ស្រីលង្កា​នឹង​សន្សំ​​៥ពាន់​លាន​ដុល្លារ​ពី​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​លើ​បំណុល

ប្រជាជនមើលការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ខណៈប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe ថ្លែងទៅកាន់ប្រជាជាតិនៅទីក្រុងកូឡុំបូ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ស្រីលង្កា​នឹង​សន្សំ​ថវិកា​៥ពាន់លាន​ដុល្លារ​ក្រោយ​ការ​រៀបចំ​រចនា​សម្ព័ន្ធ​បំណុល​ទ្វេ​ភាគី​ឡើងវិញ ដែល​ភាគច្រើន​ជំពាក់​ចិន តាមរយៈ​កាត់បន្ថយ​អត្រា​ការប្រាក់​និង​រយៈ​ពេល​នៃ​ការ​សងវិញ​យូរជាងមុន។ នេះ​បើតាម​ការថ្លែង​របស់​ប្រធានាធិបតី​របស់​នេះ​ កាលពី​ថ្ងៃ​ទី​២ ខែ​កក្កដា។

ប្រទេស​ដែនកោះ​មួយនេះ​បាន​ផ្អាក​បង់​ប្រាក់​លើ​បំណុល​បរទេស​នានា​នៅ​ឆ្នាំ២០២២ ក្នុងអំឡុងពេល​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ២០២២ ដែល​មិនធ្លាប់​មាន​ពីមុនមក ដែល​ធ្វើ​ឱ្យ​ខ្វះ​ស្បៀង​អាហារ ប្រេង និង​ថ្នាំសង្កូវ រាប់​ខែ។

លោកប្រធានាធិបតី Ranil Wickremesinghe បាន​ថ្លែងថា ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​កាលពី​ពីរដើម​ខែ​កក្កដា​នេះ ​បាន​ធានា​ដល់​ការ​ពន្យា​ការ​បង់សង​បំណុល​ដល់​ឆ្នាំ២០២៨ ដោយ​ពន្យារ​រយៈពេល​នៃ​ការ​ខ្ចី​ប្រាក់​ដល់ទៅ​៨ឆ្នាំ​និង​កាត់​បន្ថយ​អត្រា​ការប្រាក់​ឱ្យ​នៅ​ជាមធ្យម​ត្រឹម២,១ ភាគរយ។

លោក​ប្រធានាធិបតី Wickremesinghe បាន​ថ្លែងថា ប្រទេស​ផ្តល់កម្ចី​ទ្វេភាគី​នាំមុខ​ដោយ​ចិន​ ដែលជាប្រទេស​ផ្តល់​កម្ចី​ច្រើន​បំផុត មិន​បាន​ព្រមព្រៀង​លើ​ការ​បន្ថយ​កម្ចី​ពួកគេ​ទេ ប៉ុន្តែ​យល់​ព្រមជួយ​ដល់​ប្រទេស​ស្រីលង្កា។​

លោកប្រធានាធិបតី Wickremesinghe បាន​ប្រាប់​ទៅ​សភា​ក្នុង​សន្ទរកថា​ដំបូង​ចាប់​តាំងពី​មាន​កិច្ច​ព្រមព្រៀង​បំណុល​ថា៖ «ជាមួយនឹង​ការ​រៀបចំ​រចនា​សម្ព័ន្ធឡើងវិញដែល​យើង​បាន​ព្រមព្រៀង​គ្នា យើង​នឹង​សន្សំ​ថវិកា​បាន​៥ពាន់​លាន​ដុល្លារ»។

កម្ចី​មួយចំនួន​របស់​ស្រីលង្កា​ពី​ចិន​មាន​អត្រាការប្រាក់​ខ្ពស់ ដែល​មាន​ដល់​ទៅជិត​៨ភាគរយ បើ​ធៀប​នឹង​ប្រាក់​កម្ចី​ពី​ជប៉ុន ដែល​ជា​ប្រទេស​ផ្តល់​កម្ចី​ច្រើន​ជាង​គេទី​២ គឺ​ការ​ប្រាក់​តិច​ជាង​១ភាគរយ។

ស្រីលង្កា​ក៏បាន​សម្រេច​កិច្ចព្រមព្រៀង​ផ្សេងៗ​គ្នា​ជាមួយ​ចិន​និង​ប្រទេស​ផ្តល់​កម្ចី​ទ្វេភាគី​ដទៃ​ទៀត​រួមមាន​ជប៉ុន បារាំង និង​ឥណ្ឌា។

ប្រទេស​ផ្តល់​កម្ចី​ទេ្វភាគី​មាន​សរុប​២៨,៥​ភាគរយ​នៃ​បំណុល​បរទេស​ដែល​នៅ​សេស​សល់​សរុប​របស់​ស្រីលង្កា​ដែល​មាន​ទឹកប្រាក់​៣៧ពាន់​លាន​ដុល្លារ។ នេះ​បើយោង​តាម​ទិន្នន័យ​ក្រសួង​រតនាគារ​កាលពី​ខែ​មីនា។ តួលេខនេះ​មិនរួម​បញ្ចូល​កម្ចី​ខាងក្រៅ​ដែល​ធានា​ដោយ​រដ្ឋាភិបាល​នោះទេ។

បំណុល​ដែល​ស្រីលង្កា​ជំពាក់​ចិន​មាន​ចំនួន ៤,៦៦​ពាន់​លាន​ដុល្លារ​នៃ​ចំនួន​សរុប​១០,៥៨ ពាន់​លាន​ដុល្លារ​ដែល​ស្រីលង្កា​បាន​ខ្ចី​ពី​ប្រទេស​ដទៃទៀត។

លោកប្រធានាធិបតី Wickremesinghe បាន​ថ្លែងថា លោក​រំពឹងថា​នឹង​បញ្ចប់​ការ​រៀបចំកម្ចី​លក្ខណៈ​ពាណិជ្ជកម្ម​ខាងក្រៅ​ចំនួន ១៤,៧​ពាន់លាន​ដុល្លារ​បន្ថែមទៀត​ក្នុងពេល​ឆាប់ៗ រួមបញ្ចូល​ទាំង​កម្ចី ២,១៨​ពាន់លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​ចិន។

វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ២០២២ របស់​ស្រីលង្កា​បង្ក​ឱ្យ​មាន​បាតុកម្ម​សាធារណៈ​រាប់​ខែ ដែល​ទីបំផុត​បាន​បង្ខំ​ឱ្យ​ប្រធានាធិបតី​កាន់​តំណែង​នាពេល​នោះ​គឺ​លោកGotabaya Rajapaksa លាលែង​ពី​តំណែង​ បន្ទាប់​ពី​ក្រុម​បាតុករ​បាន​សម្រុក​ចូល​វិមាន​ប្រធានាធិបតី​របស់​លោក។

លោក​ប្រធានាធិបតី Wickremesinghe បាន​ថ្លែង​ថា ប្រទេស​របស់​លោក​បាន​ក្ស័យធន​ នៅ​ពេល​លោក​ចូល​កាន់​តំណែង ហើយ​លោក​សង្ឃឹម​ថា ថវិកា​ ២,៩ពាន់​លាន​ដុល្លារ​ដែល​លោក​ធានា​ខ្ចី​បាន​ពី​មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ IMFកាល​ពី​ឆ្នាំមុន​នោះ​ ជា​កញ្ចប់​ថវិកា​សង្គ្រោះ​ចុង​ក្រោយ​របស់​ប្រទេស​នេះ។

​មូលនិធិ IMF ជា​អង្គការ​ផ្តល់​ប្រាក់​កម្ចី​អន្តរជាតិ​ជា​ជម្រើសចុងក្រោយ​បង្អស់ ហើយ​កន្លង​មករដ្ឋាភិបាល​ស្រីលង្កា​បាន​ងាក​ទៅ​រក IMF ចំនួន​១៦​លើក​មក​ហើយ​មុន​នោះ។ ការ​រៀបចំ​រចនា​សម្ព័ន្ធ​បំណុល​ឡើងវិញ​គឺជា​លក្ខខណ្ឌ​មួយ​ដែល​មូលនិធិ IMF ព្រមផ្តល់​ថវិកា​សង្គ្រោះ​នេះ៕

ប្រែសម្រួលដោយ​អ្នកនាង ស្រេង លក្ខិណា