លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងអញ្ជើញទៅបង្ហាញខ្លួន នៅចំពោះមុខសម័យប្រជុំរួមនៃសភាជាតិ ហើយនឹងទស្សនិកជនមើលទូរទស្សន៍នៅទូទាំងប្រទេស នៅថ្ងៃព្រហស្បតិ៍ទី៨ខែកញ្ញា ដើម្បីប្រកាសអំពីផែនការរបស់លោក លើកកម្ពស់ ជំរុញ សេដ្ឋកិច្ចរបស់ស.រ.អ. ដែលកំពុងតែប្រឹងត្រដរ។ ឱកាសដែលលោកអាចត្រូវបានជាប់ឆ្នោតម្ដងទៀត ស្រេចនៅលើលទ្ធផលនេះ។
ដោយ សេដ្ឋកិច្ចមិនលូតលាស់ទៅមុខ ហើយនឹងការគ្មានការងារធ្វើ មានកម្រិត ៩% ស្ថិតនៅដដែល លោកប្រធានាធិបតី អូបាម៉ាមានប្រសាសន៍កាលពីពេលថ្មីៗនេះថា លោកនឹងបញ្ចេញផែនការដើម្បីឲ្យជនជាតិអាមេរិកាំងកាន់តែច្រើនថែមទៀត មានការងារធ្វើ។
«ខ្ញុំនឹងលាតត្រដាងបង្ហាញនូវ វិធានការមួយចំនួន ដែលសភាជាតិអាច ធ្វើភ្លាមៗ ដើម្បីដាក់ប្រាក់ថែមទៀតនៅក្នុងហោប៉ៅគ្រួសារដែលកំពុងតែធ្វើការ ហើយនឹងគ្រួសារមានប្រាក់ចំណូលមធ្យម ដើម្បីធ្វើឲ្យងាយស្រួលដល់អ្នកប្រកបអាជីព និងពាណិជ្ជករធុនតូច ជួលមនុស្ស ឲ្យអ្នកសំណង់ មានការងារធ្វើ ដើម្បីសង់ផ្លូវថ្នល់ ផ្លូវអយស្ម័យយាន ហើយនឹងចំណតអាកាសយាន របស់ប្រទេសនេះម្ដងទៀត ហើយនឹងវិធានការដទៃទៀតទាំងអស់ ដែលអាចជួយឲ្យសេដ្ឋកិច្ចនេះ លូតលាស់»។
ការស្ទង់មតិសាធារណជនថ្មីៗនេះ បង្ហាញឲ្យឃើញថា អត្រានៃការគាំទ្រកិច្ចការរបស់លោកអូបាម៉ា ធ្លាក់ចុះ ប្រមាណ៤៤% ដែលជាអត្រាទាបបំផុតពីចំណោមអត្រាទាប មួយចំនួន ក្នុងអាណត្ដិរបស់លោក។ មនុស្សជិត២ភាគ៣ គឺ ៦៥% នៃមនុស្សដែលគេស្ទង់មតិ និយាយថា ពួកគេមិនសប្បាយចិត្ដនឹងរបៀបដែលលោកគ្រប់គ្រងសេដ្ឋកិច្ចទេ។
ជាលទ្ធផល ការស្ទង់មតិដទៃទៀត បង្ហាញឲ្យឃើញថា លោកប្រធានាធិបតី អាចមានហានិភ័យ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆកាឆ្នាំ២០១២។
នេះ ជាផ្នែកដោយសារសេចក្ដីកង្វល់ផ្នែកនយោបាយ ដោយមានការមិនចុះសម្រុងគ្នានៅក្នុងរង្វង់អ្នករដ្ឋបាល របស់លោកប្រធានាធិបតីនៅការិយាល័យស្ថិតនៅផ្នែកខាងលិចនៃសេតវិមាន ហើយនឹងរដ្ឋាភិបាលស.រ.អ. ស្ដីអំពីថាតើសំណើបង្កើតការងាររបស់លោកអូបាម៉ាគួរតែមានសន្ទុះដល់កម្រិតណា។
ក្រុមមន្ដ្រីសេតវិមានត្រូវបានរាយការណ៍មកថា កំពុងតែពិចារណាមើលថាតើគួរឬមិនគួរបញ្ចូលកម្មវិធីវគ្គបណ្ដុះបណ្ដាល សម្រាប់អ្នកគ្មានការងារធ្វើរយ:ពេលយូរ ការកាត់ពន្ធដារសម្រាប់ជនជាតិអាមេរិកាំងមានប្រាក់ចំណូលមធ្យម ហើយនឹងការកាត់បន្ថយពន្ធដារ សម្រាប់ពាណិជ្ជករដែលជួលមនុស្សឲ្យធ្វើការ។ កម្មវិធីនេះក៏អាច មាន ប្រាក់ចំណាយផងដែរសម្រាប់សង់សាលារៀន ស្ពាន ផ្លូវ ហើយនឹងហេត្ថារចនាសម្ព័ន្ធជាថ្មី។
បន្ថែមពីលើនេះទៀត គេរំពឹងថា លោកអូបាម៉ានឹងបន្ដសុំសភាជាតិឲ្យអនុម័តការព្យួរទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសប៉ាណាម៉ា កូឡុំបៀ (Colombia) និងកូរ៉េខាងត្បូង។
លោកប្រធានាធិបតីហើយនឹងអ្នកជំនួយការរបស់លោក ពណ៌នា អំពីផែនការរបស់អស់លោក ថាជាការផ្ដួចផ្ដើមគំនិតសមរម្យ ដែលសមាជិកសភាជំទាស់មកពីគណ:បក្សសាធារណរដ្ឋ គួរតែទទួលយកបាន។
«ទាំងនោះជាគំនិតរួមបក្សទាំងពីរ ដែលគួរជាសេចក្ដីស្នើ ដែលអ្នកទាំងអស់គ្នា អាចគាំទ្របាន ទោះបីអស់លោកមានទំនោរទៅកាន់គណ:បក្សណាក៏បាន។ ដូច្នេះហើយ សេចក្ដីសង្ឃឹមហើយនឹងសេចក្ដីរំពឹងរបស់ខ្ញុំគឺថាយើងអាច ដាក់ប្រទេសជាតិពីលើគណ:បក្ស ហើយសម្រេចកិច្ចការសម្រាប់ឲ្យជនជាតិអាមេរិកាំង»។
ក៏ប៉ុន្ដែ លោក ចូវ៉លស៍ (Joe Walsh) សមាជិកសភាមកពីរដ្ឋ អ៊ីលីណូយស៍ (Illinois) និយាយថា មើលទៅមិនទំនងដូចជា លោកប្រធានាធិបតីនឹងស្នើអ្វីក៏ដោយ ដែលលោកនិងសមាជិកសភាមកពីគណ:បក្សសាធារណរដ្ឋ អាចគាំទ្រទេ។
«ជាទូទៅ ខ្ញុំគិតថា នឹងមានកម្មវិធីជំរុញ មុខចំណាយរបស់រដ្ឋាភិបាល ប្រាក់កម្ចីរបស់រដ្ឋាភិបាលបន្ថែមទៀត ដើម្បីខំប្រឹងប្រែងជំរុញសេដ្ឋកិច្ច ហើយ សូមអញ្ជើញមើលចុះ កម្មវិធីទាំងនោះ ទទួលបរាជ័យបីឆ្នាំមកហើយ យើងត្រូវការអ្វីដែលមានលក្ខណ:ផ្ទុយពីអ្វី ដែលលោកប្រធានាធិបតីបានធ្វើ មិនមែនអ្វីដដែលៗថែមទៀតទេ»។
គេរំពឹងថា សមាជិកសភាមកពីគណ:បក្សសាធារណរដ្ឋ នឹងធ្វើយុទ្ធនាការ សម្រាប់ការកាត់ពន្ធដារ ហើយនឹងការបញ្ឈប់បទបញ្ជារបស់រដ្ឋាភិបាលខ្លះៗ ទៅលើពាណិជ្ជកម្ម។
ដោយគេមិនរំពឹងថា សមាជិកសភាមកពីគណ:បក្សសាធារណរដ្ឋ នឹងគាទ្រផែនការរបស់លោកប្រធានាធិបតី អ្នកវិភាគខ្លះ រួមមាន លោក ឡារីសាបាតូ (Larry Sabato) នាយកនៃមជ្ឈមណ្ឌលគោលនយោបាយឬ Center for Politics នៅសាកលវិទ្យាល័យ University of Virginia និយាយថាលោកអូបាម៉ា គួរស្នើកញ្ចប់ សំណើ ទូលំទូលាយមួយ៕
ប្រែសម្រួលដោយ កងស៊ីវន