វិទ្យាសា្ថន Stimson ដែលស្រាវជ្រាវពីតំបន់អាស៊ីអាគ្នេយ៍ នឹងដាក់សម្ពោធសៀវភៅថ្មីមួយក្បាល ដែលផ្តោតសំខាន់លើការវិវត្តន៍ចុងក្រោយបង្អស់នៃស្ថានភាពរបស់ទន្លេមេគង្គ ដែលហូរឆ្លងកាត់ប្រទេសចិន ភូមា ឡាវ ថៃ កម្ពុជា និងវៀតណាម។
សៀវភៅដែលមានចំណងជើងជាភាសាអង់គ្លេសថា “Last Days of the Mighty Mekong” ឬប្រែជាភាសាខ្មែរថា «ថ្ងៃចុងក្រោយនៃទន្លេមេគង្គដ៏ខ្លាំងក្លា» ត្រូវបានស្រាវជ្រាវ ចងក្រង និងរៀបរៀងឡើងដោយលោក Brian Eyler ដែលលោកមានតួនាទីជាប្រធានគម្រោងសិក្សាពីតំបន់អាស៊ីអាគ្នេយ៍ប្រចាំវិទ្យាស្ថាន Stimson។
សៀវភៅ «ថ្ងៃចុងក្រោយនៃទន្លេមេគង្គដ៏ខ្លាំងក្លា» របស់វិទ្យាស្ថាន Stimson នឹងដាក់សម្ពោធជាផ្លូវការនៅទីស្នាក់ការរបស់វិទ្យាស្ថាននេះ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ។

សៀវភៅថ្មីមួយ “Last Days of the Mighty Mekong” ឬប្រែជាភាសាខ្មែរថា «ថ្ងៃចុងក្រោយនៃទន្លេមេគង្គដ៏ខ្លាំងក្លា» ត្រូវបានរៀបរៀងឡើងដោយលោក Brian Eyler នៃវិទ្យាស្ថាន Stimson។ សៀវភៅនេះនឹងត្រូវដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ។
ជាអ្នកស្រាវជ្រាវអំពីទន្លេមេគង្គ លោក Eyler បានចំណាយពេលជាច្រើននៅតំបន់ទន្លេមេគង្គ ដូចជាប្រទេសឡាវ ចិន កម្ពុជា និងវៀតណាមជាដើម ដោយបានប្រាស្រ័យទាក់ទងជាមួយនឹងសហគមន៍ មេដឹកនាំសហគមន៍ និងអ្នកតាក់តែងគោលនយោបាយជាច្រើននាក់ដើម្បីស្វែងយល់ និងចងក្រងពីស្ថានភាពរបស់ទន្លេមេគង្គ និងផលប៉ះពាល់ដែលកើតមានមកលើប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនេះ។
តាមរយៈការសន្ទនាទាំងនេះ លោក Eyler បានសង្កត់ធ្ងន់នៅក្នុងសៀវភៅរបស់លោក អំពីភាពអាសន្ន និងការត្រូវការកិច្ចខិតខំប្រឹងប្រែងចាំបាច់បន្ថែម ក្នុងការជួយសង្គ្រោះទន្លេមេគង្គដ៏ធំមហិមានេះ និងថែរក្សាប្រភពអេកូឡូស៊ីដ៏ពិសេសរបស់ទន្លេមេគង្គ។
ទន្លេមេគង្គគឺជាប្រភពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រមាណ៧០លាននាក់ ដែលរស់នៅតាមដងទន្លេដ៏ធំមួយនេះ។ ទន្លេមេគង្គអនុញ្ញាតឲ្យពួកគេប្រកបរបរចិញ្ចឹមជីវិតដោយពឹងផ្អែកលើជលផល និងការធ្វើដំណាំកសិកម្មនានា។ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ទន្លេមេគង្គបានរងការគំរាមកំហែងជាច្រើន ដោយសារការនេសាទហួសកម្រិត ការប្រែប្រួលអាកាសធាតុ និងការសាងសង់ទំនប់វារីអគ្គិសនីជាបន្តបន្ទាប់។
ការដាក់សម្ពោធសៀវភៅស្តីពីស្ថានភាពនៃទន្លេមេគង្គ ធ្វើឡើង ស្របដែលទន្លេដ៏ធំសម្បើមមួយនេះ បន្តរងផលប៉ះពាល់ដោយសារការសាងសង់ទំនប់វារីអគ្គិសនីឥតឈប់ឈរដើម្បីទាញយកថាមពលអគ្គិសនី ជាពិសេសនៅប្រទេសឡាវ ដែលកំពុងដំណើរការគម្រោងទំនប់ ប៉ាក់ បេង និងគម្រោងទំនប់ ប៉ាក់ ឡាយ។ គម្រោងទំនប់វារីអគ្គិសនីទាំងពីរនេះ កំពុងត្រូវបានត្រួតពិនិត្យដោយគណៈកម្មការទន្លេមេគង្គ ឬហៅកាត់ថា (MRC) ដែលធ្វើការវាយតម្លៃលើផលប៉ះពាល់ខាងបរិស្ថាននៃគម្រោងទាំងពីរនេះ។
បន្ថែមលើនេះ គម្រោងអភិវឌ្ឍនានាដែលភាគច្រើនត្រូវបានដឹកនាំដោយប្រទេសចិន ដូចជាគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម (One Belt & Road Initiative) ក៏នឹងបង្កជាផលប៉ះពាល់បន្ថែមទៀតដល់ទន្លេមេគង្គ និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពលរដ្ឋនៅតាមបណ្តោយដងទន្លេនេះផងដែរ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគនាពេលកន្លងទៅ៕