិងពួកមនុស្សរស់នៅដាច់ពីគេ»។
សម្ព័ន្ធសារមន្ទីរអាមេរិកាំងឲ្យដឹងថា គ្រាន់តែនៅក្នុងស.រ.អា.សារមន្ទីរបានខាតបង់ប្រមាណ៣៣លានដុល្លារក្នុងមួយថ្ងៃ។ ការស្ទង់មតិដោយអង្គការប្រជាពលរដ្ឋអាមេរិកាំងដើម្បីសិល្បៈឲ្យដឹងថា ឧស្សាហកម្មសិល្បៈនិងវប្បធម៌ស.រ.អា.បានខាតបង់ជាង៤ពាន់៥រយលានដុល្លារគិតត្រឹមដើមខែមេសា។
កាលពីពាក់កណ្តាលខែឧសភា អង្គការ UNESCO គ្រោងចាប់ផ្តើមការពិភាក្សាគ្នារវាងពួកអ្នកជំនាញមានអាជីពខាងវប្បធ៌មអន្តរជាតិដើម្បីរកវិធីដោះស្រាយបញ្ហាដែលសារមន្ទីរកំពុងប្រឈមដែលជាផ្នែកមួយនៃចលនា ResiliArt របស់អង្គការ UNESCO ដែលបានត្រូវបង្កើតឡើងជាដំបូងដើម្បីគាំទ្រពួកសិល្បករដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ សេចក្តីថ្លែងការណ៍របស់អង្គការ UNESCO ឲ្យដឹងថាការពិភាក្សាបីលើកដំបូងគេនឹងផ្តោតការយកចិត្តទុកដាក់លើស្ថានភាពនៅក្នុងប្រទេសនិងដែនដីក្នុងទ្វីបអាមេរិកហៅថា Ibero-American region និងពិភាក្សាគ្នាអំពីវិធីគាំទ្រសារមន្ទីរនិងពួកបុគ្គលិកនៃសារមន្ទីរទាំងនេះផងដែរ។
លោក Suay Aksoy ជាប្រធាននៃក្រុមប្រឹក្សាអន្តរជាតិនៃសារមន្ទីរហៅកាត់ថា ICOM។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងដឹងច្បាស់លាស់អំពីភាពស៊ូរបស់ពួកអ្នកធ្វើការមានអាជីពក្នុងសារមន្ទីរហើយយើងមានការទុកចិត្តថា ពួកគេនឹងអាចពុះពារឧបសគ្គនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវិស័យសារមន្ទីរមិនអាចមានដំណើរការតទៅទៀតបានទេបើគ្មានការគាំទ្រពីផ្នែកសាធារណៈនិងផ្នែកឯកជនទេនោះ។ ជាការចាំបាច់ត្រូវតែអង្គាសប្រាក់សម្រាប់ជួយសង្គ្រោះសារមន្ទីរនិងធ្វើគោលនយោបាយការពារពួកអ្នកធ្វើការមានអាជីពនិងពួកអ្នកធ្វើការដោយខ្លួនឯងដែលមានកិច្ចសន្យាមិនទៀង»។
ជាការឆ្លើយតបនឹងការសិក្សាស្រាវជ្រាវដោយអង្គការ UNESCO ពួកមន្ត្រីបាននិយាយថា ផែនការឆ្លើយតបរបស់ពួកគេមានរួមបញ្ចូលកិច្ចការពារខាងសង្គមដល់ពួកបុគ្គលិកសារមន្ទីរនិងការរៀបចំបញ្ជីវត្ថុដាក់តាំងក្នុងសារមន្ទីរតាមបណ្តាញ អ៊ីនធើណិត។ អង្គការ UNESCO បាននិយាយថា ត្រូវមានប្រភពធនធានច្រើនក្រាស់ក្រែលដើម្បីធ្វើឱ្យគោលដៅទាំងនេះបានសម្រេច៕
ប្រែសម្រួលដោយលោកឈឹម សុមេធ