កម្មវិធី​ទ្រទ្រង់​អាជីវកម្ម​​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ពលរដ្ឋ​ចំណាក​ស្រុក​ហុងកុង​ដែល​ទើប​មក​រស់នៅ​ចក្រភព​អង់គ្លេស

អ្នកស្រី Puifung Leung សហ​ស្ថាបនិក​អង្គការ Hong Kong Business Hub និង​លោក Eric Yung ជា​នាយក​កម្មវិធី ថត​រូប​រួមគ្នា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​សម្រាប់​កម្មវិធី​​កម្មវិធី​ទ្រទ្រង់​អាជីវកម្ម​​ថ្មី​នៅ​ទីក្រុងឡុងដ៍ កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ (Kris Cheng/វីអូអេ)

អង្គការ​ផ្តោត​លើ​វិស័យ​អាជីវកម្ម​ ដែលបង្កើត​ឡើង​ដោយ​ពលរដ្ឋក្រុងហុងកុង​ ក្នុង​ទីក្រុង​ឡុងដ៍​ ចក្រភពអង់គ្លេសបាន​បង្កើតកម្មវិធីថ្មីមួយ ​ដើម្បី​ផ្តួច​ផ្តើមជួយដល់​ពលរដ្ឋហុងកុង​ ដែល​ទើប​មក​រស់​នៅ​ថ្មីៗ​និង​ចង់​ប្រកប​របរ​ជំនួញ​នៅលើ​ទឹកដី​ចក្រភព​អង់គ្លេស។

អង្គការ​ Hong Kong Business Hub ដែល​ជា​អ្នក​រៀបចំ​កម្មវិធីផ្តួច​ផ្តើម​ថ្មី​នេះ បាន​ដាក់ឱ្យ​អនុវត្ត​នូវ​ដំណើរ​ការកម្មវិធីនេះ​ក្នុង​ទីក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​ទី៨​ ខែ​សីហាកន្លង​ទៅ​។ អ្នក​ដាក់​ពាក្យ​សុំ​ម្នាក់ៗ​ដែល​ទទួល​បាន​បាន​ការ​យល់​ព្រម​ នឹង​ទទួល​បាន​ទុន​វិនិយោគ​យ៉ាង​តិច​ណាស់​ក៏ចំនួន ៦៤.០០០​ដុល្លារ​អាមេរិក​ដែរ​ ដោយ​ទុន​វិនិយោគសរុបទាំង​អស់​របស់​កម្មវិធី​នេះ ​មាន​ចំនួនជាង ៦៣៥.០០០​ដុល្លារ​អាមេរិក​។

អ្នក​ស្រី​ Puifung Leung សហ​ស្ថាបនិក​និង​ប្រធាន​អង្គការ Hong Kong Business Hub បាន​និយាយ​ថា​ ពលរដ្ឋ​កោះហុងកុង​មួយ​ចំនួន​ ដែល​បាន​ផ្លាស់មក​រស់​នៅចក្រភព​អង់គ្លេស​ មាន​ចំណាប់​អារម្មណ៍​លើផ្នែក​សហគ្រិនភាព​ ប៉ុន្តែពួកគេ​ប្រហែល​មិន​ទាន់​ស្គាល់​ច្បាស់​ពី​បរិយាកាស​ជំនួញ​នៅ​ក្នុង​ប្រទេស​នេះ​នៅ​ឡើយ​ទេ​។ សមាជិក​អង្គការ​ ​Hong Kong Business Hub និង​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​មួយ​ចំនួន​ បាន​រត់ភៀសខ្លួន​ពី​កោះហុងកុងមក​កាន់​ចក្រភពអង់គ្លេស​ក្រោយឆ្នាំ ២០១៩ នៅ​ពេលដែល​ប្រទសចិន​ចាប់ផ្តើម​បង្ក្រាប​ទៅលើ​ចលនា​គាំទ្រ​លទិ្ធ​ប្រជាធិបតេយ្យ​នៅ​ក្នុងកោះនេះ​ ដែលធ្លាប់​ស្ថិត​នៅ​ក្រោមអាណានិគមរបស់​ប្រទេស​អង់គ្លេសក្នុង​ពេល​កន្លង​ទៅ​។

អ្នក​ស្រី​ថ្លែង​ដូច​នេះថា៖ «ពួកគេ​អាច​មាន​គំនិត​ល្អ​ៗ​ច្រើន​ ប៉ុន្តែអាច​មិនមាន​ថវិកា​ បទពិសោធន៍​ ធនធាន​ ឬ​ចំណេះដឹង​ ដើម្បី​សម្រេច​ការ​នោះ​បាន។ អង្គការ​ Hong Kong Business Hub សង្ឃឹម​ថា​នឹង​ជួយ​ពួកគេ​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាលសម្រាប់​ការ​ចាប់​ផ្តើមអាជីវកម្មថ្មី។ ពួកគេ​អាច​ទទួល​បាន​ថវិកា​ និង​បង្ហាញ​ផលិតផល​និង​សេវាកម្ម​ដោយ​ផ្ទាល់​ទៅ​កាន់​អ្នក​វិនិយោគ​ ដើម្បី​ពន្យល់​ពី​ហេតុផល​ដែល​ពួកគេ​ត្រូវ​ការនូវ​ជំនួយ​ថវិកា​ផ្គត់ផ្គង់នោះ»។

អ្នក​ស្រី Leung លើក​ឡើង​ថា អង្គការ​ Hong Kong Business Hub មិនបង្ហាញ​អត្តសញ្ញាណ​អ្នក​វិនិយោគ​ ដែល​មានបំណង​ចង់​ជួយ​សហគ្រិន​ហុងកុង​នៅពី​ក្រោយ​ឆាក​នោះទេ។

​កម្មវិធី​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​សហព័ន្ធ​អាជីវកម្ម​ធុន​តូច​ និង​សភា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ក្រុង​ឡុងដ៍។​ នេះ​បើ​យោងតាម​អង្គការ Hong Kong Business Hub។

​ដោយ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុងឆ្នាំ​ ២០២១​ អង្គការ Hong Kong Business Hub មាន​គោលដៅ​គាំទ្រ​និង​លើក​កម្ពស់​ ដោយ​ផ្សារភ្ជាប់​សហគ្រិន​និង​ក្រុមហ៊ុន​នានានៅ​ទី​ក្រុង​ហុងកុង ​ដែល​កំពុង​ពង្រីក​ខ្លួន​នៅ​ចក្រភពអង់គ្លេស​ និង​សហរដ្ឋអាមេរិក៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា