ចំនួន​អ្នកកើត​ជំងឺ​មហារីក​ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​២០៥០

ករណី​ជំងឺ​មហា​រីក​ថ្មីៗ​ ​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​៧៧​ភាគរយ​ដែល​គិតជា​ចំនួន​មនុស្ស​មាន​ដល់​ជាង​៣៥​លាន​នាក់​ក្នុង​ឆ្នាំ២០៥០។

ករណី​ជំងឺ​មហា​រីក​ថ្មីៗ​នឹង​កើនឡើង​៧៧​ភាគរយ​ដែល​គិតជា​ចំនួន​មនុស្ស​មាន​ដល់​ជាង​៣៥​លាន​នាក់​ក្នុង​ឆ្នាំ២០៥០ ពី​ចំនួន​អ្នកជំងឺ​មហារីក​ដែល​គេ​ប៉ាន់ស្មាន​ប្រមាណ​២០​លាន​នាក់​និង​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​៩​លាន​៧​សែន​នាក់​ក្នុង​ឆ្នាំ២០២២ នេះ​បើ​តាម​ទិន្នន័យ​ថ្មីចេញ​ផ្សាយកាលពី​ថ្ងៃទី១ ខែកុម្ភៈ ដោយទីភ្នាក់ងារ​អន្តរជាតិ​ខាង​ការស្រាវជ្រាវ​ជំងឺ​មហារីក (IARC) ដែល​ជា​ទីភ្នាក់ងារខាង​ជំងឺ​មហារីករបស់​អង្គការ​សុខភាព​ពិភពលោក។

របាយការណ៍ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​មុន​ទិវា​ជំងឺ​មហារីកពិភពលោក​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ បាន​ព្យាករណ៍អំពី​កំណើន​ដ៏​ច្រើននៃករណី​ជំងឺ​នេះ​ថា​នឹង​កើតមាននៅ​តំបន់​ដែល​មាន​ការអភិវឌ្ឍ​មនុស្ស​តិចតួច ដែល​ជា​ការវាស់វែងកម្រិត​នៃ​ការអភិវឌ្ឍ​ខាង​សង្គមនិង​ខាងសេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ដោយ​អង្គការ​សហ​ប្រជាជាតិ។

លោក Freddie Bray ជា​នាយក​នៃ​សាខាឃ្លាំមើល​ជំងឺ​មហារីក​នៅទីភ្នាក់ងារ​អន្តរជាតិ​ខាង​ការស្រាវជ្រាវ​ជំងឺ​មហារីក (IARC) បាន​និយាយ​ថា៖ «យើង​រំពឹង​ថា ចំនួន​មនុស្ស​ក្នុង​ពិភពលោក​នឹង​កើន​ឡើង​ពី​៨​ពាន់​លាននាក់​នៅ​ឆ្នាំ២០២២ទៅ​ដល់​ជិត​១០​ពាន់​លាន​នាក់​គឺ​៩.៧០០​លាន​នាក់​មិន​ហួស​ពី​ឆ្នាំ​២០៥០​ទេ ហើយ​ការណ៍​នេះ​នឹង​មាន​ផល​ប៉ះពាល់ធំ​លើ​ចំនួន​ករណី​អ្នកកើត​ជំងឺ​មហារីក​ថ្មីៗ‍។

«អ្នក​នឹង​ឃើញ​មាន​ការកើនឡើង​១៤២​ភាគរយ​នៃ​ករណី​ជំងឺ​មហារីក​ដែល​ត្រូវបាន​ព្យាករណ៍​នៅ​ឆ្នាំ​២០៥០ នៅក្នុង​ប្រទេស​ដែល​ការអភិវឌ្ឍ​មនុស្ស​មាន​កម្រិត​ទាប។ ទាំងនេះ​គឺជា​ប្រទេស​ដែល​មាន​ធនធាន​តិច​ក្នុង​ការគ្រប់គ្រង​ជំងឺ​មហារីក‍» លោក Freddie Bray បាន​និយាយ​ដូចនេះ ដោយ​កត់សម្គាល់​ថា ការស្លាប់​ដោយសារ​ជំងឺ​មហារីក​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ជិត​ទ្វេដង​ក្នុង​ឆ្នាំ២០៥០»។

សេចក្តី​រាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា ថ្នាំជក់ ស្រា និង​ភាពធាត់ ជា​កត្តា​ចម្បង​ដែល​បង្ក​ឱ្យ​មាន​កំណើន​សាកល​នៃ​ជំងឺ​មហារីក ដោយ​ខ្យល់​កខ្វក់​ជា​គ្រោះថ្នាក់​ខាង​បរិស្ថាន​ធំ​មួយ​ផងដែរ។

ការប៉ាន់​ប្រមាណ​ថ្មី​បង្ហាញ​ថា ជំងឺ​មហារីក​សួត គឺជា​ជំងឺ​មហារីក​ដែល​កើត​មាន​ញឹកញាប់​បំផុត​នៅ​ទូទាំង​ពិភពលោក ដោយ​មាន​ករណី​អ្នកជំងឺ​ថ្មី​ចំនួន ២,៥លាន​នាក់​ក្នុង​ឆ្នាំ២០២២។ ជំងឺ​មហារីក​សុដន់​ស្ត្រី​ជាប់​ចំណាត់​ថ្នាក់​ទីពីរ បន្ទាប់មក​គឺ​ជំងឺ​មហារីក​ពោះវៀនធំ ក្រពេញ​ប្រូស្តាត និង​ក្រពះ។

របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ជំងឺ​មហារីក​សុដន់​គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​ស្ត្រី​ស្លាប់​ច្រើន​បំផុត និង​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ច្រើន​បំផុត​ផងដែរ។ រីឯ​ជំងឺ​មហារីក​ដែល​នាំ​ឱ្យ​បុរស​ស្លាប់​ច្រើន​បំផុត​វិញ គឺ​ជំងឺ​មហារីក​សួត។

លោក Bray បាន​សង្កេត​ឃើញ​ថា «បុរស​ម្នាក់​ក្នុង​ចំណោម ៥ នាក់ និង​ស្ត្រី​ម្នាក់ ក្នុង​ចំណោម ៥ នាក់​នឹង​មាន​ការវិវត្ត​ដែល​នាំឱ្យ​កើត​ជំងឺ​មហារីក​នៅ​ក្នុង​មួយ​ជីវិត​របស់​ពួក​គេ ហើយ​ប្រហែល​ជា​បុរស​ម្នាក់​ក្នុង​ចំណោម ៩ នាក់ និង​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​១២​នាក់ ​នឹង​កើត​ជំងឺ​មហារីក ហើយ​ស្លាប់​ដោយសារ​ជំងឺ​នេះ‍»។

ការប៉ាន់ប្រមាណ​ជា​សកល​បង្ហាញ​ពី​វិសមភាព​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​នៃ​ចំនួន​អ្នកកើត​ជំងឺ​មហារីក ដោយ​ប្រជាជន​នៅក្នុង​ប្រទេស​ក្រីក្រ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ប្រឈមនឹង​ហានិភ័យ​ខ្លាំង​បំផុត។ អ្នកស្រី Isabelle Soerjomataram អនុប្រធាន​ផ្នែក​ឃ្លាំមើល​ជំងឺ​មហារីក​នៅ​ទីភ្នាក់ងារ IARC និយាយ​ថា រឿង​នោះ​ជា​ការពិត ជាពិសេស​សម្រាប់​ជំងឺ​មហារីក​សុដន់។

អ្នកស្រី Soerjomataram និយាយ​ថា៖ «‍ស្ត្រី​នៅក្នុង​បណ្តា​ប្រទេស​ដែល​ការអភិវឌ្ឍ​មនុស្ស​មាន​កម្រិត​ទាប ទំនង​ជា​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​មហារីក​សុដន់​៥០​ភាគរយតិច​ជាង​នៅ​ក្នុង​ប្រទេស​ដែល​កា​រអភិវឌ្ឍ​មនុស្ស​មាន​កម្រិត​ខ្ពស់ ក៏ប៉ុន្តែ ពួកគេ​មាន​ហានិភ័យ​ខ្ពស់​ជាងក្នុង​ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ ដោយសារតែ​ការធ្វើ​រោគ​វិនិច្ឆ័យ​យឺត និង​លទ្ធភាព​ទទួល​បាន​ការព្យាបាល​ប្រកប​ដោយ​គុណភាព មិន​មាន​គ្រប់គ្រាន់»។

ការស្ទង់មតិ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅក្នុង​ប្រទេស​ចំនួន​១១៥ បាន​ឱ្យ​ដឹង​ថា ប្រទេស​ភាគច្រើន​មិន​បាន​ផ្តល់​ហិរញ្ញប្បទាន​គ្រប់គ្រាន់​សម្រាប់​ជំងឺ​មហារីក និង​សេវា​ថែទាំ​អ្នកជំងឺ​ដែល​ជា​ផ្នែក​មួយ​នៃ​ការធានា​រ៉ាប់រង​សុខភាព​សកល​នោះ​ទេ ដែល​ស្ថានភាព​នេះ​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់​ប្រជាជន​ក្រីក្រ។

លោក Andre Ilbawi អ្នកដឹកនាំ​ផ្នែក​បច្ចេកទេស​ស្តីពី​ជំងឺ​មហារីក​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា៖ «‍ការចំណាយ​លើ​ការថែទាំ​សុខភាព ជាពិសេស​ទៅលើ​ជំងឺ​មហារីក​កំពុង​កើនឡើង។ បច្ចេកវិជ្ជា​ថ្មី ចំនួន​ប្រជាជន​ដែល​មាន​វ័យ​ចាស់​ និង​មនុស្ស​ដែល​ប្រើ​សេវាកម្ម​ដែល​មាន​ភាពស្មុគស្មាញ មាន​កាន់តែ​ច្រើន ដែល​បាន​ធ្វើឱ្យ​ថវិកា​សម្រាប់​ចំណាយ​ទៅលើ​ផ្នែក​សុខភាព​កាន់តែ​មាន​ភាព​តឹងតែង។ ការបង់ប្រាក់​ព្យាបាល​ដោយ​ផ្ទាល់​របស់​អ្នក​ជំងឺ​មហារីក​គឺ​មាន​កម្រិត​ខ្ពស់ ហើយ​ជារឿយៗ​រុញ​ច្រាន​គ្រួសារ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ»។

លោក Ilbawi បាន​និយាយ​ថា នៅពេល​ដែល​មនុស្ស​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា មាន​ជំងឺ​មហារីក ហើយ​ត្រូវ​បាន​គេ​ប្រាប់​ថា ពួកគេ​ត្រូវតែ​បង់​ថ្លៃ​ព្យាបាល​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​នោះ ពួកគេ​ទំនង​ជា​នឹង​មិន​ស្វែងរក​ជំនួយ ទទួល​ការ​ព្យាបាល និង​ការថែទាំ​ឱ្យ​បាន​ពេញលេញ​នោះ​ទេ។

«‍ការណ៍​នោះ​ធ្វើ​ឱ្យ​អ្នក​ដែល​កើត​ជំងឺ​មហារីក​កាន់តែ​អាច​ស្លាប់ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ជាពិសេស​នៅ​ពេល​ដែល​ចំនួន​នៃ​អ្នក​កើត​ជំងឺ​មហារីក​កើន​ឡើង»។ លោក Ilbawi បាន​និយាយ​ដូច្នេះ ដោយ​កត់សម្គាល់​ថា រដ្ឋាភិបាល​អាច​បំបែក​វដ្ត​នេះ ដោយ​ការវិនិយោគ​លើ​សេវាកម្ម​ព្យាបាល​ជំងឺ​មហារីក។

លោក Ilbawi បាន​និយាយ​បន្ត​ថា៖ «‍ការ​ព្យាបាល​ជំងឺ​មហារីក​មិន​គួរ​មាន​តម្លៃ​ថ្លៃ ហើយ​ក៏​មិន​គួរ​ជា​ជំងឺ​ដែល​ប្រល័យ​ជីវិត​មនុស្ស​នោះ​ដែរ»។

លោក Ilbawi ថ្លែង​ទៀត​ថា៖ «ឥឡូវនេះ គឺ​ជា​ពេល​ដែល​ត្រូវតែ​ផ្តោត​ទៅ​លើ​ជំងឺ​មហារីក។ ឥឡូវនេះ នេះ​ជា​ពេល​ដែល​ត្រូវ​ខិតខំ​ទ្វេ​ដង និង​ធ្វើ​ការវិនិយោគ​នៅ​ក្នុង​ការ​ការពារ និង​គ្រប់គ្រង​ជំងឺ​មហារីក បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ត្រូវ​ដោះស្រាយ​ជាមួយ​នឹង​វិសមភាព​ដែល​អាក្រក់​ជាង​អ្វី​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត»។

អ្នកស្រី Soerjomataram ក៏បាន​សង្កត់​ធ្ងន់​ផងដែរ​ទៅ​លើ​ភាព​បន្ទាន់​នៃ​ការ​វិនិយោគ​ក្នុង​ការបង្ការ​ដើម្បី​ទប់ស្កាត់​ចំនួន​អ្នក​កើតជំងឺ​មហារីក​ក្នុង​ពិភពលោក​ដែល​កំពុង​កើនឡើង និង​វិសមភាព​ជា​សកល​ដោយសារ​ជំងឺ​មហារីក។

អ្នកស្រី Soerjomataram បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «‍ការវិនិយោគ​លើ​ការបង្ការ​ជំងឺ​មហារីក​កំពុង​ក្លាយ​ជា​គន្លឹះ​ដ៏​សំខាន់ ពីព្រោះ​នៅ​ពេល​ដែលជំងឺ​មហារីក​កើត​ឡើង​ហើយ យើង​មិន​អាច​ព្យាបាលវា​បាន​ដោយ​ងាយ​ស្រួល​នោះ​ទេ។ ការព្យាបាល និង​ការផ្តល់​លទ្ធភាព​ទទួល​បាន​ការថែទាំ​មាន​សារៈសំខាន់​ក្នុង​ទប់ស្កាត់​ជំងឺ​មហារីក ដូច្នេះ​នឹង​គ្មាន​នរណា​ម្នាក់​នឹង​រង​ទុក្ខ​ដោយសារ​ជំងឺ​នេះ​ទេ»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ និង​អ្នកស្រី លី ម៉ូរីវ៉ាន់