កងទ័ពរុស្ស៊ីនិងអ៊ុយក្រែនបានពើបប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតាមដងផ្លូវនានាក្នុងទីក្រុង Sievierodonetsk ដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទម្សិលមិញ ហើយប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីក៏មានបំណងដណ្តើមកាន់ កាប់ទីក្រុង Zaporizhzhia ដែលជាក្រុងដ៏សំខាន់មួយទៀតនៅភាគអាគ្នេយ៍អ៊ុយក្រែនផងដែរ។
អ្នកនាំពាក្យរដ្ឋបាលក្រុង Sievierodonetsk បានថ្លែងតាមទូរទស្សន៍ថា ស្ថានភាពក្នុងទីក្រុងនេះកំពុងមានការផ្លាស់ប្តូរគ្រប់ពេលវេលា។
ដោយឡែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា កងកម្លាំងអ៊ុយក្រែនមានឱកាសគ្រប់ពេលដើម្បីបង្កើនការគ្រប់គ្រងរបស់ខ្លួនលើទីក្រុងនេះ។
ការវាយតម្លៃរបស់លោកបានកើតមានឡើងបន្ទាប់ពីអភិបាលតំបន់ Luhansk លោក Serhiy Haidai បាននិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងចាញ់ប្រៀបកងទ័ពរុស្ស៊ីនៅក្នុងទីក្រុងនោះ។
បើទោះជាយ៉ាងណាក៏ដោយ ទាំងរុស្ស៊ីនិងអ៊ុយក្រែនបានផ្តល់ព័ត៌មានពីការខូចខាតរបស់ភាគីទាំងពីរខុសគ្នាយ៉ាងខ្លាំង។
លោក Zelenskyy បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីមានបំណងដណើ្តមកាន់កាប់ទីក្រុង Zaporizhzhia ដែលស្ថិតនៅភាគអាគ្នេយ៍ដើម្បីអនុញ្ញាតឱ្យពួកគេខិតកាន់តែជិតតំបន់ភាគកណ្តាលរបស់អ៊ុយក្រែន។
ទីក្រុងនេះជាមជ្ឈមណ្ឌលឧស្សាហកម្មមួយនិងមានពលរដ្ឋរស់នៅប្រមាណ៧សែននាក់។
មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយកាលពីថ្ងៃចន្ទថា លោកបានទទួលការបញ្ជាក់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ពីការផ្តល់កញ្ចប់ជំនួយការពារថ្មីមួយទៀតរបស់អង់គ្លេសហើយថាមេដឹកនាំទាំងពីរបានពិភាក្សាគ្នាដើម្បីរកវិធីបើកច្រកកំពង់ផែអ៊ុយក្រែនដើម្បីជៀសវាងកុំឱ្យមានវិបត្តិស្បៀងអាហារ។
អង់គ្លេសបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងបញ្ជូនប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត M270 ដែលបាញ់បានច្រើនគ្រាប់ទៅឱ្យអ៊ុយក្រែន ហើយអាវុធប្រភេទនេះអាចបាញ់ចំគោលដៅដែលមានចម្ងាយរហូតដល់៨០គីឡូម៉ែត្រ។
លោក Boris Johnson និយាយថា៖ «យើងមិនអាចនៅស្ងៀមបានឡើយនៅពេលដែលរុស្ស៊ីកំពុងបង្កើនការបាញ់ផ្លោងទៅលើទីក្រុងនានានិងសម្លាប់ជនស៊ីវិលអ៊ុយក្រែននោះ»។
លោក Zelenskyy បានថ្លែងសុន្ទរកថាតាមវីដេអូកាលពីថ្ងៃចន្ទថា៖ «ខ្ញុំសូមអរគុណដល់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ចំពោះការយោគយល់របស់លោកអំពីការចង់បាននិងការត្រៀមខ្លួនរបស់អ៊ុយក្រែនហើយបានផ្តល់ឱ្យអ៊ុយក្រែននូវអាវុធដែលអ៊ុយក្រែនត្រូវការដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរបស់យើងនោះ»។
ដោយឡែកក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា ខ្លួនបានដាក់ទណ្ឌកម្មប្រឆាំងនឹងជនជាតិអាមេរិកចំនួន៦១នាក់ដើម្បីឆ្លើយតបទៅនឹងអ្វីដែលរុស្ស៊ីហៅថា «ជាការពង្រីកការដាក់ទណ្ឌកម្មមិនឈប់ឈរពីសហរដ្ឋអាមេរិកនោះ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters និងAP។